ការបង្កើត​ម៉ាក​សញ្ញា​ដោយ​ខ្លួនឯង គឺជា​ការលើក​គុណ​តម្លៃ​សម្រាប់​ប្រជាជន​ខ្មែរ

មាន​ពាក្យ​មួយ​ឃ្លា​បាន​លើកឡើងថា បើ​អ្នក​មិន​ចង់​ភ្លក្ស​រសជាតិ​បរាជ័យ អ្នកនឹង​គ្មាន​ថ្ងៃ​ស្គាល់​រសជាតិ​នៃ​ភាពជោគជ័យ​ឡើយ។ មិន​ខុសពី​ពាក្យ​មួយ​ឃ្លា​ខាងលើ លោក ហែម ហេ​ម៉ា មុននឹង​ក្លាយជា​ម្ចាស់​អាជីវកម្ម​បោក​អ៊ុត​ទំនើប យក្សា​បោក​អ៊ុត និង​យក្សា​កាហ្វេ លោក​ក៏​ធ្លាប់​ជួប​ភាពបរាជ័យ​រាប់មិនអស់​ផងដែរ។

ទោះបីជា​យ៉ាងណា​អាជីវកម្មធំៗរបស់លោក​ត្រូវបាន​គេ​មើលឃើញថា សុទ្ធតែ​ជាការ​សាង​ម៉ាក​សញ្ញា​ដោយ​ខ្លួនឯង​ទាំងអស់។ ដើម្បី​ដឹង​ច្បាស់​ពី​គន្លឹះសំខាន់ៗក្នុងការ​បង្កើត​អាជីវកម្ម​ទាំងអស់នេះ កាលពីពេលថ្មីៗនេះ អ្នកយកសារព័ត៌មាន​ ឡា​រ៉ែ​ន ពាណិជ្ជ បាន​ជួប​សម្ភាសន៍​ជាមួយ​លោក ហែម ហេ​ម៉ា ដើម្បីឱ្យ​លោក​ចែករំលែក​នូវ​បទពិសោធល្អៗដល់​អ្នក​ដែលមាន​បំណង់​ចង់​បង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន៖

 

តើ​លោក​ចាប់ផ្ដើម​បង្កើត​អាជីវកម្ម​តាំងពី​ពេលណា​មក?

ខ្ញុំ​ចាប់ផ្តើម​ចេះ​ធ្វើ​សកម្មភាព​ទិញ​លក់​តាំងពី​នៅ​វ័យក្មេង​មកម្ល៉េះ ដោយ​ពេលនោះ​ខ្ញុំ​គឺជា​ក្មេង​លក់​គ្រាប់ខ្នុរ​ស្ងោរ​ក្នុង​សាលារៀន ដើម្បី​យក​ថវិកា​ខ្លះទៅ​ជួយ​ដោះស្រាយ​ជីវភាព​គ្រួសារ។ ពេល​ធំ​ពេញវ័យ ខ្ញុំ​បាន​ឆ្លងកាត់​ជីវិត​នៃ​ការធ្វើ​អាជីវកម្ម​ជាច្រើនលើក ហើយក៏​ត្រូវ​ជួប​ភាពបរាជ័យ​មិនតិច​ដែរ តែ​ទោះបីជា​យ៉ាងណា​ខ្ញុំ​នៅតែ​ប្រឹង​ធ្វើ​វា​ម្តង​ហើយ​ម្តងទៀត ដោយមាន​ពេលខ្លះ​ខ្ញុំ​បាន​ចូល​ហ៊ុន​ជាមួយ​គេ ឬ​ខ្ចីលុយ​គេ​ធ្វើជា​ដើមទុន​តែម្តង។ ដោយសារ​ការតាំងចិត្ដ​មាន​ភាព​មុត​ស្រួច បានធ្វើឱ្យ​ខ្ញុំ​ប្រឹង​ដើរទៅ​មុខ​ដោយ​មិន​រារែក​ឡើយ។

រហូតមកដល់​ពេលនេះ តើ​អាជីវកម្ម​របស់​លោកមា​ន​ប៉ុន្មាន? អាជីវកម្ម​ដំបូង​ជា​អ្វី? តើ​ទទួលបាន​លទ្ធផល​បែបណា?

អាជីវកម្ម​ដំបូង​របស់ខ្ញុំ គឺ​បើក​អ៊ី​ធឺ​ណែ​ត​កាហ្វេ។ ខ្ញុំ​បានចាប់ផ្តើម​ក្នុង​ឆ្នាំ2000 ប៉ុន្តែ​បានត្រឹមតែ1ឆ្នាំ​ប៉ុណ្ណោះ​ក៏ត្រូវ​បរាជ័យ​ទៅវិញ។ នៅ​ឆ្នាំ2001 ខ្ញុំ​បានចាប់ផ្តើម​រកស៊ី​លក់​កុំព្យូទ័រ​ដើម្បី​យកលុយ​ទៅ​ចូល​ហ៊ុន​គ្នា​បើក​សាលាបង្រៀន​ភាសា​ជប៉ុន បាន​រយៈពេល 2ឆ្នាំ​ក៏ត្រូវ​ម្ចាស់ផ្ទះ​យក​ទីតាំង​វិញ។ ក្រោយមក​ខ្ញុំ​បានសម្រេច​ចិ​ត្ដទៅ​ធ្វើការ​ឱ្យគេ​វិញ ដោយ​ក្នុងអំឡុង​ពេលនោះ​ខ្ញុំ​បាន​បើក​រោង​ពុម្ព​តូច​មួយ​ដំណើរការបាន​រយៈពេល4ឆ្នាំ ក្រោយមក​ខ្ញុំ​ក៏បាន​លក់​ចេញ​ទៅវិញ ព្រោះ​ខ្ញុំ​ត្រូវ​ទៅ​រៀបការ និង​រស់នៅ​ខេត្តសៀមរាប។ នៅ​ថ្ងៃទី06 ខែមិថុនា ឆ្នាំ2006 ខ្ញុំ​ក៏​សម្រេចចិត្ត​បើកហាង​បោក​អ៊ុត​ក្រោម​ការគ្រប់គ្រង និង​ចូល​ហ៊ុន​គ្នា​ជាមួយ​ប្អូនស្រី។

នៅ​ឆ្នាំ2007 ខ្ញុំ​បាន​រៀបការ និង​ចាប់ផ្តើម​មុខរបរ​លក់ និង​ជួសជុល​ទូរស័ព្ទ ព្រមទាំង​បញ្ចូល​បទ​ភ្លេង​នៅក្នុង​ខេត្តសៀមរាប តែ​មុខរបរ​នេះ​ត្រូវ​បរាជ័យ​ដោយសារតែ​ដើមទុន​តិច ខណៈ​ការចំណាយ​ច្រើន ម្យ៉ាងទៀត​បទពិសោធរ​ក​ស៊ី​លើ​ជំនាញ​នេះ​នៅ​ថ្មីថ្មោង​ពេក។

បន្ទាប់ពី​នោះមក​ខ្ញុំ​ក៏បាន​ចាប់ផ្តើម​ចេញ​រក​ស៊ី​លើ​វិស័យ​ដីធ្លី និង​បញ្ចាំ ដោយ​ប្រើ​ដើមទុន​របស់​អ្នកដទៃ និង​កម្ចី​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។ នៅ​ឆ្នាំ 2008 ដោយសារ​មហា​វិបត្តិ​សេដ្ឋកិច្ចពិភពលោក ខ្ញុំ​ត្រូវ​ធ្លាក់ខ្លួន​ជំពាក់​ប្រាក់​គេ​ក្នុង​រង្វង់20ម៉ឺន​ដុល្លារ ហើយ​សូម្បីតែ​កន្លែង​រស់នៅ​ស្ទើរតែ​គ្មាន​ផង។ នៅពេលនោះ​បងប្រុស​ទី6 របស់ខ្ញុំ​បានប្រគល់​ម៉ាស៊ីន​បោកគក់​ជជុះ1គ្រឿង​ឱ្យ​ខ្ញុំ ដែល​ខ្ញុំ​ត្រូវ​ចំណាយ​ប្រាក់​ជួសជុល​បន្ថែម​ទើប​អាច​ប្រើ​បាន។ នៅ​ឆ្នាំ 2010 ខ្ញុំ​ក៏បាន​ចាប់ផ្តើម​មុខរបរ​បោក​អ៊ុត​ជាថ្មី​ឡើងវិញ។ ពេល​ដំបូង​ខ្ញុំ​មិន​នឹកស្មានថា មុខរបរ​នេះ​វា​អាច​បន្ដបាន​រហូតដល់​សព្វថ្ងៃ​ទេ។ ដោយសារ​មុខរបរ ខ្ញុំ​អាច​សងបំណុល​គេ​រួច​អស់​ត្រឹមតែ​រយៈពេល​តែ2ឆ្នាំ​ប៉ុណ្ណោះ។

តើ​លោក​ធ្លាប់បាន​ទិញ​ពាណិជ្ជ​នាម​មកពី​បរទេស​ដែរ ឬទេ?

ខ្ញុំ​មិន​ធ្លាប់​ទិញ​ពាណិជ្ជ​នាម​ពី​បរទេស​ទេ ប៉ុន្ដែ​ធ្លាប់មាន​ការសហការ​ជាមួយ​បរទេស ព្រោះ​ជាគោលការណ៍​ខ្ញុំ គឺ​មិន​ចង់​ទិញ​ផលិតផល​បរទេស​ទេ តែ​ខ្ញុំ​ចូលចិត្ត​សិក្សា​ពី​គុណ​សម្បត្ដិ​នៃ​ផលិតផល​បរទេស។ មូលហេតុ​ខ្ញុំ​មិន​ចង់​ទិញ​ពាណិជ្ជ​នាម​ពី​បរទេស ព្រោះ​ខ្ញុំ​ជឿថា​ប្រជាជន​ខ្មែរ​ពូកែ ខ្មែរ​ជា​ពូជ​អ្នក​កសាង​អង្គរវត្ដ ដូច្នេះ​គ្រាន់តែ​អាជីវកម្ម​មួយ​យើង​ក៏​អាចធ្វើ​បានដែរ។ បន្ទាប់ពី​ទៅធ្វើ​ទស្សនកិច្ច​ជាង 15ប្រទេស​នៅលើ​ពិភពលោក​រួចមក ខ្ញុំ​យល់ថា​យើង​អាច​ធ្វើបាន​ទាំងអស់ ប្រសិនបើ​យើង​ប្រមូលផ្ដុំ​គំនិត និង​កម្លាំង​របស់​ប្រជាជន​ខ្មែរ​មក​ធ្វើ យើង​នឹង​អាចធ្វើ​ការងារ​បានល្អ​ជា​ង​ប្រទេស​ដទៃ​ថែម​ទៀតផង។ ក្រៅពីនេះ​ជា​មហិច្ឆតា​របស់ខ្ញុំ គឺ​ចង់​បង្កើត​ពាណិជ្ជ​នាម ដោយ​ខ្លួនឯង​ឱ្យ​ល្បី ហើយ​យើង​នឹង​លក់​ឱ្យ​ប្រទេស​គេ​វិញ។

តើ​មាន​ភាពខុសគ្នា​ដូចម្ដេច​រវាង​ការបង្កើត​ពាណិជ្ជ​នាម​ថ្មី​ដោយ​ខ្លួនឯង និង​ការទិញ​ពាណិជ្ជ​នាម​របស់គេ?

ត្រង់ចំណុច​នេះ​ខ្ញុំ​ចង់​និយាយប្រាប់​អ្នក​ទាំងអស់គ្នា​ថា ខ្ញុំ​ចង់ឱ្យ​ខ្មែរ​យើង​បង្កើត​នូវ​ម៉ាក​សញ្ញា​ដោយ​ខ្លួនឯង ព្រោះ​នៅពេល​ម៉ាក​សញ្ញា​យើង​ល្បី​វា​ក៏​ចូលរួម​ផ្សព្វផ្សាយ​ពី​ភាពល្បីល្បាញ​របស់​ខ្មែរ​ដែរ។ ចូល​មកដល់​ចំណុច​នេះ​ខ្ញុំ​ចង់​ពន្យល់​ពី​ចំណុច​មួយចំនួន​នៃ​ការទិញ​ស្រាប់ និង​អ្វីដែល​សាង​ឡើង​ដោយ​ខ្លួនឯង៖

1.ទិញ​ស្រាប់ៈ អាច​និយាយថា​មាន​ភាពងាយស្រួល (រូបមន្ត​មាន​ស្រាប់ ទីផ្សារ​មាន​ស្រាប់ មាន​ភាពល្បីល្បាញ​គេ​ស្គាល់​ហើយ​ទើប​យើង​ទិញ​មក​អ៊ីចឹង​យើង​មិនចាំបាច់​ចំណាយ​ថវិកា​ទៅលើ​ការផ្សព្វផ្សាយ​ច្រើន មិន​ចំណាយពេល​ក្នុងការ​ពន្យល់​ទៅកាន់​អតិថិជន​ឡើយ។ ឧទាហរណ៍ ទូរស័ព្ទ iPhone ជាដើម គេ​មិនចាំបាច់​ចំណាយ​ក្នុង​ផ្សព្វផ្សាយ​ទេ​នៅពេល​វា​ចេញលក់​លើ​ទីផ្សារ​គេ​បានទទួល​ស្គាល់​នូវ​គុណ​តម្លៃ​របស់​វា​រួចទៅហើយ គេ​នឹង​ដឹងថា តម្លៃ​របស់​វា​ស្ថិតនៅ​ត្រង់ណា? គុណភាព​គុណភាព​ដូចម្ដេច?

2.សាងៈ លំបាក​គ្រប់យ៉ាង (តម្រូវឱ្យ​យើង​គិតពី​តម្រូវការ​របស់​អតិថិជន ទីផ្សារ ការផ្សព្វផ្សាយ​ម៉ាក​សញ្ញា រូបមន្ត និង​ចំណុច​ជាច្រើនផ្សេងៗទៀត ពិសេស​បច្ចុប្បន្ន​ពុំ​សូវ​មាន​អ្នកគាំទ្រ​នូវ​ផលិតផល​ថ្មី​ទេ ដូច្នេះ​យើង​ត្រូវ​ប្រើ​ពេលវេលា​យូរ​ទំរាំ​គេ​ស្គាល់​ម៉ាក​សញ្ញា​របស់​យើង។ ឧទាហរណ៍ យក្សា​កាហ្វេ​គឺជា​ែ​ប្រ៊​ន​ដ៍​ថ្មី​មួយ​ដែល​ខ្ញុំ​បាន​បង្កើត​វា​កាលពីពេលថ្មីៗនេះ។ ខ្ញុំ​ត្រូវ​ការប្រើ​ពេលវេលា​យូរ​ក្នុងការ​ផ្សព្វផ្សាយ​ដើម្បីឱ្យ​សាធារណជន​បាន​ស្គាល់។ ទោះបីជា​កាហ្វេ​យើង​ឆ្ងាញ់​ដល់​កម្រិត​ណាក៏ដោយ គឺ​យើង​ត្រូវតែ​ប្រើ​ថាមពល​ច្រើន​ក្នុងការ​បង្កើត​រូបមន្ត​សម្រាប់ កាហ្វេ តែ​ទឹកដោះគោ​សូ​ដា និង​នំ ចំណែក​ពេលវេលា និង​ថវិកា​សម្រាប់​ក្នុងការ​ស្រាវជ្រាវ​គឺ​ត្រូវមាន​ចំនួន​ច្រើន​ផងដែរ។

នេះ​បញ្ជាក់​ឱ្យឃើញថា ែ​ប្រ៊​ន​ដ៍ដែល​យើង​សាង​មាន​ភាពលំបាក តែបើ​យើង​ធ្វើ​ដោយ​ភាព​រីករាយ និង​ធ្វើឱ្យ​ក្លាយជា​ទម្លាប់​នោះ​យើង​នឹងមិន​មានការ​នឿយហត់ ឬ​ធុញទ្រាន់​ឡើយ តែបើ​យើង​ធ្វើ​ដើម្បី​តម្រូវ​តែ​ប្រាក់​នោះ​យើង​ពិបាក​ក្នុងការ​សាង​ម៉ាក​យីហោ​ខ្លួនឯង​ណាស់។

នៅពេល​សាង​ពាណិជ្ជ​នាមខ្លួន​ឯង​តើ​លោក​ត្រូវ​មើលទៅ​លើក​ក្ដា និង​ឈរលើ​មូលដ្ឋាន​អ្វីខ្លះ?

ដើម្បី​សាង​ទៅលើ​ម៉ាក​សញ្ញា​ដោយ​ខ្លួនឯង យើង​ត្រូវ​ឈរលើ​មូលដ្ឋាន​មួយចំនួន​ដូចជា៖

1.ការកំណត់​ឈ្មោះ : ងាយស្រួល​សរសេរ ងាយស្រួល​ចាំ និង​អាច​បញ្ជាក់​អំពី​អាជីវកម្ម​របស់ខ្លួន​តែម្តង មិនមែន​គ្រាន់តែ​ឈ្មោះ​ពីរោះ​តែ​ពិបាក​សរ-សេរ និង​ពិបាក​មើល ពិបាក​ចង់ចាំ​នោះទេ។

2.តម្លៃ : ត្រូវ​ចេះ​កំណត់​តម្លៃ​នៃ​ទំនិញ​ចូលទៅក្នុង​ទីផ្សារ ត្រូវ​ស្របទៅតាម​រូបមន្ត​របស់​យើង ប៉ុន្ដែ​មិនត្រូវ​ដាក់​តម្លៃ​វា​ឱ្យ​ថ្លៃ​ខ្ពស់​ពេក ឬ​ទាប​ជាង​តម្លៃ​ដើម​នោះទេ ព្រោះ​វា​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​អតិ​ថិ​ជន​របស់​យើង។

3.ការកំណត់​គោលដៅ : ត្រូវ​រៀបចំ​ផែន​នៃ​ការកំណត់​គោលដៅ​ដែល​យើង​ចង់ទៅ ហើយ​យើង​មិនអាច​ប្រែប្រួល​គោលដៅ​ទេ តែ​យើង​អាច​ប្រែប្រួល​យុទ្ធសាស្ត្រ​ក្នុងការ​ធ្វើ​ដើម្បី​សម្រេច​គោលដៅ។

ឧទាហរណ៍​យើង​កំណត់​គោលដៅ​ថា “បើកហាង​កាហ្វេ​យក្សា” គឺ​យើង​មិនមែន​ប្រែប្រួល​ឈប់​បើកហាង​កាហ្វេ​នោះទេ តែ​យើង​ប្រែប្រួល​យុទ្ធសាស្ត្រ​របស់​យើង​តម្រូវ​ទៅតាម​អតិថិជន​ដែល​ពួកគាត់​ចង់បាន​ភាពស្រស់ស្អាត អនាម័យ ឬ​ទៅតាម​តម្រូវការ​របស់​ក្មេង មនុស្ស​ចាស់ តែ​យក្សា​កាហ្វេ​នៅតែ​រក្សា​ពាក្យ “យក្សា​កាហ្វេ” ដដែល ដោយ​បន្ថែមបន្ថយ​តែ​តម្រូវការ​បន្ដិចបន្ដួច​ប៉ុណ្ណោះ។

4.ការចំណាយ​ពេលវេលា : ត្រូវ​ចំណាយ​ពេលវេលា​ឱ្យបាន​ច្រើន​នៅ​ខាងក្រៅ​ជាមួយ​គ្រូ​របស់​យើង(តុ​កាហ្វេ អតិថិជន និង​អ្នក​ដែលមាន​ជំនាញ)ព្រោះ​យើង​ត្រូវការ​កែកុន​ដើម្បីឱ្យ​កាន់តែ​ប្រសើរ​អាច​តម្រូវ​តាម​គ្រប់​ស្ថានការណ៍ និង​របត់​របស់​អតិថិជន ដូចនេះហើយ​ទើប​ខ្ញុំ​និយាយថា ការចំណាយ​ពេល បើសិន​យើង​បូជា​ខ្លួន​សម្រាប់​អាជីវកម្ម​មួយ​ហ្នឹង វា​ប្រាកដជា​ហុច​ផល​ដ៏​ល្អ​ឱ្យមក​យើង​វិញ​ជាមិនខាន។ ចង់​សាង​ម៉ាក​សញ្ញា​ថ្មី​មួយ​ត្រូវ​ប្រើ​ពេលវេលា​ទាំងអស់​នៅ​ជាមួយ​វា ប្រៀបដូចជា​យើង​លេង​ហ្គេម​អ៊ីចឹង បើ​យើង​លេង​មិន​ឈ្នះ​វា យើង​ត្រូវ​លេង​វា​ម្តងទៀត នោះ​យើង​នឹង​រកឃើញ​នូវ​ចំណុច​ខ្វះខាត​ដែល​យើង​មាន​ពីមុនមក ហើយ​ហ្គេម​នោះ​យើង​នឹង​អាច​សម្រេច​នូវ​វគ្គនីមួយៗហើយ​វគ្គថ្មីៗវា​នឹង​កើតមាន​បន្តទៀត។

5.ការផ្សព្វផ្សាយ : ការផ្សព្វផ្សាយ​គឺជា​ការចំណាយ​ដ៏​ធំ​សម្រាប់​ការធ្វើឱ្យ​អតិថិជន​មានការ​ចងចាំ​ម៉ាក​សញ្ញា​របស់​យើង។ យើង​គួរ​ធ្វើ​អ្វីដែល​ចាំបាច់​ត្រូវ​ធ្វើឱ្យ​អតិថិជន​អាច​នឹកឃើញ​ចង់​ប្រើប្រាស់​នូវ​សេវា​ដែលជា​ម៉ាក​សញ្ញា​របស់​យើង។ ឧទាហរណ៍ ហាង​កាហ្វេ​យើង​គួរតែ​ធ្វើ​បណ្តោង​សោរ ព្រោះ​នៅពេល​គេ​ជិះ​ម៉ូតូ ឬ​រថយន្ដ​គេ​នឹង​ឃើញ​ហើយ​ចេញដំណើរ​មករក​កន្លែង​យើង​តែម្តង។

តើ​យើង​អាច​យក​អ្វី​ទៅ​វាស់​ស្ទង់​ការគាំទ្រ​ពាណិជ្ជ​នាម​របស់​យើង?

យើង​ចង់​វាស់​ស្ទង់​នូវ​ម៉ាក​សញ្ញា​របស់​យើង ដើម្បី​ឱ្យដឹង​នោះ​គឺ​យើង​អាចធ្វើ​បាន​ដោយ​ប្រើ​វិធី​សាមញ្ញ​មួយចំនួន​ដូចជា៖

  1. សាកសួរ​ក្រុមមនុស្ស​ដែល​គេ​ធ្លាប់​ឃើញ​របស់​យើង
  2. ប្រមើលមើល​នូវ​ការបើក​បន្ត​នូវ​ម៉ាក​សញ្ញា​របស់​យើង
  3. សង្កេតមើល​តាមរយៈ​បណ្ដាញ​ផ្សព្វផ្សាយ​លើ​ប្រព័ន្ធ​ព័ត៌មាន​ក្នុងនាម​លោក​ជា​ម្ចាស់​អាជីវកម្ម​ដែល​បង្កើតពាណិជ្ជ​នាម​ខ្លួនឯង តើ​លោក​ត្រូវធ្វើ​សកម្មភាព​អ្វីខ្លះ​ជាមួយ​អតិថិជន ឬ​សាធារណជន?

ក្នុងនាម​ជា​ម្ចាស់​អាជីវកម្ម​ដែល​បង្កើត​ម៉ាក​សញ្ញា​ដោយ​ខ្លួនឯង ខ្ញុំ​តែង​រក​គំនិត​ដែលប្លែកៗសម្រាប់​អតិថិជន​គោលដៅ​របស់ខ្ញុំ ដូចជា ហាង​បោក​អ៊ុត​ទំនើប ខ្ញុំ​បាន​បង្កើត​សេវាកម្ម​លឿន​រហ័ស​សម្រាប់​អតិថិជន​ដែល​គ្មាន​ពេលវេលា​នៃ​ការរង់ចាំ​ត្រឹមតែ30នាទី​រួចជាស្រេច។ សម្រាប់​យក្សា​បោក​អ៊ុត អ្នក​ដែល​មិនទាន់មាន​គ្រួសារ​ក៏​អាច​បើក​បាន ដោយ​មិន​គិត​លើ​ថ្លៃ​ម៉ាក​យីហោ​មួយជីវិត​ថែមទៀត។

ចំណែក យក្សា​កាហ្វេ យើង​បាន​ព្យាយាម​ផ្សព្វផ្សាយ​ទៅកាន់​អតិថិជន ហើយ​ខ្ញុំ​មាន​ដៃគូ​ជាច្រើន​ដើម្បី​ជួយ​ផ្សព្វផ្សាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ។ មាន​ទស្សនៈ​ខ្លះ​លើកឡើងថា យុវជន​ភាគច្រើន​ចង់​ទទួលបាន​សេវាកម្ម​ពី​កន្លែង ឬ​ហាងល្បីៗមកពី​បរទេស​ដើម្បី​បង្ហាញ​ពី​ជីវិត​ស៊ី​វិ​ល័យ​របស់​ពួកគេ។

តើ​លោក​យល់​ដូចម្ដេច​ចំពោះ​ការលើកឡើង​នេះ?

ទស្សនៈ​នេះ​ពិតជា​ត្រឹមត្រូវ ព្រោះ​នៅពេល​មាន​អ្វីមួយ​ប្លែក​ភ្នែក ប្លែក​ត្រចៀក​មនុស្ស​តែងតែ​ចាប់អារម្មណ៍​ចង់ឃើញ ចង់​ស្តាប់ ដូច្នេះ​ការលើកឡើង​ថា យុវជន​បច្ចុប្បន្ន​ចូល​ចិ​ត្ដ​ប្រែ​៊​ន​ដ៍​បរទេស គឺជា​ការត្រឹមត្រូវ។ ទោះយ៉ាងណា​បច្ចុប្បន្ន​យុវជន​យើង​ក៏មាន​អ្នក​ចូលចិត្ត​ប្រែ​៊​ន​ដ៍​ខ្មែរ​ដែរ ព្រោះ​ខ្មែរ​យើង​បានធ្វើ​ទំនើបកម្ម​សម្រាប់​សេវាកម្ម ផលិតផលផ្សេងៗ ដើម្បី​តម្រូវ​ទៅតាម​អារម្មណ៍​អតិថិជន​តាមរយៈ​ការ​គួបផ្សំ​គំនិត​ខ្មែរ បូក​ជាមួយ​គំនិត​បរទេស ធ្វើឱ្យ​ផលិតផល​យើង​កាន់តែ​ចាប់អារម្មណ៍​ថែម​មួយកម្រិត​ទៀត។ ពីមុន​យើង​គ្មាន​ប្រព័ន្ធ​បច្ចេកវិទ្យា​ដែល​អាច​ទំនាក់ទំនង​នៅ​ខាងក្រៅ​បាន តែ​ពេលនេះ​យើង​អាច​ធ្វើបាន។

ជា​ទស្សនៈ​របស់លោក តើ​យុវជន​ដែល​ទើប​ចាប់ផ្ដើម​អាជីវកម្ម​ថ្មី គួរតែ​សាង​ពាណិជ្ជ​នាម​ដោយ​ខ្លួនឯង ឬ​ទិញ​គេ​មក​ស្រាប់?

តាម​ទស្សនៈ​របស់ខ្ញុំ យុវជនក្មេងៗគួរតែ​ចាប់ផ្តើម​សាង​អាជីវកម្ម ឬ​បង្កើត​ពាណិជ្ជ​នាម​ដោយ​ខ្លួនឯង ព្រោះ​ពួកគេ​នៅមាន​ពេលវេលា​ច្រើន​សម្រាប់​រៀន​ពី​កំហុស និង​គួរតែ​ធ្វើឱ្យបាន​ពិតប្រាកដ​នូវ​គោលដៅ​ដែល​ខ្លួន​ស្រឡាញ់។ ខ្ញុំ​សូម​ផ្តាំ​ថា “បើ​ស្រឡាញ់​ប្រាក់​តែមួយ​មុខ អ្នក​ពិបាក​ក្នុងការ​កសាង​ម៉ាក​យីហោ​ណាស់ ព្រោះអ្វីៗទាំងអស់​ត្រូវ​ចំណាយ និង​ត្រូវ​រង់ចាំ​ពេលវេលា​យូរ​ថែមទៀត។ ការ​សាង​ពាណិជ្ជសញ្ញា​ដោយ​ខ្លួនឯង គឺជា​ការ​សាង​គុណ​តម្លៃ​សម្រាប់​ប្រជាជន​ខ្មែរ​យើង ព្រោះ​ខ្ញុំ​យល់ថា​បច្ចុប្បន្ន​មាន​អ្នកមាន​ទ្រព្យសម្បត្ដិ​ជាច្រើន​នៅក្នុង​ស្រុក​ខ្មែរ​ពួកគាត់​ក្រៅពី​ប្រឹងប្រែង​បង្កើត​លុយ​ហើយ​នោះ គាត់​ក៏​ចង់បង្ហាញ​ពី​ស្នាដៃ​របស់ខ្លួន​ទៅកាន់​ឆាក​អន្ដរជាតិ​ថា“ខ្មែរ​អាចធ្វើ​បាន។

ដើម្បី​បញ្ជាក់​ភាពស្មោះត្រង់​របស់​ម៉ាក​សញ្ញា​យើង និង​កសាង​ទំនុកចិត្ត​ថា​យើង​ប្លែក​ពី​គេ​ប៉ុនណា​សូមកុំ​ព្យាយាម​ចម្លង​ពី​គេ ត្រូវ​ព្យាយាម​បង្កើត​ថ្មី​ហើយ​កុំ​ព្យាយាម​គិត​អវិជ្ជមាន ព្រោះ​វា​នឹងធ្វើ​ឱ្យ​ម៉ាក​សញ្ញា​របស់​អ្នកដើរ​ទៅរក​ផ្លូវខុស។ មនុស្ស​មាន​ពេលវេលា​ក្នុង​ការគិត​ដូចគ្នា​តែ​អាស្រ័យទៅលើ​ខ្លួន​យើង​ជា​អ្នក​សាង​អ្នក​ចង់​បានល្អ ត្រូវ​និយាយ​ល្អ ដូចជា​ឪពុក​ខ្ញុំ​ជា​គ្រូបង្រៀន​នៅ​សាលា ខ្ញុំ​ចង់​ក្លាយជា​គ្រូបង្រៀន​អាជីវកម្ម ព្រោះ​ខ្ញុំ​មួយជីវិត​នេះ​ដាក់ខ្លួន​នៅក្នុង​ពិភព​អាជីវកម្ម ពាណិជ្ជកម្ម ខ្ញុំ​ព្យាយាម​ចែករំលែក​មិនដែល​ស្តាយស្រណោះ​ពេលវេលា​ខ្ញុំ​ទេ ដើម្បីឱ្យ​អ្នក​ទាំងអស់គ្នា​ចងចាំ​ខ្ញុំ នេះ​វា​ជា​ភាព​រីករាយ​របស់ខ្ញុំ។

លោក ហែម ហេ​ម៉ា បច្ចុប្បន្ន​មាន​អាយុ38ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ធំ និង​មាន​បងប្អូន 9នាក់។ លោក​ជា​កូន​ទី7 នៃ​គ្រួសារ​ដែលមាន​ឪពុក​ឈ្មោះ ហែម សា​មេ​ត ជា​គ្រូបង្រៀន និង​ម្តាយ​ឈ្មោះ ហេង ហ៊ាង ជា​អតីត​អ្នករកស៊ី​លក់ដូរ​នៅក្នុង​ផ្សារ។ លោក​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោកស្រី ឡុង ស៊ី​ចាន់ ក្នុង​ឆ្នាំ2007 ហើយ​សព្វថ្ងៃនេះ​មានកូន​ស្រី​ចំនួន 2នាក់៕

Advertisement