Liverpool លត់ Maribor ចាស់ដៃ ខណៈ Spurs ផ្តល់​ការខកចិត្ត​ដល់ Real

លោក Jurgen Klopp បាន​បញ្ជាក់ថា វា​ពិតជា​រឿង​ដ៏​ល្អ​ណាស់​ក្នុង​ការបង្កើត​ប្រវត្តិសាស្ត្រ ក្រោយពី​ក្រុម​ហង្ស​ក្រហម Liverpool របស់លោក​បាន​លត់​ក្រុម Maribor របស់​ស្លូ​វេ​នី យ៉ាង​ចាស់ដៃ ដើម្បី​កត់ត្រា​ជ័យជម្នះ​ក្រៅ​ទឹកដី​ដ៏​ធំ​បំផុត​របស់​ក្រុម​អង់គ្លេស​មួយ​នេះ ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប។

ខ្សែប្រយុទ្ធ Roberto Firmino និង Mohamed Salah សុទ្ធសឹង​បាន​ស៊ុត​បាល់​បញ្ចូល​ទី2គ្រាប់​ដូចគ្នា ដើម្បី​ជួយ​ឲ្យ​ក្រុម​របស់ខ្លួន​លត់​ក្រុម Maribor យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល 7-០ ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Champions League កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ។ ក្រោយពី​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ​ក្នុង​ការប្រកួត​បើកឆាក​ទាំងពីរ​លើករ​បស់​ពួកគេ និង​ការធ្លាក់ចុះ​ទម្រង់​លេង​ក្នុង​ក្របខ័ណ្ឌ Premier League ក្រុម Liverpool បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ស្លូ​វេ​នី ជាមួយនឹង​ការរិះគន់​ជាច្រើន​ទាក់ទង​នឹង​ការទិញចូល​កីឡាករ​ថ្មី​របស់លោក Klopp និង​បច្ចេកទេស​រៀបចំ​ក្រុម​របស់លោក។

ជ័យជម្នះ​នេះ បាន​បំបែក​កំណត់ត្រា​នៃ​ការ​ឈ្នះ​ក្រៅ​ទឹកដី 6-០ របស់​ក្រុម Leeds United លើ​ក្រុម​ន័​រ​វែ​ស Lyn កាលពី​ខែតុលា ឆ្នាំ1969 និង​ក្រុម Manchester United លើ​ក្រុម​អៀរ​ឡង់ Shamrock Rovers កាលពី​ខែកញ្ញា ឆ្នាំ1957។ លោក Klopp បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​ត្រូវបាន​គេ​បញ្ជាក់ប្រាប់​ពី​កំណត់ត្រា​នេះ បន្ទាប់ពី​ចប់​ការប្រកួត ហើយ​ខ្ញុំ​មិនបាន​ដឹង​មុន​ឡើយ។ ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​នៃ​ក្លិប​នេះ អាច​រំឭក​ដល់​រឿងរ៉ាវចាស់ៗ ហេតុនេះ វា​ពិតជា​ល្អ​ណាស់​ក្នុង​ការបង្កើត​ប្រវត្តិសាស្ត្រ​ដ៏​ល្អ​មួយ​របស់​យើង»។

ស្របពេល​ជាមួយគ្នានេះ ខ្សែប្រយុទ្ធ Cristiano Ronaldo បាន​ស៊ុត​បាល់​បញ្ចូល​ទី1គ្រាប់​ពី​ចំណុច11ម៉ែត្រ ប៉ុន្តែ​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក Real Madrid ត្រឹមតែ​អាច​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ 1-1 ប៉ុណ្ណោះ​នៅលើ​ទឹកដី​ខ្លួនឯង​ពេល​ជួប​ក្រុម Tottenham Hotspur ក្នុង​ក្របខ័ណ្ឌ Champions League កាលពី​ថ្ងៃ​អង្គារ។ ការធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួនឯង​របស់​ខ្សែការពារ Raphael Varane បាន​ជួយ​ឲ្យ​ក្រុម​មាន់​ខ្នាយ​មាស Spurs មាន​គ្រាប់​បាល់​នាំមុខ​នៅ​នាទី​ទី28 នា​កីឡដ្ឋាន Bernabeu ប៉ុន្តែ Ronaldo បាន​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​ចូល​ទី​យ៉ាង​ល្អ​នៅ​ជិត​បញ្ចប់​តង់​ទី1 ក្រោយពី​មានការ​ប្រព្រឹត្ត​កំហុស​របស់​ខ្សែការពារ Spurs ទៅលើ​ខ្សែបម្រើ Toni Kroos៕

ប្រភពពី៖ BBC

Advertisement