កម្ពុជា-សិង្ហ​បុរី ពិភាក្សាគ្នា​ដើម្បី​ត​ភ្ជាប់​ផ្លូវអាកាស​ប្រទេស​ទាំងពីរ

ភ្នំពេញ៖ ដើម្បី​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ដល់​អ្ន​ក​វិនិយោគ ក៍​ដូចជា​ភ្ញៀវទេសចរ រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង នៅ​ព្រឹក​ថ្ងៃទី17 ខែតុលា ឆ្នាំ2017នេះ​ប្រមុខ​ការទូត​កម្ពុជា​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​ប្រមុខ​ការទូត​នៃ​ប្រទេស​សិង្ហ​បុរី​ឯកឧត្តម​បណ្ឌិត វី​វៀន បា​ឡា​គ្រី​ស្ស​ស្នាន រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី ។

នៅក្នុង​ជំនួប​ដ៏​កម្រ​នៅ​ទីស្តីការ​ក្រសួងការបរទេស​កម្ពុជា ប្រមុខ​ការបរទេស​ទាំង​ពីរបាន​ពិភាក្សា និង​យល់ស្រប​ក្នុងការ​ពង្រឹង​បន្ថែម​នូវ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​មួយចំនួន​មានដូចជា ពាណិជ្ជកម្ម ការវិនិយោគ អប់រំ និង​ការអភិវឌ្ឍ​ធនធានមនុស្ស ទេសចរណ៍ វប្បធម៌ ពលកម្ម ការតភ្ជាប់​ផ្លូវអាកាស និង​ការថែទាំ​សុខភាព។

បន្ទាប់ពី​បាន​ពិភាក្សា​យ៉ាង​ស៊ីជម្រៅ​ពេញ​មួយ​ព្រឹក​រួចមក ប្រមុខ​ការទូត​ទាំងពីរ​ប្រទេស បាន​ឯកភាពគ្នា​ក្នុងការ​ពង្រឹង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ឱ្យបាន​កាន់តែ​ប្រសើរឡើង ពិសេស​នឹង​ជំរុញ​ឱ្យ​វិនិយោគិន​សិង្ហ​បុរី​ចូលមក​វិនិយោគ​នៅ​កម្ពុជា​កាន់តែច្រើន។

ជាមួយគ្នានេះ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន និង​ឯកឧត្តម​បណ្ឌិត វី​វៀន បា​ឡា​គ្រី​ស្ស​ស្នាន បាន​អញ្ជើញ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងការបរទេស​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី ស្តីពី​ការពិគ្រោះ​យោបល់​ផ្នែក​នយោបាយ។

គួរ​រំឭក​ដែរ​ថា ចាប់តាំងពី​ការភ្ជាប់​ទំនាក់ទំនង​ការទូត​នៅ​ឆ្នាំ1965មក ប្រទេស​ទាំងពី​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ​តាមរយៈ​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​កម្រិត​ខ្ពស់ និង​កំណើន​ពាណិជ្ជកម្ម​ទៅវិញទៅមក​គួរឱ្យកត់សម្គាល់​ទាំង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ក្នុង​តំបន់៕

Advertisement