រៀន​នៅក្នុង​សាលា​តែ​ម្យ៉ាង ប្រាកដជា​អាច​ទាត់​ខ្យល់​រយៈពេល​យូរ

ការសិក្សា​នៅ​មហាវិទ្យាល័យ​មាន​លក្ខណៈ​ខុសគ្នា​ទាំងស្រុង​ពី​ការសិក្សា​នៅ​ថ្នាក់​វិទ្យាល័យ​ព្រោះថា ការសិក្សា​នៅ​កម្រិត​នេះ​ទាមទារ​ឱ្យ​និស្សិត​មានការ​ស្រាវជ្រាវ​ស្វែងរក​ការពិសោធ​ជាក់ស្តែង ព្រមទាំង​ប្រឡូក​ច្រើន​ទៅនឹង​ការងារ​ដើម្បី​ស្វែងរក​ឱកាស​ដើម្បី​អនុវត្ត​ឱ្យ​លើ​ទ្រឹស្តី​ដែល​បាន​រៀនសូត្រ។

រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម​បណ្ឌិត អ៊ឹម កុ​ច បាន​លើកឡើងថា នាពេល​បច្ចុប្បន្ននេះ​មាន​និស្សិត​ប្រមាណ​ជា2ភាគ3នៅក្នុង​តំបន់​មួយចំនួន​លើ​ពិភពលោក​មិនអាច​រក​ការងារ​ធ្វើបាន ឬ​មិនអាច​ទទួលបាន​ការងា​រ​ដែល​ត្រូវ​ជំនាញ​បាន​ក្រោយពេល​បញ្ចប់​ការសិក្សា។ កត្តា​ទាំងអស់នេះ​មិនមែន​បណ្តាលមកពី​ការអប់រំ​នៅតាម​សាលា ឬ​សាកលវិទ្យាល័យ​ដែល​មិនមាន​ភាពស៊ីចង្វាក់​ជាមួយនឹង​ទីផ្សារការងារ​ទាំងអស់​នោះទេ តែ​វា​បណ្តាលមកពី​កត្តាផ្សេងៗទៀត ជាពិសេស គឺ​កត្តា​និស្សិត​ខ្លួនឯង​ដែល​មិនបាន​បន្ស៊ាំ​ខ្លួនឯង​ជាមួយ​ចំនួន​ដើម្បី​ស្វែងរក​បទពិសោធ​ជាក់ស្តែង។

ឯកឧត្តម អ៊ឹម កុ​ច បាន​មានប្រសាសន៍ថា៖ «កត្តា​មួយចំនួន​ដែល​ជំរុញ​ឱ្យ​សិស្ស-និស្សិត​មិនអាច​រក​ការងារ​ធ្វើបាន​នៅ​កម្រិត​មហាវិទ្យាល័យ គឺ​មកពី​ពួកគាត់​មិនទាន់មាន​សមត្ថភាព​ឆ្លើយតប​ជាមួយនឹង​ទីផ្សារការងារ​មិនសូវ​យល់ច្បាស់​ពី​តម្លៃ​នៃ​ការចូលរួម​ក្នុង​សកម្មភាព​ស្ម័គ្រចិត្ត​មិន​ចាប់អារម្មណ៍​ស្វែងយល់​ពី​ការបង្កើត​ទំនាក់ទំនង​ល្អ និង​យល់​មិនបាន​ស៊ីជម្រៅ​ពី​ការសិក្សា​នៅ​មហាវិទ្យាល័យ»។

ឯកឧត្តម​រដ្ឋលេខាធិកា​រ​បាន​បន្ថែមទៀតថា ដើម្បី​ទទួលបាន​ការងារ និង​អភិវឌ្ឍ​សមត្ថភាព​ការងារ​ឱ្យ​បានល្អ​ក្រោយពេល​បញ្ចប់​ការសិក្សា​នៅ​មហាវិទ្យាល័យ មាតាបិតា​ទាំងឡាយ​ត្រូវតែ​ផ្តល់ឱកាស​ឱ្យបាន​ច្រើន​សម្រាប់កូនៗ និង​ចូលរួម​អប់រំ​កូន ដូចជា​ការលើកទឹកចិត្ត​កូន​ឱ្យធ្វើ​ការងារ​ហាត់​ការ (Internship) ជាដើម។នាពេល​បច្ចុប្បន្ននេះ​មាន​ក្រុមហ៊ុន​ជាច្រើន​បាន​បង្កើតឡើង​ហើយ​ត្រូវការ​អ្នកធ្វើការ​ស្ម័គ្រចិត្ត​ដើម្បី​ហាត់​ការ​ដូចជា​តាម​ហាង​កាហ្វេ និង​តាម​ក្រុមហ៊ុន​ក្នុង​វិស័យផ្សេងៗជាច្រើន​ទៀត។ ការធ្វើ​ការហាត់​ការ គឺជា​ការងារ​ដែល​ផ្តល់​បទពិសោធ​ច្រើន​លើ​ផ្នែក​ការងារ​ទំនាក់ទំនង និង​ធ្វើឱ្យមាន​ភាពចាស់ទុំ។ ជាទូទៅ​ការសិក្សា​នៅ​មហាវិទ្យាល័យ​គឺ មាន​ប្រហែល​ជាជាង30%តែប៉ុណ្ណោះ​សម្រាប់​ទទួលបាន​ការងា​រ​ធ្វើ ហេតុនេះ​និស្សិត​ត្រូវ​ស្វះស្វែង​ដោយ​ខ្លួនឯង​ក្នុង​ពិភព​ខាងក្រៅ​ដើម្បី​រៀន ហើយ​អភិវឌ្ឍ​ខ្លួន​ដើម្បីឱ្យ​ឆ្លើយតប​ជាមួយនឹង​ទីផ្សារការងារ។ បន្ទាប់ពី​មានចំណេះដឹង​ពី​មហាវិទ្យាល័យ​មាន​បទពិសោធ​ជាក់ស្តែង និង​មាន​ទំនាក់ទំនង​ល្អ​ហើយ ពួកគេ​នឹង​ទទួលបាន​ការងារ​ល្អ​ធ្វើ​ក្រោយពេល​បញ្ចប់​ការសិក្សា។

អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឯកឧត្តម អ៊ាង សុផ្លែត បាន​លើកឡើងថា ការសិក្សា​នៅ​កម្រិត​មហាវិទ្យាល័យ​មាន​លក្ខណៈ​ខុសគ្នា​ទាំងស្រុង​ពី​ការសិក្សា​នៅ​កម្រិត​មធ្យមសិក្សា​ដែល​គ្រាន់តែ​ទន្ទេញ​ឱ្យ​ចាំតែ​ទ្រឹស្តី ឬ​គ្រាន់តែ​រៀន​ដើម្បី​តែ​ប្រឡង​ជាប់។ ការសិក្សា​នៅ​កម្រិត​មហាវិទ្យាល័យ ទាមទារ​ឱ្យមាន​ភាពប្រាកដនិយម មានការ​ស្រាវជ្រាវ​ត្រឹមត្រូវ និង​សកម្ម​ក្នុងការ​អនុវត្ត​ដើម្បី​ច្បាស់​ថា ពួកគេ​យល់ច្បាស់​ពី​មេរៀន​ដែល​បាន​រៀន ហើយ​ធានាថា ពួកគេ​មានលទ្ធភាព​ធ្វើការ​ក្រោយ​បញ្ចប់​ការសិក្សា៕

Advertisement