ការ​គិតថា ក្មេង​មិនគួរ​គិតគូរ​រឿង​លុយកាក់ គឺជា​ការមិន​ត្រឹមត្រូវ

អាណាព្យាបាល​កម្ពុជា​ជាច្រើន​តែង​យល់ច្រឡំ​ថា កូនក្មេង​មិនគួរ​គិតគូរ​ពី​រឿង​លុយកាក់​នោះទេ​ព្រោះ​អ្វីដែល​ពួកគេ​ត្រូវធ្វើ​គឺ ខំរៀន​ចំណេះដឹង​ទូទៅ​ឱ្យបាន​ពូកែ ដើម្បី​ទទួលបាន​អនាគត​ល្អ តែ​គំនិត​នេះ​គឺ​មិន​ប្រាកដថា ត្រឹមត្រូវ​នោះទេ ព្រោះ​មនុស្ស​ដែលមាន​អនាគត​ល្អ​ភាគច្រើន​ជា​មនុស្ស​ដែល​ចេះ​គ្រប់គ្រង​ហិរញ្ញវត្ថុ និង​មាន​ទម្លាប់​គ្រប់គ្រង​លុយកាក់​ល្អ​តាំងពីក្មេង។

លោកជំទាវ ជា សិរី អគ្គនាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​បានលើកឡើង​ថា ក្មេង​តូច​ជា​អ្នក​ដែល​ត្រូវ​យល់ដឹង​បំផុត​អំពី​បញ្ហា​លុយកាក់ ព្រោះ​វប្បធម៌​សន្សំ ឬ​វប្បធម៌​ឥណទាន​ត្រូវ​បណ្តុះ​តាំងពី​កុមារ​ទើប​មាន​ប្រសិទ្ធភាព​ខ្ពស់។ នៅពេលដែល​ក្មេង​យល់ច្បាស់​ពី​តម្លៃ​នៃ​ការគ្រប់គ្រង​លុយកាក់​គាត់​នឹងមាន​ទម្លាប់​ល្អ​ក្នុងការ​ចាយវាយ​តាំងពី​នៅ​តូច​ដែល​ធ្វើឱ្យ​គាត់​អាច​ក្លាយជា​មនុស្ស​ដែល​ចេះ​គ្រប់គ្រង​ហិរញ្ញវត្ថុ​បានល្អ​នៅពេលដែល​គាត់​ធំ​ឡើង។

លោកជំទាវ ជា សិរី បាន​និយាយថា៖ «ការគ្រប់គ្រង​ហិរញ្ញវត្ថុ​របស់ក្មេងៗគឺមាន​សារៈសំខាន់​ខ្លាំងណាស់ ទោះជា​នៅក្នុង​ក្របខ័ណ្ឌ​គ្រួសារ និង​នៅក្នុង​ក្របខ័ណ្ឌ​ជា​ស្ថាប័នធំៗក៏ដោយ។ មិន​ថា​ក្នុង​កម្រិតណា​នោះទេ តែ​ការគ្រប់គ្រង​លុយ​គឺ​សុទ្ធតែជា​រឿង​សំខាន់​ទាំងអស់​សម្រាប់​មនុស្ស»។

បើតាម​លោកជំទាវ​អគ្គនាយិកា ការបង្រៀន​ក្មេង​តូច​ឱ្យ​ចេះ​សន្សំ​លុយ ជា​ទម្លាប់​ល្អ​បំផុត​មួយ​ដែល​អាណាព្យាបាល​គួរ​ធ្វើ​ដើម្បី​ជួយ​ពួកគេ​ឱ្យ​ក្លាយជា​មនុស្ស​ដែលមាន​ការគិត​ពិចារណា​ច្បាស់លាស់​លើ​ចំណូល និង​ចំណាយ ព្រោះ​វា​ជា​ធាតុ​សំខាន់​ក្នុង​ការកំណត់​ការអភិវឌ្ឍ​កម្រិតជីវភាព​នៅ​ថ្ងៃ​អនាគត។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ លោក ប៉ិច ប៉ូ​ឡែ​ន អគ្គនាយក​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន បាន​លើកឡើងថា ក្មេងៗត្រូវការ​ចេះដឹង​លើ​ជំនាញ​ជាច្រើន ដែល​ក្នុងនោះ​រាប់បញ្ចូល​ទាំង​ចំណេះដឹង​ទូទៅ​នៅក្នុង​សាលា ជំនាញ​ទុន​ដែល​ពាក់ព័ន្ធ​នឹង​បំ​ណិ​ន​ជីវិត និង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ។

លោក ប៉ិច ប៉ូ​ឡែ​ន បាន​និយាយថា៖ «ក្មេងៗនៅ​បរទេស ជាពិសេស​នៅ​សិង្ហ​បុរី គេ​រៀន​ពី​វិធី​គ្រប់គ្រង​ហិរញ្ញវត្ថុ​តាំងពី​ថ្នាក់បឋមសិក្សា ដែល​កត្តា​នេះ​ធ្វើឱ្យ​ប្រជាជន​គេម្នាក់ៗក្លាយជា​មនុស្ស​ដែលមាន​ចំណេះដឹង​ច្រើន​លើ​ការចាយវាយ»។

ផ្អែកលើ​ចំណុច​ខាងលើនេះ​ផងដែរ លោក ប៉ិច ប៉ូ​ឡែ​ន យល់ថា កុមារ​នៅ​កម្ពុជា​ក៏មាន​លទ្ធភាព​គ្រប់គ្រាន់​ដើម្បី​សិក្សា​ពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​នេះដែរ ហើយ​កម្ម​វី​ធី​របស់​គ្រឹះស្ថានសិក្សា​មួយចំនួន​ក៏បាន​បង្កើត​កម្មវិធីល្អៗឡើង​ដើម្បីឱ្យ​ក្មេង​បាន​ក្លាយជា​មនុស្ស​ដែល​ចេះ​អភិវឌ្ឍ​ខ្លួនឯង​ឱ្យ​ក្លាយជា​មនុស្ស​ពូកែ​សន្សំ ដូចជា​កម្មវិធី Money Tree ជាដើម។ លោក​បានបញ្ជាក់​ផងដែរ​ថា ក្មេងៗដែល​ចេះ​សន្សំ គឺមាន​លក្ខណៈ​ល្អ​ប្លែក​ពីក្មេងៗដែល​មិន​ចូលចិត្ត​សន្សំ ហើយ​អាណាព្យាបាល​ក៏​ធូរ​ចិត្តច្រើន​ដែរ​នៅពេលដែល​ឃើញ​កូន​គាត់​ដឹងក្តី ឬ​ចេះ​ចាយវាយ​តាំងពី​ពួកគេ​នៅ​ក្មេង៕

Advertisement