សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ប្រកាស​ចែកផ្លូវ​ជាមួយនឹង​លោក Leonardo

កាលពី​ល្ងាច​ថ្ងៃ​ម្សិលមិញ​នេះ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានប្រកាស​ពី​ការចែក​ផ្លូវ​ជាមួយ​គ្រូបង្វឹក​នៃ​ក្រុម​ជម្រើសជាតិ​របស់ខ្លួន​គឺ​លោក Leonardo Vitorino ខណៈដែល​គ្រូបង្វឹក​រូបនេះ​ក៏បាន​បញ្ជាក់​ពី​ការចាកចេញ​របស់លោក​នៅលើ​បណ្តាញ​សង្គម Facebook របស់លោក​ផងដែរ។

មូលហេតុ​នៃ​ការចែក​ផ្លូវ​នេះ ត្រូវបាន​គេ​ដាក់​ការសង្ស័យ​ទៅលើ​ភាពមិន​ជោគជ័យ​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្រោម​ការដឹកនាំ​របស់លោក ក្រោយពី​គ្រូបង្វឹក​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ​បាន​ចូលកាន់​តំណែង​បន្ទាប់ពី​លោក Lee Tae Hoon កាលពីដើមឆ្នាំ2017មក។ លោក Vitrorino បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Facebook របស់លោក​ថា៖ «ខ្ញុំ​លែង​ជា​គ្រូបង្វឹក​បង្គោល​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ទៀតហើយ។ សូម​ថ្លែងអំណរគុណ​ដល់​អ្នកគាំទ្រ​កម្ពុជា​ចំពោះ​ពេលវេលា​ដ៏​អស្ចារ្យ​នៅទីនេះ។

ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាងខ្លាំង​ចំពោះ​មនុស្ស​ទាំងអស់​ដែល​ខ្ញុំ​មានឱកាស​ធ្វើការ​ជាមួយ​នៅទីនេះ ដូចជា​បុគ្គលិក មន្ត្រី កីឡាករ អ្នកចាត់ការ​ទូទៅ និង​គ្រូបង្វឹក។ សុំទោស​ចំពោះ​ការមិនអាច​ផ្លាស់ប្តូរ​ចំណុច​មួយចំនួន​ឲ្យ​បាន»។ គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមទៀតថា៖ «ខ្ញុំ​ជូនពរ​ឲ្យ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ជួបតែ​សំណាងល្អ និង​អរគុណ​អ្នក​ចំពោះ​ការ​ផ្តល់ឱកាស​ក្នុងការ​ដឹកនាំ​ក្រុម​ជម្រើសជាតិ​នេះ។ ខ្ញុំ​នឹងមិន​ភ្លេច​អ្នកគាំទ្រ​របស់​កម្ពុជា​ឡើយ»។

ក្រោម​ការដឹកនាំ​របស់​លោក ក្រុម​ជម្រើសជាតិ​បានទទួល​លទ្ធផល​ដ៏​គួរ​ឲ្យ​កត់សម្គាល់​តែមួយ​លើក​គត់​គឺ​ការ​ផ្តួល​ក្រុម​ជម្រើសជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន 1-០ ក្នុងការ​ប្រកួត​ជម្រុះ Asian Cup ហើយ​ក្រៅពីនេះ ការប្រកួត​ភាគច្រើន​របស់លោក​បាន​បញ្ចប់​ក្នុង​លទ្ធផល​ចាញ់៕

Advertisement