បញ្ញា សិទ្ធ បញ្ជាក់ថា ការស្លាប់​របស់​អ្នកនាង សាន ស្រី​ឡៃ មិន​ពាក់ព័ន្ធ​នឹង​ខ្លួន​ទេ

នៅ​ថ្ងៃទី17 ខែតុលា ឆ្នាំ2017 តារាចម្រៀង និង​សម្ដែង បញ្ញា សិទ្ធ បាន​ចេញមុខ​បកស្រាយ​ជា​វីដេអូ Live នៅលើ​បណ្ដាញ​ទំនាក់ទំនង​សង្គម Facebook អំពី​រឿង​ការចោទប្រកាន់​ពី​សំណាក់​មជ្ឈដ្ឋាន​មហាជន​ថា លោក​មាន​ទំនាក់ទំនង​ស្នេហា​ស៊ីជម្រៅ​ជាមួយ​អ្នកនាង សាន ស្រី​ឡៃ ដែលជា​មូលហេតុ​បង្ក​ឱ្យ​ភ្លើង​ប្រចណ្ឌ​ឆាបឆេះ​ឡើង រហូតដល់​មានការ​បាញ់សម្លាប់​យ៉ាង​រន្ធត់ និង​សង្វេគ​មួយ​នេះ។

តាមរយៈ​វីដេអូ​ដែល​បាន Live នៅវេលា​ម៉ោង 8:53 នាទី​ពេលយប់ លោក បញ្ញា សិទ្ធ បាន​បញ្ជាក់ថា “អ្នក​ទាំងអស់គ្នា ក៏ដូចជា​បណ្ដា​សារព័ត៌​មាន​ដែរ តើ​មាន​ដឹង​រឿង​ខ្ញុំ​ច្បាស់​ឬ​អត់ ដែល​បាន​ចោទប្រកាន់ថា ខ្ញុំ​មាន​ទំនាក់ទំនង​ជាមួយ​ប្អូនស្រី សាន ស្រី​ឡៃ តើ​មាន​ដឹង​រឿង​ច្បាស់​អត់?!  ជាពិសេស​អ្នក​ដែល​បាន Share និង Comment ថាឱ្យ​ខ្ញុំ​ជាមួយ​ប្អូនស្រី សាន ស្រី​ឡៃ តើ​មាន​ដឹង​រឿង​ច្បាស់​ឬ​អត់?!” ។ តារា​ប្រុស​រូបនេះ​បាន​អះអាងថា លោក​ជាមួយនឹង​អ្នកនាង សាន ស្រី​ឡៃ ព្រមទាំង​តារាចម្រៀង​ជាច្រើនរូប​ទៀត​គឺជា​ជា​មិត្ត​រួម​អាជីព ដែល​បម្រើការ​ច្រៀង​នៅក្នុង​ក្លិប​រាត្រី​មួយ ហើយ​បាន​រាប់អាន​ស្និទ្ធស្នាល​នឹង​គ្នា​ដូចជា​បងប្អូន​បង្កើត ដែល​សូម្បីតែ​ម្ដាយ បងប្អូន​ស្រី​របស់​ស្រី​ឡៃ និង​មិត្ត​ភ័ក្ដិ​ជាច្រើន​ទៀត​នៅក្នុង​ចង្កោម​សិល្បៈ​ក៏បាន​ដឹង​ច្បាស់​អំពី​រឿងនេះ​ផងដែរ។

យ៉ាងណាមិញ តារា​ប្រុស​ស្រស់​សង្ហា​រូបនេះ​បាន​សង្កត់ធ្ងន់ថា រឿង​ដែល​ចោទប្រកាន់​នេះ ពោលគឺ​បាន​ប៉ះពាល់ និង​មាន​បញ្ហា​ដល់​រូបលោក​ជាខ្លាំង ព្រោះថា លោក​ភ័យខ្លាច​បងប្អូន​ខាង​អតីត​ស្វាមី​របស់ សាន ស្រី​ឡៃ យល់ច្រឡំ​ចំពោះ​រូបលោក ខណៈដែល​បានឃើញ​បណ្ដា​សារព័ត៌​មានបាន​ចុះផ្សាយ​អំពី​លោក និង​អ្នកនាង​សាន ស្រី​ឡៃ​យ៉ាង​ដូច្នោះ។ លោក សិទ្ធ អះអាងថា “បើ ស្រី​ឡៃ គាត់​នៅរស់ ហើយ​មានរឿង​ហ្នឹង​កើតឡើង​គាត់​អាច​បកស្រាយ​បាន ក៏ប៉ុន្ដែ​ឥឡូវនេះ គាត់​ទទួលមរណភាព​ទៅហើយ តើ​អ្នកណា​គេ​ជា​អ្នកបកស្រាយ?”។

ជា​ចុងក្រោយ លោក បញ្ញា សិទ្ធ បាន​លើក​ម្រាមដៃ​ដប់​សំពះ និង​អំពាវនាវ​ថា “ខ្ញុំ​សូមឱ្យ​បណ្ដា​សារព័ត៌មាន​ទាំងអស់​នៅក្នុង​ប្រទេស​របស់​យើង មុននឹង​ចុះផ្សាយ​សូម​ទូរស័ព្ទ​មក​សួរ​ខ្ញុំ​ជាមុនសិន សូមឱ្យ​ខ្ញុំ​បាន​បកស្រាយ​ខ្លះ កុំ​ចេះតែ​សរសេរ​តាម​គ្នា”។ ដើម្បីឱ្យ​កាន់តែ​ជាក់ច្បាស់ សូម​ទស្សនា​វីដេអូ​បកស្រាយ​ខាងក្រោម​នេះ៕

Advertisement