អ្នកនិពន្ធ​កម្ពុជា​រៀបចំ​មហោស្រព​អក្សរសិល្ប៍​ខ្មែរ​ដើម្បី​លើកស្ទួយ​ការសរសេរ

វិស័យ​អក្សរសិល្ប៍​ខ្មែរ ធ្លាប់មាន​ប្រវត្តិ​យូរលង់​តាំងពី​បុរាណកាល រហូតមកដល់​ទសវត្ស​រ៍1970 និង​បាន​ងើប​ឡើងវិញ​បន្ទាប់ពី​សម័យ​ខ្មែរក្រហម។ បច្ចុប្បន្ន​ស្នាដៃ​និពន្ធ ឱកាស និង​គុណ​តម្លៃ​របស់​អ្នកនិពន្ធ និង​វិស័យ​បោះពុម្ព​មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់ ក៏ប៉ុន្តែ​វិស័យនេះ​ទាមទារ​ឱ្យមាន​ការបន្ត​ជ្រោមជ្រែង បង្ក​លទ្ធភាព និង​ឱកាស​ដល់​អ្នកនិពន្ធ តាមរយៈ​ពិព័រណ៍​សៀវភៅ សិក្ខាសាលា សន្និសីទ និង​មហោស្រព​អក្សរសិល្ប៍​ខ្មែរ​ជាដើម។

ដោយ​មើលឃើញ​ពី​បញ្ហា​ទាំងអស់នេះ អ្នកនិពន្ធ សូ ភី​ណា រួមទាំង​ក្រុម​ស្ថាបនិក​ស្លាបប៉ាកកា​ខ្មែរ បានរៀបចំ​មហោស្រព​អក្សរសិល្ប៍​ខ្មែរ​ឡើង​ដើម្បី​រួមចំណែក​លើកស្ទួយ​វិស័យ​អក្សរសិល្ប៍​នៅ​កម្ពុជា​តាមរយៈ​ការ​បំផុសសកម្មភាព​សាធារណជន​ឱ្យបាន​ឃើញ​នូវ​ស្នាដៃ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​របស់​អ្នកនិពន្ធ​កម្ពុជា។

កម្មវិធី​នេះ​មាន​គោលបំណង បណ្តុះ​ស្មារតី​ស្រឡាញ់​អក្សរ​សិល្ប៍ជាតិ លើកកម្ពស់​កិត្តិយស និង​គុណ​តម្លៃ​របស់​អ្នកនិពន្ធ​ខ្មែរ​នៅក្នុង​សង្គមជាតិ និង​ជួយ​បង្កើន​ឱកាស​ដល់​អ្នកនិពន្ធ​ក្នុងការ​ទំនាក់ទំនង និង​ទីផ្សារ។ ទស្សនវិស័យ​របស់​ម​ហោ​ស្រព​អក្សរសិល្ប៍​ខ្មែរ​គឺ ប្រជាជន​កម្ពុជា​នឹង​ទទួលបាន​នូវ​អក្សរសិល្ប៍​ខ្មែរ​ល្អ​ឯក និង​លទ្ធភាព​កាន់តែ​ប្រសើរឡើង​ក្នុងការ​ទទួលបាន​ស្នាដៃ​និង​ចំណេះដឹង​អក្សរសិល្ប៍។ មហោស្រព​នេះ​នឹងត្រូវ​បានរៀបចំ​ឡើងលើ​ក​ទី1នៅ​ខេត្តសៀមរាប ដែលជា​បណ្តុំ​វប្បធម៌ អរិយធម៌​របស់​ខ្មែរ។ កម្មវិធី​នា​ឆ្នាំ​បន្ទាប់ នឹង​រៀបចំឡើង​ទៅតាម​បណ្តា​ខេត្ត​នានា ទៅតាម​លទ្ធភាព និង​ស្ថានភាព​ជាក់ស្តែង។

មហោស្រព​អក្សរសិល្ប៍​ខ្មែរ​លើក​ទី1នេះ រួមមាន​កម្មវិធី​ជាច្រើន ដូចជា វេទិកា​ពិភាក្សា​អំពី​បរិបទសំខាន់ៗ ការសម្ពោធ​សៀវភៅ សិក្ខាសាលា​និពន្ធ និង​ការសម្តែង​សិល្បៈ​កម្សាន្ត​ផងដែរ៕

Advertisement