ប្រទេស​ណាខ្លះ​ដែល​អនុគ្រោះ​ពន្ធ​នាំ​ទំនិញ​ចេញពី​កម្ពុជា?     

ភ្នំពេញ៖ ទំនិញសំខាន់ៗរបស់​កម្ពុជា​សម្រាប់​នាំ​ចេញទៅ​លក់​នៅក្រៅ​ប្រទេស​រួមមាន ផលិតផល​វាយ​ន​ភណ្ឌ និង​សម្លៀកបំពាក់ គ្រឿង​អេឡិចត្រូនិក និង​គ្រឿងបន្លាស់​រថយន្ត កង់ ស្រូវ អង្ករ ដំឡូង​មី គ្រាប់ស្វាយចន្ទី ម្រេច ស្ករ ជ័រកៅស៊ូ ផលិតផល​នេសាទ និង​ផលិតផល​កសិកម្ម​ដទៃ​ទៀត។

បើទោះបី​កម្ពុជា​នៅ​មិនទាន់​ទទួលបាន​ការអនុគ្រោះ​ពន្ធ100%ពី​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ក៏ដោយ ក៍​ប៉ុន្តែ​ប្រទេស​ទាំង​នោះបាន​អនុគ្រោះ​ពន្ធ​ជាច្រើន​ដល់​ការ​នាំចូល​ទំនិញ​ពី​កម្ពុជា​ផងដែរ ក្នុងនោះ​មានដូចជា ប្រទេស​អូស្ត្រាលី ណូ​វ៉ែល​ហ្សេ​ឡង់ ន័​រ​វែ​ស និង​ស្វ៊ី​ស បានផ្តល់​នូវ​ការអនុគ្រោះ​ពន្ធ​ទូទៅ​ចំនួន100% សហគមន៍​អ៊ឺរ៉ុប​បានផ្តល់​ចំនួន 99% កាណាដា 98.6% ជប៉ុន 97.7% ចិន 97% ហើយ​សហរដ្ឋអាមេរិក​បានផ្តល់​ត្រឹមតែ 82.6% ប៉ុណ្ណោះ។

ដើម្បី​ភ្ជាប់​ទំនាក់ទំនង​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​ប្រសើរ នៅ​ព្រឹក​ថ្ងៃទី17 ម្សិលមិញ ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​បានរៀបចំ​កិច្ចប្រជុំ​ថ្នាក់​តំបន់ (អាស៊ី​ប៉ាស៊ីហ្វិក និង​កា​រ៊ី​បៀ​ន) ដោយមាន​តំណាង​អង្គការសហប្រជាជាតិ និង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO)ចូលរួម​ផងដែរ។

កិច្ចប្រជុំ​នេះ​ក៏មាន​ការចូលរួម​ពី​ប្រតិភូ​មកពី​បណ្តា​ប្រទេស​ជា​សមាជិក​អង្គការ OIF រួមមាន បារាំង ប៉េ​ណាំង វៀតណាម ហៃ​ទី និង​ឡាវ ព្រមទាំង​តំណាង​អង្គការ​ជាតិ និង​អន្តរជាតិ​នានា ក្នុង​គោលបំណង​ពិភាក្សា និង​ពិគ្រោះ​យោបល់​អំពី​កាលានុវត្តភាព បញ្ហា​ប្រឈម និង​ដំណោះស្រាយ​លើ​បញ្ហា​នានា ដូចជា ការលើកស្ទួយ​ផលិតផល​ធ្វើ​ពី​កប្បាស វិស័យ​ជលផល គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​មិន​កំណត់​ពន្ធគយ និង​បរិមាណ​ដែល​មិនទាន់បាន​ដោះស្រាយ​រួចស្រេច​ក្នុង​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី11 នៅពេល​ខាងមុខ។

លោក សា​អ៊ី​ដ អ៊ែ​ល ហា​ជី​មី (Said El HACHIMI) ទីប្រឹក្សា​ផ្នែក​ព័ត៌មាន និង​ទំនាក់ទំនង​ខាងក្រៅ​ប្រទេស​របស់​អង្គការ WTO បាន​ថ្លែង​ក្នុង​សន្និសីទ​នោះ​ថា ក្នុង​ពិភពលោក​ដែល​ប្រកបដោយ​ចីរភាព​មិន​ប្រាកដប្រជា ភាសា​បារាំង​ជា​ផ្នែក​មួយ​នៃ​កម្លាំងចលករ​ក្នុងការ​ជំរុញ​បណ្តា​ប្រទេស​សមាជិក​អង្គការ​WTO ឱ្យបាន​ដើរតួនាទី​ជា​យុទ្ធសាស្ត្រ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី លើ​វិស័យ​បរិស្ថាន ពាណិជ្ជកម្ម និង​បញ្ហាផ្សេងៗទៀត រវាង​ប្រទេស​អភិវឌ្ឍន៍ ប្រទេស​កំពុងអភិវឌ្ឍន៍ និង​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅក្នុង​ពិភពលោក។ ហើយ​បញ្ហា​ទាក់ទង​វិស័យ​កសិកម្ម បច្ចេកវិទ្យា យានយន្ត និង​ការធ្វើ​ពាណិជ្ជកម្ម ផលិតផល​អេឡិចត្រូនិក សហគ្រាស​ធុន​តូច និង​មធ្យម នឹងត្រូវ​លើកយក​ទៅ​ពិភាក្សា​បន្តទៀត​នៅ​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី11 ក្រោម​ក្របខ័ណ្ឌ​អង្គការ​WTO នៅ​ប្រទេស​អា​ហ្ស​ង់​ទីន នៅ​ចុងឆ្នាំ2017នេះ៕

Advertisement