ការងារ​ស្ម័គ្រចិត្ត​មិនមែន​ចំណេញ​គ្រប់​តែ​រឿង​នោះទេ

យុវជន​នាពេល​បច្ចុប្បន្ន តែងតែ​និយម​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ដើម្បី​ស្វែងរក​បទពិសោធ​ការងារ រួមទាំង​ការស្វែងរក​ឱកាស​ដើម្បី​អនុវត្ត​ជាក់ស្តែង​នូវ​ទ្រឹស្តី​ដែល​ធ្លាប់បាន​រៀន ដែល​អាចធ្វើឱ្យ​ពួកគេ​ទទួលបាន​ការងារ​ល្អ​ធ្វើ​នៅ​ថ្ងៃ​អនាគត តែ​ទោះជា​យ៉ាងនេះ​ក្តី​ការងារ​ស្ម័គ្រចិត្ត មិន​សុទ្ធតែ​ល្អ​ទាំងស្រុង​នោះទេ ប្រសិនបើ​ពួកគេ​មិនចេះ​មើល​កាលៈទេសៈ។

លោក តន់ រតនា អនុប្រធាន​ក្រុមយុវជន​ដើម្បី​យុវជន​បាន​យល់ថា បញ្ហា​ខាត ឬ​ចំណេញ​នៅក្នុង​ការងារ​ស្ម័គ្រចិត្ត គឺ​អាស្រ័យទៅលើ​បុគ្គល​ផ្ទាល់​ក្នុងការ​គ្រប់គ្រង​ពេលវេលា​ទៅតាម​កាលៈទេសៈ ដើម្បី​ទាញយក​ប្រយោជន៍​ពី​ការងារ​ស្ម័គ្រចិត្ត។ ផលចំណេញ​ដែល​កើតចេញពី​ការងារ​ស្ម័គ្រចិត្ត គឺអាច​ធ្វើឱ្យ​យុវជន​មាន​សមត្ថភាព​ជំនាញ​កាន់តែ​ច្បាស់លាស់ មាន​សេចក្តីក្លាហាន និង​ចេះ​បត់បែន​ខ្ពស់​លើ​គ្រប់​កិច្ចការងារ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កើតមានឡើង​នៅ​ចំពោះមុខ។

លោក តន់ រតនា បាន​និយាយថា៖ “ក្រៅពី​ការអភិវឌ្ឍ​សមត្ថភាព​ផ្នែក​ខាងក្នុង អ្នកធ្វើការងារ​ស្ម័គ្រចិត្ត​អាច​មានឱកាស​ទទួលបាន​អាហារូបករណ៍ ឬ​វគ្គ​ផ្លាស់ប្តូរ​ការសិក្សា (Exchange) នៅ​បរទេស​ថែម​ទៀតផង ព្រោះ​ពួកគេ​ភាគច្រើន​ជា​បុគ្គល​មាន​ភាពជា​អ្នកដឹកនាំ​ដែល​ស្ថានទូត និង​បណ្តា​អង្គការ​អន្តរជាតិ​នានា​ចាប់អារម្មណ៍។

លោក តន់ រតនា បានបង្ហាញ​ផងដែរ​ថា ការងារ​ស្ម័គ្រចិត្ត​ទាមទារ​ឱ្យ​យុវជន​មានការ​ខិតខំ​ប្រឹងប្រែង និង​អត់ធ្មត់​ខ្ពស់​ទើប​ទទួលបាន​ជោគជ័យ ព្រោះថា ការស្ម័គ្រចិត្ត​ធ្វើការ​លើ​គម្រោង​ណាមួយ​ពួកគេ​នឹងមិន​ទទួលបាន​ប្រាក់កម្រៃ​នោះទេ ម្យ៉ាងវិញទៀត​គាត់​ត្រូវ​ចំណាយ​ពេលវេលា និង​ថវិកា​ផ្ទាល់ខ្លួន​មួយចំនួន​ថែម​ទៀតផង ដើម្បី​ដោះស្រាយ​បញ្ហា​បន្ទាន់​នៅក្នុង​ការងា​របស់គាត់ ប្រសិនបើ​គាត់​ខ្វះ​ការព្យាយាម ហើយ​បោះបង់​ការងារ​នោះ​ចោល​នៅ​កណ្តាល​ទី គាត់​នឹងត្រូវ​ខាតបង់​គ្រប់យ៉ាង។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ហម សុខ​នី ប្រធាន​សហ​ស្ថាបនិក​ក្រុម​ជំហាន​យុវជន​កម្ពុជា បាន​លើកឡើងថា ការធ្វើការងារ​ស្ម័គ្រចិត្ត​មិន​ប្រាកដថា​ចំណេញ​ទាំងស្រុង​នោះទេ តែ​វា​ទាមទារ​ឱ្យ​អ្នកចូលរួម ជាពិសេស​យុវជន​មានបំណង​ច្បាស់លាស់ រួមទាំង​មានគំនិត​អភិវឌ្ឍន៍​ខ្លួន​ពិតប្រាកដ ដោយ​ធ្វើការ​មិនមែន​ដើម្បី​តែ​ទៅ​សប្បាយ ឬ​ថតរូប​បង្អួត​គ្នា​នោះទេ៕

Advertisement