តារា​ឆ្នើម​ទាំង 3របស់ PSG រកបាន​គ្រាប់​បាល់​ដូចគ្នា ខណៈ Barca បន្ត​ឈ្នះ

ខ្សែប្រយុទ្ធ​ដ៏​មុត​ស្រួច​ទាំង 3របស់​ក្រុម Paris St Germain សុទ្ធសឹង​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​ដូចគ្នា នៅពេលដែល​ក្រុម​ជើង​ខ្លាំង​របស់​បារាំង​មួយ​នេះ​បាន​កត់ត្រា​ជ័យជម្នះ​យ៉ាង​កក់ក្តៅ​ក្នុង​លទ្ធផល 4-0 លើ​ក្រុម​ម្ចាស់ផ្ទះ Anderlecht ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Champions League ពូ​ល B របស់​ពួកគេ​កាលពី​ថ្ងៃ​ពុធ។

ខ្សែប្រយុទ្ធ Kylian Mbappe, Edinson Cavani និង Neymar ដែល​សុទ្ធសឹង​ជា​តារា​ឆ្នើម​មានតម្លៃ​ខ្លួន​ខ្ពស់កប់ពពក​នោះ​សុទ្ធតែ​រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​ទាំងអស់ ស្រប​ពេលដែល Angel Di Maria បាន​បន្ថែម​គ្រាប់​បាល់​ទី4នៅពេល​ជិត​បញ្ចប់​ការប្រកួត ដើម្បី​ជួយ​ឲ្យ​ក្រុម​របស់​ពួកគេ​រក្សា​កំណត់ត្រា​ឈ្នះ100ភាគរយ​ក្នុង​ការប្រកួត​វគ្គ​ចែក​ពូ​ល​នេះ ពោលគឺ​ឈ្នះ3លើក​ពី​ការប្រកួត​ទាំង3លើក។

បច្ចុប្បន្ន ពួកគេ​កំពុង​តែមាន9ពិន្ទុ ដោយ​នាំមុខ3ពិន្ទុ​ពីលើ​ក្រុម​ឈរ​លេខ2 Bayern Munich ដែល​ទើបតែ​បាន​ផ្តួល​ក្រុម Celtic ក្នុង​លទ្ធផល 3-0 លើ​ទឹកដី​ខ្លួនឯង​នៅ​រាត្រី​ដដែល​នោះដែរ។ Mbappe វ័យ18ឆ្នាំ​បាន​ប្រាប់​ទូរទស្សន៍ Frenhc TV ថា៖ «យើង​ចង់​បង្កើត​ឲ្យ​មានការ​ចាប់អារម្មណ៍​ក្នុង​យុទ្ធនាការ​នេះ។ យើង​មក​ទីនេះ​ដើម្បី​ព្យាយាម និង​យកឈ្នះ​ការប្រកួត​ដ៏​ធំ​មួយ ហើយ​យើង​ពិតជា​រីករាយ​ក្នុង​ការវិល​ទៅកាន់​ទីក្រុង​ប៉ារីស​វិញ ដោយមាន៣3ពិន្ទុ»។ ស្របពេល​ជាមួយគ្នានេះដែរ ក្រុម Barcelona ក៏បាន​កត់ត្រា​ជ័យជម្នះ3លើក​ពី​ការប្រកួត​បើកឆាក​ទាំង3លើក​របស់​ពួកគេ​ផងដែរ ខណៈដែល​ពួកគេ​បាន​យកឈ្នះ​ក្នុង​លទ្ធផល 3-1 លើ​ក្រុម Olympiakos Piraeus បើទោះបី​លេង​ជាមួយនឹង​សមាជិក​ត្រឹមតែ10នាក់​ជិត50នាទី​ក៏ដោយ។

លទ្ធផល​នេះ បានធ្វើ​ឲ្យ​ក្រុម Barcelona ឈរ​យ៉ាង​មាន​លំនឹង​នៅលើ​កំពូល​តារាង​នៃ​ពូ​ល D ដោយមាន9ពិន្ទុ ពោលគឺ​នាំមុខ3ពិន្ទុ​លើ​ក្រុម​ឈរ​លេខ2 Juventus ដែល​បាន​យកឈ្នះ​លើ​ក្រុម Sporting Lisbon ទាំង​ប្រផិតប្រផើយ​ក្នុង​លទ្ធផល 2-1៕

ប្រភពពី៖ The Straits Times

Advertisement