មជ្ឈមណ្ឌល​ផលិតភាព​ជាតិ តម្រង់ទិស​ឱ្យ​សហគ្រាស​ផលិត​គិតពី​បរិស្ថាន

មជ្ឈមណ្ឌល​ផលិតភាព​ជាតិ​កម្ពុជា​នៃ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម កាលពីពេលថ្មីៗនេះ​បាន​បើក​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​មួយ​ដោយ​ផ្តោតលើ​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​ផ្អែកលើ​ស្តង់ដារ ISO 14000 ដែលមាន​ការចូលរួម​ពី​វិស័យ​សាធារណៈ និង​ឯកជន ក្រុមហ៊ុន និង​សហគ្រាស​ផលិត​ជាច្រើន។

តាម​ការអះអាង​របស់​អ្នកជំនាញ ប្រធានបទ​បរិស្ថាន​ក្នុង​សង្វាក់​ផលិតកម្ម​ផលិតផល​គ្រប់​ប្រភេទ​កំពុង​ក្លាយជា​កាតព្វកិច្ច​ដ៏​សំខាន់​សម្រាប់​ម្ចាស់​សហគ្រាស​ទាំងអស់។ វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ស្តីពី​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​ផ្អែកលើ​ស្តង់ដារ ISO 14000 នេះ​ទទួលបាន​ការឧបត្ថម្ភ​ដោយ​អង្គការ​ផលិតភាព​អាស៊ី (Asian Productivity Organization=APO) ដែលមាន​លេខាធិការដ្ឋាន​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន តំណាងឱ្យ​ប្រទេស​ជា​សមាជិក APO ចំនួន19ប្រទេស​នៅក្នុង​តំបន់​អាស៊ី។

លោក ហេង អៀង ប្រធាន​មជ្ឈមណ្ឌល​ផលិតភាព​ជាតិ​កម្ពុជា បាន​អះអាងថា វគ្គ​បណ្តុះបណ្តាល​នេះ គឺ​ផ្តោតទៅលើ​ការលើកកម្ពស់​ផលិតភាព គុណភាព និង​កម្រិត​នៃ​ការប្រកួតប្រជែង​សហគ្រាស​នៅ​កម្ពុជា តាមរយៈ​ការលើកកម្ពស់​ផលិតភាព​បៃតង និង​ការគ្រប់គ្រង​គុណភាព​បរិស្ថាន​សម្រាប់​ប្រតិបត្តិ​នៅក្នុង​ដំណើរការ​ក្រុមហ៊ុន ឬ​សហគ្រាស​របស់​ពួកគេ។

លោក​បញ្ជាក់ថា៖“បច្ចុប្បន្ន​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម កំពុងតែ​ផ្សព្វផ្សាយ​កម្មវិធី​បម្រែបម្រួល​អាកាសធាតុ និង​ឧស្សាហកម្ម​បៃតង ទាំង​ក្នុង​សហគ្រាស​ធុន​តូច មធ្យម និង​ធំ។ លោក ហេង អៀង បាន​បន្ថែមថា មជ្ឈមណ្ឌល​ផលិតភាព​ជាតិ ចង់​ពង្រីក​នូវ​សេវា​ប្រឹក្សា​យោបល់​របស់ខ្លួន​ទៅលើ​ស្តង់ដារ​ប្រព័ន្ធគ្រប់គ្រង​អន្តរជាតិ ដើម្បី​គ្រប់​ដណ្តប់​លើ​ប្រព័ន្ធគ្រប់គ្រង​គុណភាព​បរិស្ថាន។ ដូចនេះហើយ​ប្រព័ន្ធ​ដែល​ត្រឹមត្រូវ​បំផុត​នោះ​គឺ ស្តង់ដារ ISO 14000 នេះ​តែម្តង។

ឯកឧត្តម ភោគ សុវណ្ណ​រិ​ទ្ធ រដ្ឋលេខាធិការ​នៃ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ក៏បាន​ជំរុញ​ឱ្យ​សិក្ខាកាម​ចូលរួម​ស្វែងយល់​ឱ្យបាន​ស៊ីជម្រៅ​ពី​និន្នាកា​រវិ​វត្តថ្មីៗនៃ​លក្ខខណ្ឌ​តម្រូវ​ដែល​គិតគូរ​ដល់​បរិស្ថាន។ ឯកឧត្តម​បញ្ជាក់ថា៖“ ផលិតផល​ដែលមាន​ផលប៉ះពាល់​ដល់​បរិស្ថាន នឹង​មិនមាន​និរន្តរភាព​ទេ ព្រោះ​និន្នាការ​របស់​អ្នកប្រើប្រាស់​គឺ​គាំទ្រ​ផលិតផល​ណា​ដែល​ធម្មជាតិ មិន​ប៉ះពាល់​ដល់​សុខភាព ទោះបី​ក្នុង​រយៈពេល​ណាក៏ដោយ។

លោក Yong Kok Seng អ្នកជំនាញ​របស់​អង្គការ​ផលិតភាព​អាស៊ី (APO) បាន​និយាយថា សហគ្រាស​នៅ​កម្ពុជា​នៅមាន​ភាព​ក្មេងខ្ចី​នៅឡើយ ដូច្នេះ​គេ​អាច​គិតគូរ​បញ្ហា​បរិស្ថាន​នេះ​ទៅក្នុង​គោលនយោបាយ​សហគ្រាសរ​បស់​គេ ព្រោះ​បរិស្ថាន​ត្រូវបាន​គេ​គិតគូរ​ជាស​កល។

តាមរយៈ​ការបណ្តុះបណ្តាល​នោះ មជ្ឈមណ្ឌល​ផលិតភាព​ជាតិ រំពឹងថា​ខ្លួន​នឹង​បង្កើន​ការណែនាំ និង​តម្រូវការ​នៃ​ការអនុវត្ត​ស្តង់ដារ​គ្រប់គ្រង​គុណភាព ISO 14000 នៅ​ប្រទេស​កម្ពុជា ពង្រឹង និង​អភិវឌ្ឍ​សមត្ថភាព​នៃ​គ្រូបង្វឹក និង​អ្នកពិគ្រោះ​យោបល់ វិស្វករ​និង​អ្នកគ្រប់គ្រង​ផលិតកម្ម ដើម្បី​អនុម័ត​នៃ​ការប្រើប្រាស់​វិធីសាស្ត្រ​អនុវត្ត​ជាក់ស្តែង​នៃ​ការគ្រប់គ្រង​បរិស្ថាន និង​តម្រូវឱ្យ​សិក្ខាកាម​យល់​ពី​គោលការណ៍​និង​មេរៀន​នៃ​ការគ្រប់គ្រង​បរិស្ថាន វិធីសាស្ត្រ​សម្រាប់​អនុវត្ត​ប្រព័ន្ធ​គុណភាព​បរិស្ថាន និង​បច្ចេកទេស​អនុវត្ត​នៃ​ការប្រឹក្សា​យោបល់​នៅក្នុង​ការគ្រប់គ្រង​ប្រព័ន្ធ​នេះ៕

Advertisement