កុមារ​នៅ​អាស៊ី​ទទួលរង​អំពើហិង្សា​ច្រើនជាងគេ​លើ​ពិភពលោក

ការប្រើ​អំពើហិង្សា​លើ​កុមារ​ជា​រឿង​ដែល​ពិភពលោក​កំពុង​យកចិត្តទុកដាក់​ខ្លាំង​បំផុត ព្រោះថា កុមារ​ជា​ធនធាន​ដែលមាន​សារៈសំខាន់​បំផុត​សម្រាប់​កំណត់​អនាគត​របស់​ពិភពលោក។

ទម្លាប់​នៃ​ការប្រើប្រាស់​ហិង្សា​ដើម្បី​អប់រំ​កុមារ រួមទាំង​សកម្មភាពផ្សេងៗជាច្រើន​ទៀត ដែល​ត្រូវបាន​គេ​មើលឃើញថា​សុទ្ធសឹង​ជា​រូបភាព​អំពើហិង្សា​ដែល​អាណាព្យាបាល​ភាគច្រើន​បានធ្វើ​ដោយ​មិនដឹង​ខ្លួន។ សកម្មភាព​ទាំងអស់នេះ​ត្រូវបាន​គេ​មើលឃើញថា អាច​បណ្តាលឱ្យ​កុមារ​ត្រូវ​ស្ថិតក្នុង​ស្ថានភាព​បាក់ស្បាត បាត់បង់​ការចងចាំ រួមទាំង​ប៉ះពាល់​ដល់​ការរីកលូតលាស់​នៃ​គំនិត​ប្រាជ្ញា​របស់​កុមារ​ថែម​ទៀតផង។

យោងតាម​ទិន្នន័យ​របស់​អង្គការ​ទស្សនៈ​ពិភពលោក World Vision បាន​បង្ហាញថា កុមារ​ប្រមាណ​ជាង 1ពាន់​លាន​នាក់​លើ​ពិភពលោក​បានទទួលរ​ង​នូវ​អំពើហិង្សា​ជា​រៀងរាល់ឆ្នាំ ហើយ​ក្នុងចំណោម​កុមារ​ដែល​ទទួលរង​នូវ​អំពើហិង្សា​ទាំងអស់នោះ ត្រូវបាន​គេ​រកឃើញថា ស្ថិតនៅក្នុង​ទ្វីបអាស៊ី​ច្រើនជាងគេ។

អង្គការ​ដដែល​បានបង្ហាញ​ផងដែរ​ថា កុមារ​ប្រមាណ​ជាង 77.7លាន​នាក់​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ក្នុងនោះ​មាន​កម្ពុជា​ផងដែរ បានទទួល​រងគ្រោះ​ពី​ការរំលោភបំពាន​លើ​កម្លាំង​ពលកម្ម។

ការទប់ស្កាត់​អំពើហិង្សា​ត្រូវបាន​ស្ថាប័នរដ្ឋ ឯកជន រួមទាំង​អង្គការ​សង្គម​ស៊ីវិល​ផង ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ធ្វើយ៉ាងណា​បង្ហាញ​ពី​ផលប៉ះពាល់​នៃ​កត្តា​អវិជ្ជមាន​ទាំងនេះ​ដល់​អាណាព្យាបាល​ភាគច្រើន​ឱ្យបាន​ដឹង តែ​ទោះជា​យ៉ាងនេះ​ក្តី ក៏​គេ​សង្កេតឃើញថា នៅ​តំបន់​ដាច់ស្រយាល ជាពិសេស​តំបន់​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​មិនអាច​ទៅដល់​នៅតែ​ប្រឈម​នឹង​បញ្ហា​អំពើហិង្សា​លើ​កុមារ​ច្រើន​នៅឡើយ។ ផ្ទុយ​មកវិញ នៅ​តំបន់​ប្រជុំជន ចាប់ផ្តើម​មាន​ស្ថានភាព​ប្រសើរឡើង​ច្រើន ព្រោះ​មនុស្ស​ចាប់ផ្តើម​យល់ដឹង​ពី​ផលវិបាក​នៃ​ការប្រើប្រាស់​អំពើហិង្សា​លើ​កុមារ រួមទាំង​យល់ដឹង​ផងដែរ​នូវ​វិធីសាស្ត្រ​ដើម្បី​បញ្ចៀស​អំពើហិង្សា​លើ​ពួកគេ៕

Advertisement