កម្ពុជា​ចាប់ផ្តើម​រៀបចំ​ប្រព័ន្ធគ្រប់គ្រង​ទឹក​កខ្វក់​នៅតាម​ដង​ទន្លេសាប

ភ្នំពេញ៖ ដើម្បី​លើកកម្ពស់​សុខមាលភាព​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេសាប ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ដល់​មន្ត្រី​ជំនាញ​នៅតាម​បណ្តា​ខេត្ត​ជាប់​បឹង​ទន្លេសាប​ដើម្បី​ឱ្យមាន​សមត្ថភាព​កាន់តែខ្លាំង​ឡើង​ក្នុងការ​គ្រប់គ្រង​កាកសំណល់​និង​ប្រព័ន្ធគ្រប់គ្រង​ទឹក​កខ្វក់​នេះ។

វគ្គ​បណ្តុះបណ្តាល​ស្តីពី “ការគ្រប់គ្រង​ទឹក​កខ្វក់” នេះ​បានរៀបចំ​នៅក្នុង​សណ្ឋាគារ​ប៉ា​រ៉ា​ឌី ក្រុង​សៀមរាប ខេត្តសៀមរាប​ដែល​គោលបំណង​សំខាន់​នោះ​គឺ ដើម្បី​ពង្រឹងពង្រីក​ចំណេះដឹង និង​សមត្ថភាព​បន្ថែម​ដល់​មន្ត្រី​ជំនាញ​នាយកដ្ឋាន មន្ត្រី​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត និង​មន្ត្រី​សាលាក្រុង​នៃ​ខេត្ត​ចំនួន4ដែល​នៅជាប់​នឹង​បឹង​ទន្លេសាប គឺ​ខេត្ត កំពង់ធំ កំពង់ឆ្នាំង បន្ទាយមានជ័យ និង​ពោធិ៍សាត់ ។

កម្មវិធី​នៃ​វគ្គ​បណ្តុះបណ្តាល​រួមមាន ការគ្រប់គ្រង​សំណល់​ភក់ យន្តការ​នៃ​ការបង្កើត​អង្គភាព​លូទឹក និង​ស្ថានីយ​ចម្រោះ​សម្អាត​ទឹក​សំណល់ ការកំណត់ថ្លៃ​សេវា​ចម្រោះ​ទឹក​សំណល់ ការសិក្សា​គណនា​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ជា​ប្រភេទ​ចម្រោះ​តាមបែប​ធម្មជាតិ Lagoon System ការចុះពិនិត្យ​ទីតាំង​ស្ថានីយ​ចម្រោះ​ទឹក​សំណល់​ជាក់ស្តែង និង​ការចែករំលែក​បទពិសោធ​គ្នា​ទៅវិញទៅមក​តាម​ខេត្តនីមួយៗដែល​ខ្លួន​គ្រប់គ្រង​តាមរយៈ​ការធ្វើ​បទ​បង្ហាញ បង្កើន​ចំណេះដឹង អនុវត្ត និង​យុទ្ធនា​ការអប់រំផ្សេង។

គួរ​បញ្ជាក់ថា ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេសាប​បាន​ជួប​ការលំបាក​ដោយសារ​កង្វះ​ខាត​ទឹកស្អាត និង​បង្គន់​អនាម័យ​ប្រើប្រាស់ ដោយ​ពលរដ្ឋ​រស់នៅ​លើទឹក​មួ​យ​ចំនួន​បាន​បោះចោល​កាកសំណល់​ផ្សេង និង​បន្ទោបង់​នៅលើ​ទឹក ហើយ​ប្រើប្រាស់​ទឹក​នោះ​វិញ​ដដែល ដែល​ពួកគាត់​គិតថា កាកសំណល់​ដែល​គាត់​ទម្លាក់ចោល​នោះ​ហូរ​ទៅតាម​ទឹក​អស់ហើយ តែ​ធាតុពិត​គឺ​វា​បាន​បង្ក​ភាពកខ្វក់​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៅវិញ​ទេ៕

Advertisement