ការសិក្សា​នៅ​មហាវិទ្យាល័យ​ត្រូវការ​ការពិចារណា​ខ្ពស់​ទើប​ជោគជ័យ

ការសិក្សា​នៅ​មហាវិទ្យាល័យ ជា​ជំហាន​ថ្មី​មួយ​ឆ្ពោះទៅរក​ឧត្តមភាព និង​ភាពជា​អ្នក​ដែលមាន​ជំនាញ​ច្បាស់លាស់​មួយ​នៅ​ថ្ងៃ​អនាគត។ សិស្ស​ដែល​ទើបនឹង​បានបញ្ចប់​ការសិក្សា​នៅ​កម្រិត​មធ្យមសិក្សា​ចាំបាច់​ត្រូវ​យកចិត្តទុកដាក់​ឱ្យបាន​ច្បាស់លាស់​លើ​ដំណើរ​ឆ្ពោះទៅកាន់​ភាពជោគជ័យ​តាមរយៈ​ការសម្រេចចិត្ត​ត្រូវ ជ្រើសរើស​ត្រូវ និង​សិក្សា​ត្រូវ។

ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ បានលើកឡើង​នៅក្នុង​ពិព័រណ៍​សាកលវិទ្យាល័យ​ឆ្នាំ 2017 ថា ការសិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ​ត្រូវ​ការឱ្យ​និស្សិត​មានគំនិត​ច្បាស់លាស់​មាន​ឯកសារយោង និង​ការសិក្សា​ស្រាវជ្រាវ​ជាក់លាក់​លើ​អ្វីដែល​ខ្លួន​បាន​សរសេរ ឬ​បានសម្រេច​ឱ្យ​ខ្លាំង​ឡើង។

ឯកឧត្តម អ៊ាង សុផល្លែត មានប្រសាសន៍ថា៖ «យុវជន​ក​កម្ពុជា​ដែល​ត្រៀមខ្លួន​ចូល​មហាវិទ្យាល័យ ត្រូវ​អភិវឌ្ឍ​ខ្លួន​ឱ្យ​ក្លាយជា​មនុស្ស​ដែល​ចេះ​គិតពិចារណា ពិចារណា​លើ​ការរិះគន់ រិះគន់​លើ​ការពិចារណា និង​រិះគន់​លើ​ការរិះគន់»។

ឯកឧត្តម បានលើកឡើង​ផងដែរ​ថា ការដែល​សិស្ស​និស្សិត​ចូលដល់​ថ្នាក់​មហាវិទ្យាល័យ គុណភាព​របស់​ពួកគេ​នឹង​កាន់តែ​កើនឡើង​ខ្លាំង តែ​មុននឹង​សម្រេចចិត្ត​ជ្រើសរើស​ជំនាញ​ណាមួយ សិស្ស​ក៏​គួរតែ​សិក្សា និង​ពិចារណា​ឱ្យបាន​ច្បាស់​ផងដែរ​ពី​ចំណង់​ចំណូលចិត្ត ឧបនិស្ស័យ និង​ទេពកោសល្យ​ពី​កំណើត​របស់ខ្លួន ដើម្បី​ធានាថា យើង​អាច​សិក្សា​លើ​ជំនាញ​ដែល​ត្រឹមត្រូវ។

ការជ្រើសរើស​ជំនាញ ទាមទារ​ឱ្យមាន​ការប្រឹក្សា ការយកចិត្តទុកដាក់ និង​ការផ្តោត​សំខាន់​លើ​ភាពជាក់ស្តែង​នៃ​អាជីព​ការងារ​ដែល​នឹងធ្វើ​នៅ​ថ្ងៃ​អនាគត ដើម្បី​ត្រៀមខ្លួន​ក្លាយជា​ធនធានមនុស្ស​ដែលមាន​តម្លៃ​សម្រាប់​សង្គម និង​ចូលរួមចំណែក​យ៉ាងសកម្ម​ជា​ពលរដ្ឋ​ល្អ​នៅ​គ្រប់​វិស័យ​ក្នុងសង្គម៕

Advertisement