មិនធម្មតា​ទេ…សម្បុក​សត្វ​ត្រចៀកកាំ1គីឡូ​លក់បាន1000ដុល្លារ

ភ្នំពេញ៖ មុខរបរ​ចិញ្ចឹមសត្វ​ត្រចៀកកាំ​យក​ទឹកមាត់ គឺជា​អាជីវកម្ម​លាក់​មុខ​មួយ​នៅ​កម្ពុជា មិនសូវ​សម្បូរ​អ្នក​ចិញ្ចឹម​ប៉ុន្មាន​ទេ ប៉ុន្តែ​អាច​រកប្រាក់​ចំណេញ​បាន​ច្រើន ដោយ​ក្នុង​មួយ​គីឡូក្រាម​មានតម្លៃ​ទាប​បំផុត គឺ​មួយ​ពាន់​ដុល្លារ ហើយ​កំពុង​ត្រូវប៉ាន់​បំផុត​នៅក្នុង​ទីផ្សារ​បរទេស។

លោក មៀ​វ សុខ​ទ្រី អគ្គលេខាធិការ​សហព័ន្ធ​សត្វ​ត្រចៀកកាំ​កម្ពុជា បានបញ្ជាក់​ឱ្យដឹងថា បច្ចុប្បន្ននេះ​តម្លៃ​សម្បុក​សត្វ​ត្រចៀកកាំ​ក្នុង​មួយ​គីឡូក្រាម​ប្រហែល1,000ដុល្លារ ក្នុងនោះ​ទីផ្សារ​នាំចេញ​សម្បុក​សត្វ​ត្រចៀកកាំ​ធំជាងគេ​គឺ​ប្រទេស​ចិន បន្ទាប់មក​ប្រទេស​វៀតណាម ម៉ាឡេស៊ី និង​ប្រទេស​ថៃ ដែល​ការនាំចេញ​សម្បុក​សត្វ​ត្រចៀកកាំ​ក្នុងមួយខែៗប្រមាណ​ជាជាង10តោន ហើយ​ក្នុង​មួយឆ្នាំ​សរុប​ប្រមាណ​ជាជាង100តោន។

លោក​បញ្ជាក់ថា បច្ចុប្បន្ន​ការចិញ្ចឹម​សត្វ​ត្រចៀកកាំ​នៅ​កម្ពុជា​កំពុងមាន​ការកើនឡើង​ខ្លាំង​ដោយសារតែ​សម្បុក​សត្វ​ត្រចៀកកាំ​កំពុងតែ​មានតម្លៃ​ថ្លៃ និង​តម្រូវការ​ខ្ពស់ ហើយ​ការ​ចិញ្ចឹមសត្វ​ត្រចៀកកាំ​មិនត្រូវ​ការចំណាយ​ពេលវេលា​ច្រើន​ដូច​ការធ្វើ​អាជីវកម្មផ្សេងៗនោះទេ ដោយ​គ្រាន់តែ​រៀបចំ​សាងសង់​ផ្ទះ​ដើម្បី​ទុកឱ្យ​សត្វ​ត្រចៀកកាំ​រស់នៅ ហើយនឹង​ចាំ​ទទួលបាន​នូវ​អនុផល​ដោយ​គ្រាន់តែ​សត្វ​ត្រចៀកកាំ​បញ្ចេញ​ទឹកមាត់​ធ្វើ​សម្បុក​នៅក្នុង​ផ្ទះ​នោះ​តែប៉ុណ្ណោះ។

ការ​ចិញ្ចឹមសត្វ​ត្រចៀកកាំ​នេះ គឺមាន​រហូតដល់​រាប់ពាន់​ផ្ទះ​ដែល​ភាគច្រើន​ចិញ្ចឹម​នៅក្នុង​ខេត្ដ​ព្រះសីហនុ កំពត និង​ខេត្ដ​កោះកុង ដែលជា​ខេត្ដ​នៅជាប់​ឆ្នេរសមុទ្រ​ដែល​ផ្ដល់​ភាពអនុគ្រោះ​ច្រើន​ដល់​ការ​ចិញ្ចឹមសត្វ​ត្រចៀកកាំ។

ជាមួយគ្នានេះ​លោក​បាន​អំពាវនាវ​ដល់​សមាជិក​សហព័ន្ធ​សត្វ​ត្រចៀកកាំ​កម្ពុជា និង​ម្ចាស់​អាជីវកម្ម​សត្វ​ត្រចៀកកាំ​ទាំងអស់​អាចមក​ចុះឈ្មោះ​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ទាក់ទង​នឹង​ការថែទាំ​ផ្ទះ​សត្វ​ត្រចៀកកាំ និង​ការ​ចិញ្ចឹមសត្វ​ត្រចៀកកាំ ទាក់ទង​នឹង​ការថែទាំ ការបង្កើន​ទិន្នផល​សម្បុក​សត្វ​ត្រចៀកកាំ​ឱ្យទទួល​បាន​ផល​កាន់តែច្រើន និង​មានគុណ​ភាពល្អ ខណៈដែល​សហព័ន្ធ​បាន​សហការ​ជាមួយ​អ្នកជំនាញ​សត្វ​ត្រចៀកកាំ​មកពី​ប្រទេស​ម៉ាឡេស៊ី​ធ្វើការ​បណ្ដុះបណ្ដាល​នៅ​ថ្ងៃទី22 ខែវិច្ឆិកា ឆ្នាំ2917ខាងមុខនេះ នៅ​ខេត្ដ​ព្រះសីហនុ៕

Advertisement