កម្ពុជា និង​ម៉ាឡេស៊ី ត្រៀម​ចុះ​អនុស្សរណៈ​ស្តីពី​ការផ្ទេរ​បច្ចេកវិទ្យា

ភ្នំពេញ៖ ដើម្បី​ផ្ទេរ​បច្ចេកវិទ្យា​ដល់​គ្នា​ទៅវិញទៅមក​ឱ្យបាន​ដើរ​ទាន់​គ្នា ក្រសួង​សិប្បកម្ម​និង​ឧស្សាហកម្ម​នៃ​ប្រទេស​កម្ពុជា និង​ក្រសួង​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​នវានុវត្តន៍ នៃ​ប្រទេស​ម៉ាឡេស៊ី​គ្រោង​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MoU) មួយ​ដើម្បី​ពង្រឹង​បច្ចេកវិទ្យា​នៃ​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ប្រសើរឡើង។

ក្នុងជំនួប​ទ្វេភាគី​រវាង​ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ជាមួយ​ឯកឧត្តម Datuk Seri Panglima Wilfred Madius Tangau រដ្ឋមន្ត្រីក្រសួង​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​នវានុវត្តន៍​នៃ​ប្រទេស​ម៉ាឡេស៊ី ភាគី​ទាំង​ពីរបាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​ស្តីពី​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ លើក​ទី 73 នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​រវាង​ប្រទេស​ទាំងពីរ​ឱ្យមាន​ការរីក ចម្រើន​ក្នុង​ផលប្រយោជន៍​ទៅវិញទៅមក។

គួរ​បញ្ជាក់ដែរថា  ដើម្បីឱ្យ​កម្ពុ​ជាមាន​ការវិវឌ្ឍ​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ឱ្យ​ដើរ​បាន​លឿន​ដូច​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក កម្ពុជា​ត្រូវ​ការកសាង​សមត្ថភាព​ធនធានមនុស្ស ផ្នែក​សិក្សា​ស្រាវជ្រាវ នវានុវត្តន៍ ហេដ្ឋារចនាសម្ព័ន្ធ​វិទ្យា​សាស្ត្រ និង​បច្ចេកវិទ្យា​ទាំង​ទន់ និង​រឹង ។ ក្នុងនោះ ការផ្ទេរ​បច្ចេកវិទ្យា ការវិនិយោគ​បច្ចេកវិទ្យា យន្តការ​គាំទ្រ ការលើកទឹកចិត្ត​ដល់​ការស្រាវជ្រាវ ការចែករំលែក​បទពិសោធ​ចំណេះដឹង ការផ្ទេរ​បច្ចេកវិទ្យា ពិព័រណ៍​បច្ចេកវិទ្យា ការភ្ជាប់​ទំនាក់ទំនង​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង​ក្នុង​ក្របខ័ណ្ឌ​ជាតិ និង​អន្តរជាតិ​ជា​បញ្ហា​គន្លឹះ​មួយ​ដែល​ត្រូវមាន​យន្តការ​គាំទ្រ​សមស្រប និង​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជា​ដៃគូ។

ជាមួយគ្នានេះដែរ វិស័យសំខាន់ៗពាក់ព័ន្ធ​នឹង​ស្តង់ដារ​វាយតម្លៃ​ទទួលស្គាល់​ចំណីអាហារ កម្មសិទ្ធិបញ្ញា សួន​ឧស្សាហកម្ម មន្ទីរ​ពិសោធ វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ ថ្នាល​បណ្តុះ​បច្ចេកវិទ្យា ធុរកិច្ច និង​សហគ្រិន​ភាពជា​កត្តា​សំខាន់​ដែល​ត្រូវ​ពង្រឹងពង្រីក និង​កសាង​សមត្ថភាព​ឱ្យ​កាន់តែខ្លាំង​ឡើង​ថែម​មួយកម្រិត​ទៀត៕

Advertisement