នឹកស្មាន​មិន​ដល់! ពលករ​ខ្មែរ​នៅ​ថៃ​មាន​ចំនួន​ច្រើនជាង​កម្មករ​ក្នុង​រោងចក្រ​ស្រុក​ខ្មែរ

ភ្នំពេញ៖ ជា​រឿង​មួយ​ដែល​យើង​នឹកស្មាន​មិន​ដល់​ឡើយ ព្រោះ​មកទល់​ឆ្នាំ2017នេះ ពលករ​ខ្មែរ​ដែល​ធ្វើ​ចំណាកស្រុក​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​ទាំង​ស្របច្បាប់ និង​មិន​ស្របច្បាប់​មាន​ចំនួន​ច្រើនជាង​កម្មករ-កម្មការិនី​នៅក្នុង​រោងចក្រ​ក្នុងប្រទេស​ខ្លួនឯង​ទៅទៀត!។

ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​នៅ​ចុង​សប្តាហ៍​នេះ​បាន​ជួប​សំណេះសំណាល​ជាមួយ​ពលករ​ខ្មែរ​នៅក្នុង​ប្រទេស​ថៃ ដោយ​ឯកឧត្តម​បាន​បញ្ជាក់ថា មកទល់​បច្ចុប្បន្ន បងប្អូន​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​មាន​ចំនួន​ជាង1លាន​នាក់ នៅ​ប្រទេស​ជប៉ុន​មាន​ជិត5ពាន់​នាក់ នៅ​កូរ៉េខាងត្បូង​មាន​ជាង5ម៉ឺន​នាក់ ក្នុងនោះ​បងប្អូន​ខ្មែរ​មានគ្រួសារ​ជា​ជនជាតិ​កូរ៉េ 15.000នាក់​ដែលមាន​ចំណូល​សរុប​ជា​មធ្យម​ជិត 2ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ។

ចំនួន​ជាក់ស្តែង​ពលករ​ខ្មែរ​យើង​នៅក្នុង​ប្រទេស​ថៃ​គឺ 1លាន5ម៉ឺន​នាក់ មាន​ប្រាក់​ឈ្នួល​ជាង300បាត​ក្នុង​មួយថ្ងៃ​ដែលមាន​ការងារ​ល្អ ជាការ​ងារ​នៅ​មួយកន្លែង​ដែល​បា​នរក​ចំណូល​ជួយ​គ្រួសារ និង​លើកកម្ពស់​ជីវភាព​គ្រួសារ​ឱ្យ​ល្អប្រសើរ​ឡើង កាត់បន្ថយ​ភាពក្រីក្រ និង​អភិវឌ្ឍ​ភូមិ​ឃុំ​របស់​ពួកគេ បង្កើន​ទំនាក់ទំនង​មិត្តភាព​តាមរយៈ​ការទទួលបាន​មិត្ត​ភ័ក្ដិថ្មីៗ មាន​ប្រយោជន៍​សម្រាប់​សហប្រតិបត្តិកា​រ​មិត្តភាព​ប្រជាជន និង​ប្រជាជន។ ពេល​ត្រឡប់មក​កម្ពុជា​វិញ បងប្អូន​ពលករ​យើង​ទាំងនោះ គឺជា​ធនធានមនុស្ស​ដែលមាន​ជំនាញ​ខ្ពស់​សម្រាប់​កសាង​ប្រទេស​ជា​បន្ត​តាមរយៈ​ជំនាញ​របស់ខ្លួន និង​តាមរយៈ​ការងារ​នៅក្នុង​ស្រុក។

សូមជម្រាបថា មកទល់​បច្ចុប្បន្ន​ក្នុងប្រទេស​កម្ពុ​ជាមាន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​ចំនួន556រោងចក្រ មាន​កម្មករ-កម្មការិនី​ចំនួន65ម៉ឺន​នាក់ ក្នុងនោះ​កម្មការិនី88% និង​ប្រាក់​ឈ្នួល​អប្បបរមា​កើន​ដល់170ដុល្លារ(សម្រាប់​ឆ្នាំ2018) ដោយ​មិន​រួមបញ្ចូល​ប្រាក់​ថ្លៃ​ធ្វើដំណើរ និង​អត្ថប្រយោជន៍ផ្សេងៗចំនួន 17ដុល្លារ​ផង​នោះ បាន​ជួយ​ដល់​អត្រាកំណើន​សេដ្ឋកិច្ច​មាន 7% អត្រា​មានការ​ងារ​ធ្វើ​មាន 99.3%ដែលមាន​ប្រាក់ចំណូល​ប្រហាក់ប្រហែល​នឹង​ប្រាក់ខែ​មន្ត្រីរាជការ​ដែរ គឺ80ម៉ឺន​រៀល៕

Advertisement