មនុស្ស​ដែល​ខ្វះ​ការអាន អាច​ប្រឈម​បញ្ហា​ក្នុង​ជីវិត​ច្រើនជាង​អ្នក​ដែល​ចូលចិត្ត​អាន

ការអាន​ជា​រឿង​សំខាន់​មួយ​ដែល​មនុស្សម្នាក់ៗគួរ​យកចិត្តទុកដាក់។ ថ្វីដ្បិតតែ​សម័យ​បច្ចុប្បន្ននេះ បច្ចេកវិទ្យា​មាន​ភាពទំនើប ដែល​អាច​ស្តាប់ ទស្សនា​វីដេអូ ឬ​តាម​វិធី​ជាច្រើន​ទៀត​ដើម្បី​ទទួលយក​ចំណេះដឹង​ក៏ដោយ តែ​ជាទូទៅ ការអាន​នៅតែមាន​លក្ខណៈ​ស៊ីជម្រៅ​ជាង ហើយ​មានតម្លៃ​ប្រកបដោយ​គុណភាព​ជីវិត​ខ្ពស់ជាង​ការបញ្ចូល​ព័ត៌មាន​តាមបែប​ផ្សេងទៀត។

អ្នកនិពន្ធ​វ័យក្មេង លោក ឈិន សីហា បាន​លើកឡើងថា ការអាន​អាចធ្វើឱ្យ​មនុស្ស​ទទួលបាន​ពុទ្ធិ​ខ្ពស់​ក្នុងការ​អភិវឌ្ឍ​បញ្ញា​ស្មារតី ដែល​ធ្វើឱ្យ​មនុស្ស​ក្លាយជា​អ្នក​ដែលមាន​ហេតុផល​ល្អ​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រចាំជីវិត។ ម្យ៉ាងវិញទៀត ចំពោះ​រាល់​ការពិភាក្សា ការជជែក​វែកញែកផ្សេងៗក្នុងការ​ទំនាក់ទំនង​របស់​មនុស្ស​ដែល​បាន​អាន​ច្រើន​ក៏មាន​លក្ខណៈ​សន្តិ​ភាពជា​ង​អ្នក​ដែល​មិនសូវ​បាន​អាន​ដែរ។

លោក ឈិន សីហា បាន​និយាយថា៖ « ការមិន​ទម្លាប់​អាន​ស្ទើរតែ​ក្លាយជា​វប្បធម៌​មួយ​របស់​ប្រជាជន​ខ្មែរ​ទូទៅ​មួយចំនួន​ទៅហើយ។ កត្តា​នេះ​បានធ្វើឱ្យ​គុណភាព​នៃ​ការគិត​របស់​ប្រជាជនមាន​ភាពទន់ខ្សោយ​និង​ធ្វើ​សកម្មភាព​អ្វីមួយ​ដោយ​មិនមាន​ហេតុផល​ច្រើន»។

ស្រដៀង​គ្នា​នេះដែរ​អ្នកនិពន្ធ ឡុ​ច ចន្ថា បាន​លើកឡើងថា ជាការ​កត់សម្គាល់​លោក​សង្កេតឃើញថា បុគ្គល​ដែល​មិន​ចូលចិត្ត​អាន ភាគច្រើន​ជា​អ្នក​ចូលចិត្ត​ប្រើ​ហិង្សា ដោយសារតែ​បុគ្គល​ទាំងអស់នោះ​មិនសូវ​បាន​អប់រំ​ខ្លួនឯង។ តែ​សម្រាប់​អ្នក​ដែល​បាន​អាន​ច្រើន​វិញ គឺ​គាត់​អាច​អប់រំ​ផ្លូវចិត្ត​បានល្អ​មានឱកាស​អប់រំ​សីលធម៌​ទទួលយក​ការកែប្រែ​ឥរិយាបថ​ឱ្យ​កាន់តែ​ប្រសើរឡើង ចេះ​គ្រប់គ្រង​ខ្លួនឯង​បានល្អ និង​មាន​ភាពបត់បែន​ក្នុងការ​រស់នៅ។

អ្នកនិពន្ធ​ខាងលើ​បានលើកឡើង​ផងដែរ​ថា បញ្ហា​ចម្បង​នានា​នៅក្នុង​សង្គម​អាច​នឹងត្រូវ​ទប់ស្កាត់បាន​ប្រសិនបើ​ប្រជាជន​ភាគច្រើន​បាន​អាន ហើយ​អប់រំ​ចិត្ត​បានល្អ  តែ​ចំណុច​ប្រឈម​ដែល​យើង​មាន​គឺ​មិនទាន់​មានការ​បំផុស​ការអាន​ឱ្យបាន​គ្រប់គ្រាន់​នៅឡើយ។ ស្ថាប័នរដ្ឋ និង​ឯកជន​មិនទាន់បាន​ផ្សព្វផ្សាយ​ឬ​ណែនាំ​ប្រជាជន​ឱ្យ​ស្គាល់​ពី​តម្លៃ​នៃ​ការអាន ហើយ​ឯកសារ​សម្រាប់​អាន​ទៀតសោត​ក៏​នៅមានកម្រិត​នៅឡើយ។

អ្នកនិពន្ធ​ខាងលើ​បាន​សំណូមពរ​ឱ្យ​ប្រជាជន​ខ្មែរ​គួរ​ព្យាយាម​រក​សៀវភៅ​ណា​ដែល​អាច​ដុសខាត់​ខួរក្បាល​ខ្លួនឯង​ឱ្យមាន​ទស្សនៈ​វែងឆ្ងាយ និង​មានការ​គិត​បាន​ល្អិតល្អន់ ដូចជា​សៀ​ភៅ​ទស្សនវិជ្ជា​ជាដើម។ ប្រជាជន​ខ្មែរ​ក៏​គួរតែ​អាន​ឯកសារ​ទាក់ទង​នឹង​ការអប់រំ​ចិត្តសាស្ត្រ​ដើម្បី​អប់រំ​ចិត្ត​ក្រោធ​ខឹង​របស់ខ្លួន​អប់រំ​ពី​ការដោះស្រាយ​អារម្មណ៍​ស្ត្រេ​ស អប់រំ​សីលធម៌ និង​ការរៀន​រស់នៅ​ជាមួយ​អ្នកដទៃ​ជាដើម​ផងដែរ៕

Advertisement