កម្ពុជា​ត្រូវមាន​មណ្ឌល​ទេសចរណ៍ធំៗដើម្បី​ទាក់ទាញ​ភ្ញៀវ​ឱ្យបាន​ច្រើន

ភ្នំពេញ៖ ថ្លែង​ក្នុង​វេទិកា​សេដ្ឋកិច្ច​ទេសចរណ៍​សកល​ឆ្នាំ2017 រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ឯកឧត្តម ថោង ខុន មានប្រសាសន៍ថា កម្ពុជា​ត្រូវមាន​មណ្ឌល​ទេសចរណ៍ធំៗដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​មក​ទ​ស្សនាក​ម្ពុ​ជា​ឱ្យបាន​កាន់តែច្រើន។

ក្នុងនាម​ជា​វាគ្មិន​កិត្តិយស ប្រតិភូ​ក្រសួងទេសចរណ៍​ដែល​ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ច​ទេសចរណ៍​ពិភពលោក​លើក​ទី6 នៅ​ទីក្រុង​ម៉ា​កាវ ប្រទេស​ចិន  ឯកឧត្តម ថោង ខុន បាន​មានប្រសាសន៍​ជំរុញឱ្យមាន​ការ​ផ្តល់ឱកាស​ដើម្បី​ចែករំលែក​ពី​អ្វីដែល​កម្ពុជា​បានធ្វើ​នៅក្នុង​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​តំបន់​អាស៊ាន​ក្នុងការ​សម្រួលការ​ធ្វើដំណើ​រ​ឆ្លងកាត់​ព្រំដែន។ ឯកឧត្តម​បាន​ថ្លែងថា នៅក្នុង​បរិបទ​កម្ពុជា រាជរដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មាធិកា​រ​សម្រួលការ​ធ្វើដំណើរ និង​ដឹកជញ្ជូន​ទេសចរ​តាម​ច្រកទ្វារ​អន្តរជាតិ ដែល​រួមមាន​សមាសភាព​មកពី​វិស័យ​ពាក់ព័ន្ធ និង​អនុវត្ត​យន្តការ​នេះ​ដោយបាន​ដោះស្រាយ​បញ្ហា​ប្រឈម ដូចជា​ការកាត់បន្ថយ​របាំង​មិនចាំបាច់​នានា​នៅតាម​ច្រកទ្វារ​អន្តរជាតិ ពិសេស​កម្ពុជា​បាន​អនុវត្ត​គោលនយោបាយ​ផ្តល់​ទិដ្ឋាការ​នាពេល​មកដល់ (Visa on arrival)។

ឯកឧត្តម​បាន​លើក​ទស្សនទានធំៗពីរ​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពាក់ព័ន្ធ​ទៅនឹង​ទម្រង់​ភាពជា​ដៃគូ​រដ្ឋ-ឯកជន​បែបណា​ដែល​កម្ពុជា​បាន​អនុវត្ត​ដើម្បី​ធានា​លទ្ធផល​យូរអង្វែង​សម្រាប់​ការអភិវឌ្ឍ​ទេសចរណ៍។ ឯកឧត្តម​ថ្លែងថា កន្លងមក​មានការ​ជជែក​គ្នា​ថា រវាង មេមាន់ និង​ពងមាន់ តើ​ណាមួយ​កើតមុន?  ជា​ចម្លើយ​ក្នុង​វិស័យ​ទេសចរណ៍ គឺ​ចាំបាច់​ត្រូវបង្កើត​ឱ្យបាន​មេមាន់​ជាមុន ពោលគឺ​ទាល់​តែមាន​ផលិតផល​ទេសចរណ៍ ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ កំពង់ផែ អាកាសយានដ្ឋាន មណ្ឌល​កម្សាន្ត​ទេសចរណ៍ធំៗ សណ្ឋាគារ ផ្សារ​លក់ទំនិញទំនើបៗ សួន​កម្សាន្តធំៗ (Theme Park)-ល- ទើប​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​បាន។

ដូច្នេះ​រដ្ឋ​ត្រូវតែមាន​ប្លង់​មេ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទេសចរណ៍​ថ្មី​ស្របទៅតាម​តម្រូវការ​ទីផ្សារ (បច្ចេកវិទ្យា និង​នវានុវត្តន៍) រៀបចំ​តំបន់​អភិវឌ្ឍន៍​ទេសចរណ៍ (Zoning and Master Plan)ឱ្យបាន​ច្បាស់លាស់។

ទី2៖ បន្ទាប់មក​រដ្ឋាភិបាល​ត្រូវឱ្យ​គោលការណ៍​ទៅ​ផ្នែក​ឯកជន​ដើម្បី​ស្វែងរក​ដៃគូ​វិនិយោគ រក​ដៃគូ​អភិវឌ្ឍ​ន៏​ដ៏​ពិតប្រាកដ​មួយ​ដើម្បី​បង្កើត​ផលិតផល​ទេសចរណ៍​ប្រកបដោយ​ភាព​ទាក់ទាញ និង​គិតគូរ​ហ្មត់ចត់​ដល់​កិច្ចការពារបរិស្ថាន ដោយ​ត្រូវ​ធានាថា ការអភិវឌ្ឍ​នឹង​ប្រព្រឹត្តទៅ​ប្រកបដោយ​និរន្តរភាព។

សូមបញ្ជាក់ថា ក្នុង​វេទិកា​នោះ​រដ្ឋមន្ត្រី​ទេសចរណ៍​នៃ​ប្រទេស​អឺរ៉ុប​ខាងកើត អឺរ៉ុប​កណ្តាល​ក៏បាន​ស្នើ​សុំឱ្យ​កម្ពុជា​ជួយ​ចែករំលែក​ក្នុងការ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ទាក់ទាញ​ទេសចរ​ចិន​ផងដែរ ខណៈដែល​ប្រទេស​ទាំង​នោះបាន​មើលឃើញ​ពី​កំណើន​ខ្ពស់​នៃ​ទេសចរ​ចិន​មក​កម្ពុ​ជាជាង40%កាលពី​ឆ្នាំ2016៕

Advertisement