ឈ្មួញកណ្តាល​រកបាន​ប្រាក់​រាប់រយ​ដុល្លារ​ពី​ការ​ចេញទៅ​ធ្វើការ​ស្របច្បាប់​នៅ​បរទេស

ធនាគារពិភពលោក (World Bank) កាលពីពេលថ្មីៗនេះ​បាន​ផ្សព្វផ្សាយ​របាយការណ៍​ស្រាវជ្រាវ​ថ្មី​មួយ ដែលមាន​ចំណងជើង​ថា «ការធ្វើ​ចំណាកស្រុក​ដើម្បី​ស្វែងរក​ឱកាស» ដោយបាន​បង្ហាញ​ពី​តួលេខ​នៃ​ការធ្វើ​ចំណាកស្រុក​របស់​ប្រជាជន​នៅក្នុង​តំបន់​អាស៊ាន ដែលមាន​និន្នាការ​កើន​ឡើងជា​បន្តបន្ទាប់​ចាប់តាំងពី​ឆ្នាំ1995 មក​ដើម្បី​ស្វែងរក​ឱកាស​ការងារ។

បើទោះបីជា​ក្នុង​របាយការណ៍​នោះ មិនបាន​បង្ហាញ​តួលេខ​ជាក់លាក់​អំពី​ចំនួន​ពលករ​ខ្មែរ​ក៏ដោយ ក៏​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​មួយ​នេះ​បាន​គូសបញ្ជាក់​នូវ​បញ្ហា​មួយចំនួន​ដែល​ពលករ​ចំណាកស្រុក​របស់​កម្ពុជា កំពុង​ជួបប្រទះ​មានដូចជា ការពឹង​ផ្អែកលើ​ភ្នាក់ងារ​ជ្រើសរើស​ពលករ ឬ​ឈ្មួញកណ្តាល​ដើម្បី​ទទួលបាន​ឱកាស​ចេញទៅ​ក្រៅប្រទេស ដែល​ធ្វើឱ្យ​ការចំណាយ​របស់​ពួកគេ​ស្ថិតក្នុង​កម្រិត​មួយ​ខ្ពស់។

ធនាគារពិភពលោក បានឱ្យដឹងថា ព័ត៌មាន​មិន​ស៊ីមេទ្រី​គ្នា​បានកើត​មាននៅ​ក្នុងចំណោម​ពលករ​ចំណាកស្រុក ភ្នាក់ងារ​ជ្រើសរើស និង​និយោជក។ នៅ​ប្រទេស​ថៃ តម្លៃ​ដែល​ឈ្មួញកណ្តាល​ទទួលបាន​គឺ​ច្រើនជាង​រាប់រយ​ដុល្លារ​សម្រាប់​ពលករ​ចំណាកស្រុក​ដែល​មកពី​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ ដែល​ជ្រើសរើស​ការធ្វើ​ចំណាកស្រុក​ផ្លូវការ។

ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​នេះ​បាន​ឱ្យដឹងទៀតថា អ្នកមាន​អាជីព​ជាក់លាក់​ធ្វើ​ចំណាកស្រុក​តែ 5%ប៉ុណ្ណោះ​នៃ​ពលករ​សរុប​ក្នុង​តំបន់​អាស៊ាន។ មានការ​ងារ​ដែល​ទទួល​បាន​ប្រាក់ខែខ្ពស់ៗត្រូវការ​អ្នកធ្វើ ប៉ុន្តែ​ពលករ​ជាច្រើន​ជានិច្ចកាល​គ្មាន​លទ្ធភាព​ឆក់យក​អត្ថប្រយោជន៍​ពី​ឱកាស​ទាំងនេះ ឬ​ការងារ​បែបនេះ​ឡើយ។

សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ចាប់ផ្តើម​សម្របសម្រួល​ដល់​បន្លាស់​ទី​ពលកម្ម​ហើយ ប៉ុន្តែ​បទ​ប្បញ្ញត្តិ​ជាច្រើន គឺ​គ្រប់​ដណ្តប់​ទៅលើ​អ្នកមាន​មុខរបរ​ជាក់​លាក់​ដូចជា វេជ្ជបណ្ឌិត វិស្វករ ស្ថាបត្យករ គណនេយ្យករ និង​អ្នក​អាជីព​ផ្នែក​ទេសចរណ៍ ដែល​ស្មើនឹង 5%ប៉ុណ្ណោះ​នៃ​ការងារ​នៅក្នុង​តំបន់។

ធនាគារពិភពលោក បាន​រកឃើញថា ពលករ​ចំណាកស្រុក​នៃ​ប្រទេស​អាស៊ាន​មាន​ជំនាញ​ទាប និង​ភាគច្រើន​គ្មាន​លិខិតស្នាម​ត្រឹមត្រូវ បានធ្វើ​បន្លាស់​ទី​ដើម្បី​ស្វែងរក​ឱកាស​សេដ្ឋកិច្ច ភាគច្រើន​ក្នុង​វិស័យ​សំណង់ ដាំ​ដុះ និង​ការងារ​បម្រើ​តាម​ផ្ទះ។ ការធ្វើ​ចំណាកស្រុក​បាន​នាំមក​នូវ​ផ្លែផ្កា​យ៉ាងច្រើន​ដល់​ការលូតលាស់​ផ្នែក​សេដ្ឋកិច្ច ប៉ុន្តែ​ក៏​នៅមាន​បញ្ហា​ជាច្រើន​ទៀត​ដែល​ត្រូវ​ដោះស្រាយ​ដើម្បី​ជួយ​បង្កើន​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​ឱ្យមាន​និរន្តរភាព​ផងដែរ ព្រោះ​ពលករ​ចំណាកស្រុក​ច្រើន​លើសលប់​រហូតដល់95% ជា​ពលករ​ចំណាកស្រុក​ដែល​មិន​ត្រឹមត្រូវ​តាមច្បាប់​នោះទេ។

លោក Sudhir Shetty ប្រធាន​សេដ្ឋកិច្ចវិទូ​របស់​ធនា​គារ​ពិភពលោក​ប្រចាំ​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​តាមរយៈ​វីដេអូ​ពី​ប្រទេស​សិង្ហ​បុរី មក​ថា ជាមួយនឹង​ការជ្រើសរើស​គោលនយោបាយ​ដ៏​ត្រឹមត្រូវ ប្រទេស​បញ្ជូន​ពលករ​ចេញ អាច​ទទួលបាន​អត្ថប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​នៃ​ការធ្វើ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស​ស្រប​ពេលដែល​មានការ​គាំពារ​ពលករ ចំណាកស្រុក​ដែល​ជ្រើសរើស​ទៅធ្វើ​ការ​ក្រៅប្រទេស។

លោក​បញ្ជាក់ថា៖ “ប្រទេស​ទទួលយក​ពល​ករ​ពលករ​បរទេស​អាចបំពេញ​កង្វះខាត​ក​ម្លាំ​ង​ពលកម្ម និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​និរន្តរភាព បើសិន​គោលនយោបាយ​ទេស​ន្ត​ប្រវេសន៍ (ពលករ​ឆ្លងដែន​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ) ដើរ​ស្របគ្នា​ជាមួយ​តម្រូវការ​ផ្នែក​សេដ្ឋកិច្ច។ គោលនយោបាយ​មិន​សមស្រប និង​ស្ថាប័ន​មិនមាន​ប្រសិទ្ធិភាព​មានន័យថា តំបន់​នេះ​កំពុង​បាត់បង់​ឱកាស​ទទួលបាន​ប្រយោជន៍​ដ៏​ពេញលេញ​ពី​ទេស​ន្ត​ប្រវេសន៍​នេះ។

ការធ្វើ​ចំណាកស្រុក​នៅក្នុង​តំបន់​អាស៊ាន​បាន​កើនឡើង​គួរឱ្យកត់សម្គាល់ ដោយ​ក្នុង​រយៈពេល 20ឆ្នាំ(ឆ្នាំ1995-2015) កន្លងមកនេះ​បានប្រែក្លាយ​ប្រទេស​ម៉ាឡេស៊ី សិង្ហ​បុរី និង​ថៃ ទៅជា​កន្លែង​សម្រាប់​ពលករ​ចំណាកស្រុក​ចំនួន​ប្រមាណ 6.5លាន​នាក់​រស់នៅ​តំបន់​នេះ គឺ​ស្មើនឹង96%នៃ​ពលករ​ចំណាកស្រុក​នៅក្នុង​តំបន់​អាស៊ាន​ទាំងមូល។ ប្រាក់​ដែល​ពលករ​ផ្ញើ​ទៅកាន់​ប្រទេស​កំណើត​របស់ខ្លួន នៅក្នុង​តំបន់​អាស៊ាន មាន​ប្រមាណ62ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ2015។ ប្រាក់​ដែល​ផ្ញើ​ពី​ក្រៅប្រទេស​របស់​ប្រជា​ពលករ​ខ្មែរ​នៅក្នុង​តំបន់​អាស៊ាន​នេះ​ស្មើនឹង3%នៃ​ផលិតផល​ក្នុងស្រុក​សរុប។

ធនាគារពិភពលោក ក៏បាន​មើលឃើញថា ជាទូទៅ​នីតិវិធី​ទេស​ន្ត​ប្រវេសន៍​នៅ​ទូទាំង​តំបន់​អាស៊ាន​នៅមានកម្រិត​នៅឡើយ។ របាំង​ជាច្រើន​ដូចជា​ដំណើរការ​នៃ​ការជ្រើសរើស​ពលករ​ដែ​ល​ត្រូវ​ចំណាយ​ខ្ពស់ និង​ប្រើ​រយៈពេល​វេលា​យូរ កូតា​ដែលមាន​លក្ខណៈ​រឹតត្បិត​លើ​ចំនួន​ពលករ​បរទេស​ដែល​បានអនុញ្ញាត​នៅក្នុង​ស្រុក និង​គោលនយោបាយ​ការងារ​តឹងរឹង បាន​កំហិត​ជម្រើស​ការងារ​របស់​ក​ម្មករ​និង​ធ្វើឱ្យប៉ះពាល់​ដល់​សុខុមាលភាព។ គោលនយោបាយ​ដែលមាន​លក្ខណៈ​រឹតត្បិត ជា​ផ្នែក​មួយ​ទទួលរង​ឥទ្ធិពល​ពី​ការយល់ឃើញថា ការហូរចូល​នៃ​ពលករ​ចំណាកស្រុក និង​មាន​ផលប៉ះពាល់​អវិជ្ជមាន​ទៅលើ​សេដ្ឋកិច្ច​របស់​ប្រទេស​ទទួល​ពលករ៕

Advertisement