តម្លៃ​អចលនទ្រព្យ​នៅ​សិង្ហ​បុរី នឹង​ងើប​ឡើងវិញ

បន្ទាប់ពី​តម្លៃ​ផ្ទះ​នៅ​ប្រទេស​សិង្ហ​បុរី​បាន​ធ្លាក់ចុះ​មួយរយៈ​រួចមក ក្រុមអ្នកវិភាគ​បាន​ព្យាក​ណ៍​ថា តម្លៃ​ផ្ទះ​នៅ​ទីនោះ​នឹង​ងើប​ឡើងវិញ បើទោះបីជា​វិធានការ​ទប់ស្កាត់​របស់​រដ្ឋាភិបាល​នៅតែ​បន្ត​អនុវត្ត​ក៏ដោយ។

លោក Vikrant Pandey អ្នកវិភាគ​ផ្នែក​អចលនទ្រព្យ​នៃ​ក្រុមហ៊ុន UOB Kay Hian Pte បាន​និយាយថា តម្លៃ​អចលនទ្រព្យ​នៅ​សិង្ហ​បុរី នឹង​កើនឡើង​ចន្លោះ​ពី5% ទៅ10% នៅ​ឆ្នាំ​បន្ទាប់ ក្រោយពី​ការធ្លាក់ចុះ​យ៉ាងច្រើន​ក្នុង​ឆ្នាំ2017។ នា​ដើមខែ​តុលា​នេះ​ស្ថាប័ន Morgan Stanley បានឱ្យដឹងថា តម្លៃ​ផ្ទះ​នឹង​ឡើង2% វិញ​នៅក្នុង​ឆ្នាំនេះ ហើយ​វា​នឹង​បន្ត​ឡើង10%ទៀត​នៅ​ចុងឆ្នាំ2018 ខាងមុខ ដែល​នេះ​អាច​និយាយថា មាន​និន្នាការ​កើនឡើង​ខ្ពស់ជាង​អ្វីដែល​គេ​រំពឹងទុក​ពីមុន។

លោក Pandey និយាយថា៖“យើង​មើលឃើញ​នូវ​ការ​រើប​ឡើងវិញថ្មីៗ ដែល​រីក​រាលដាល​ទៅដល់​ផ្នែក​ឈ្មួញកណ្តាល និង​អ្នកប្រើប្រាស់​ចុងក្រោយ។ លោក​បន្ថែមថា កិច្ចសន្យា​អភិវឌ្ឍន៍​ឡើងវិញ ដែលមាន​ទាំង​ម្ចាស់ផ្ទះ​លក់​អា​ផាត​មិន​ក្នុង​អគារចាស់ៗទៅឱ្យ​អ្នក​អភិវឌ្ឍន៍ មានតម្លៃ​រហូតដល់ 2.2ប៊ី​លាន​ដុល្លារ​នៅក្នុង​ឆ្នាំនេះ គឺ​លើស​តម្លៃ​អន្តរកាល​មធ្យម ក្នុង​រយៈពេល4ឆ្នាំមុន។ ការទទួលបាន​លុយ​ពី​ការលក់​គម្រោង​អភិវឌ្ឍន៍​ឡើងវិញ​ទាំងនេះ អ្នកទិញ​នឹង​បង្កើន​តម្រូវការ​ពី​ឈ្មួញកណ្តាល​ទៅកាន់​អ្នកប្រើប្រាស់​ចុងក្រោយ។

លោក​និយាយថា ការបញ្ជាទិញ​ពី​សំណាក់​ជនបរទេស​រំពឹងថា​នឹង​កើនឡើង បើទោះបី​ការបង់ពន្ធ​បន្ថែម​រហូតដល់15%លើ​ការទិញ​លក់ អចលនទ្រព្យ​ក៏ដោយ។ ការកម្រិត​តម្លៃ​ពន្ធចំពោះ​ជនបរទេស​កំពុង​បង្កើតឱ្យមាន​ការអំពាវនាវ​ជា​ប្រព័ន្ធ​សម្រាប់​វិស័យ​អចលនទ្រព្យ​នៅ​សិង្ហ​បុរី៕

Advertisement