អ្នកធ្វើដំណើរ​តាម​យន្តហោះ​នៅ​កម្ពុជា​កើនឡើង​ខ្លាំង​នៅ​ត្រីមាស​ទី3

ភ្នំពេញ៖ ដោយ​ឈរលើ​កំណើនសេដ្ឋកិច្ច​រឹងមាំ​ក្នុង​រង្វង់7%ជា​រៀងរាល់ឆ្នាំ​ក្នុង​រយៈពេល2ទសវត្សរ៍​ចុងក្រោយ បានធ្វើឱ្យ​អ្នកវិនិយោគ​ក៏​ដូចជា​អ្នកទេសចរ​កម្ពុជា​ធ្វើដំណើរ​តាម​ជើងយន្តហោះ​មានការ​កើនឡើង​ខ្លាំង​នៅ​ត្រីមាស​ទី3 ឆ្នាំ2017នេះ។

តាម​ការ​ឱ្យដឹងពី​ក្រុមហ៊ុន Vinci Airports ដែលជា​ក្រុមហ៊ុនមេ​របស់​ក្រុមហ៊ុន Cambodia Airports បាន​បង្ហាញថា ចំនួន​អ្នកទេសចរ និង​អ្នកវិនិយោគ​ដែល​ធ្វើដំណើរ​តាម​ព្រលានយន្តហោះ​អន្តរជាតិ​ទាំង3របស់​កម្ពុជា​មានការ​កើនឡើង​ប្រមាណ​ជា25.7 % គិត​ត្រឹម​ត្រីមាស​ទី3 បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2016។

របាយការណ៍​របស់​ក្រុមហ៊ុន Vinci បាន​បង្ហាញថា អ្នកធ្វើដំណើរ​តាម​ព្រលានយន្តហោះ​អន្តរជាតិ​ទាំង3របស់​កម្ពុ​ជាមាន​ចំនួន​កើនឡើង​យ៉ាងខ្លាំង​ក្នុងអំឡុង​ត្រីមាស​ដំបូង​ក្នុងឆ្នាំនេះ ដោយ​ចំនួន​នេះ​បើ​គិត​ជា​ភាគរយ គឺ​បាន​កើនឡើង​ដល់ 25.7% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

ក្នុង​ចំនួន​នេះ ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ទទួលបាន​អ្នកដំណើរ​ឆ្លងកាត់24.5% ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប 21.8% និង​ព្រលានយន្តហោះ​អន្តរជាតិ​ក្រុងព្រះសីហនុ កើនឡើង16.2%។

លោក ខែ​ក នរិន្ទ​ដា នាយក​ផ្នែក​ទំនាក់ទំនង​នៅ​ក្រុមហ៊ុន Cambodia Airports បាន​ប្រាប់​អ្នកយកព័ត៌មាន​រដ្ឋ(AKP)ឱ្យដឹងថា ការកើនឡើង​នៃ​ចំនួន​អ្នកដំណើរ​ឆ្លងកាត់​ព្រលានយន្តហោះ​ទាំងបី​របស់​កម្ពុជា​នាពេល​នេះ បានមកពី​កត្តារួម​ផ្សំគ្នា​រវាង​ស្ថានភាព​សេដ្ឋកិច្ច និង​កំណើន​អ្នកដំណើរ​ដ៏​រឹងមាំ​របស់​កម្ពុជា​ដែល​នៅតែ​បន្ត​កើនឡើង​ក៏ដូចជា​ការបើក​ជើងហោះហើ​រថ្មីៗបន្ថែម​ពី​ប្រទេសផ្សេងៗមកកាន់​កម្ពុជា​ផងដែរ គួបផ្សំ​ជាមួយនឹង​ការធ្វើដំណើរ​តាមផ្លូវ​អាកាស​របស់​ពិភពលោក និង​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​នៅតែ​បន្ត​បង្ហាញ​សញ្ញា​កើនឡើង។ លោក​បាន​បន្ដថា អាកាសចរណ៍​កម្ពុជា​បាន​ដើរតួនាទី​ដ៏​សំខាន់​ក្នុងការ​លើកកម្ពស់​វិស័យ​ទេសចរណ៍ និង​សេដ្ឋកិច្ច ដែល​វា​មិន​គ្រាន់តែ​ទាក់ទាញ​ការមកដល់​នៃ​ភ្ញៀវទេសចរ​អន្តរជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ទាក់ទាញ​ទេសចរ​ក្នុងស្រុក​ផងដែរ។

សូមបញ្ជាក់ថា Vinci Airports ដែលជា​ក្រុមហ៊ុនមេ​របស់​ក្រុមហ៊ុន Cambodia Airports កំពុង​គ្រប់គ្រង​ភាគហ៊ុន70% លើ​ការវិនិយោគ​រួមគ្នា​ដែល​កំពុង​ប្រតិបត្តិការ​នៅ​ព្រលានយន្តហោះ អន្តរជាតិ​ទាំង 3 របស់​ប្រទេស​កម្ពុជា ហើយ​ក្រុមហ៊ុន​នេះ​ក៏​កំពុង​វិនិយោគ​លើទឹក​ប្រាក់100 លាន​ដុល្លារ​បន្ថែម​ក្នុងការ​បង្កើន​សមត្ថភាព​ព្រលានយន្តហោះ​ភ្នំពេញ និង​សៀមរាប​ដើម្បី​ទទួលបាន​អ្នកដំណើរ​សរុប10លាន​នាក់​ក្នុង​មួយឆ្នាំ៕

Advertisement