Everton ចាញ់ Lyon ទាំង​ចម្រូងចម្រាស ខណៈ  Giroud ជួយ Arsenal

ភាព​ត្រដាបត្រដួស​របស់​ក្រុម​ទូកក្តោង Everton ក្នុង​ក្របខ័ណ្ឌ Europa League នៅតែមាន​បន្ត ខណៈដែល​ពួកគេ​បាន​រង​បរាជ័យ​ក្នុង​លទ្ធផល 2-1 ក្នុងផ្ទះ​ខ្លួនឯង​ក្រោម​ស្នាដៃ​ក្រុម Olympique Lyonnais កាលពី​ថ្ងៃ​ព្រហស្បតិ៍ និង​នៅតែ​ស្ថិតនៅ​បាត​តារាង​នៃ​ពូ​ល​របស់​ពួកគេ​ដដែល។ ស្របពេល​ជាមួយគ្នានេះ ក្រុម Arsenal បាន​ផ្តួល​ក្រុម Red Star Belgrade ក្នុង​លទ្ធផល 1-០ ក្រោយពី​ការ​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​របស់​ខ្សែប្រយុទ្ធ Olivier Giroud។

ក្រុម Everton ត្រូវការ​ឈ្នះ​ជាដាច់ខាត​នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម Lyon ក្រោយពី​ទទួលបាន​ត្រឹមតែ1ពិន្ទុ​ពី​ការប្រកួត2លើកដំបូង​របស់​ពួកគេ ប៉ុន្តែ ពួកគេ​បាន​ថ្លោះធ្លោយ​ឲ្យ​មាន​គ្រាប់​បាល់​ចូល​ទី​ខ្លួនឯងភ្លាមៗ ក្រោយពី​លេង​បាន6នាទី តាមរយៈ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​របស់​កីឡាករ Nabil Fekir។

ខ្សែការពារ Ashley Williams បានតែ​តបាល់​បញ្ចូល​ទី​ដើម្បី​ជួយ​ឲ្យ​ក្រុម​របស់ខ្លួន​តាម​ស្មើ​វិញ​នៅ​នាទី​ទី69 មុនពេល​ខ្សែប្រយុទ្ធ Bertrand Traore បាន​ជួយ​ឲ្យ​ក្រុម Lyon ដណ្តើម​បានការ​នាំមុខ និង​ឈ្នះ​ក្នុងការ​ប្រកួត​នេះ​តែម្ដង។ ប៉ុន្តែ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺ ការផ្ទុះ​ជម្លោះ​រវាង​កីឡាករ​នៃ​ក្រុម​ទាំងពីរ។ Williams ដែលជា​ប្រធាន​ក្រុម Everton បាន​រុញ​អ្នកចាំទី Anthony Lopes របស់ Lyon ដែល​បាន​បង្កើត​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា​រវាង​កីឡាករ​នៅមុខ​អ្នកគាំទ្រ។ ស្រប​ពេលដែល​ក្រុម​កីឡាករ​ទាំងអស់​បាន​ព្យាយាមរ​ត់ទៅ​ជួយ​សម្រាល​ស្ថានការណ៍ផ្សេងៗនោះ អ្នកគាំទ្រ​ម្នាក់​ដែល​កំពុងតែ​កាន់​កូន​របស់ខ្លួន​នៅក្នុង​ដៃ​បាន​ព្យាយាម​ដាល់​ទៅលើ​អ្នកចាំទី​រូបនោះ។ ក្រោយមក លោក Koeman បាន​បញ្ជាក់ថា លោក​អាជ្ញាកណ្តាល​សញ្ជាតិ​ហូ​ឡង់ Bas Nijhuis ក៏​អាច​នឹងត្រូវ​ស្តីបន្ទោស​ផងដែរ​សម្រាប់​ការផ្ទុះ​ជម្លោះ​នៅឯ​កីឡដ្ឋាន Goodison មួយ​នេះ។

គ្រូបង្វឹក​រូបនេះ​បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​បាន​ប្រាប់​មន្ត្រី​ប្រចាំ​ការប្រកួត​ពីអ្វី​ដែល​ខ្ញុំ​បានគិត​ក្នុងពេល​បញ្ចប់​ការប្រកួត​នេះ។ ខ្ញុំ​ដឹងថា អាជ្ញាកណ្តាល​មាន​សញ្ជាតិ​ហូ​ឡង់ ប៉ុន្តែ គាត់​មិនអាច​ផ្តល់​ការពិន័យ​ចំពោះ​កីឡាករ Nabil Fekir ដែល​បានធ្វើ​ពុត​ជា​ដួល​ចំនួន10លើក​នោះឡើយ»៕

ប្រភពពី៖ BBC

Advertisement