កុំឱ្យ​រំលង…ឱកាស​ការងារ​ជាង 2ម៉ឺន​មុខតំណែង​បានមក​ដល់​ហើយ!

ខណៈដែល​កម្មវិធី​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​លើក​ទី7 ជិត​ខិតចូល​មកដល់​ត្រូវបាន​គេ​មើលឃើញថា កម្មវិធី​នេះ​នឹង​ផ្ដល់​អត្ថប្រយោជន៍ និង​ឱកាស​ការងារ​យ៉ាង​ល្អ​សម្រាប់​យុវជន​កម្ពុជា​ដើម្បី​បង្កើន​ប្រាក់ចំណូល។

ឯកឧត្ដម ហៃ ហ៊ុន​ឡេង ទីប្រឹក្សា​ក្រសួង​ការងារ និង​ជា​អនុប្រធាន​ទីភ្នាក់ងារ​ជាតិ និង​មុខរបរ​នៃ​ក្រសួង​ការងារ​បាន​លើកឡើងថា វេទិកា​ពិព័រណ៍​ការងា​រ​បង្កើតឡើង ដើម្បី​ផ្ដល់​កន្លែង​ជួបជុំគ្នា​រវាង​និយោជក និង​អ្នកផ្ដល់​ការអប់រំ​បណ្ដុះបណ្ដាល និង​អ្នកស្វែងរក​ការងារ​ធ្វើ ក៏ដូចជា​ចែករំលែក​ព័ត៌មាន​ទីផ្សារការងារ ពិសេស​ចូលរួម​លើកកម្ពស់​ការងារ និង​ផ្ដល់ឱកាស​ការងារ​យ៉ាង​ទូលំទូលាយ​ដល់​កម្លាំង​ពលកម្ម​ទាំង​មាន​ជំនាញ និង​ឥត​ជំនាញ​ឱ្យទទួល​បានការ​ងារ​កា​ន់​តែ​ប្រសើរ និង​ចំណេញ​ពេលវេលា និង​ទទួលបាន​ប្រាក់ចំណូល​ខ្ពស់។

ដើម្បី​ងាយស្រួល​ទទួលបាន​ឱកាស​ការងារភ្លាមៗនេះ យុវជន ក៏ដូចជា​អ្នកចូលរួម​ក្នុង​កម្មវិធី​ពិព័រណ៍​ការងារ​នៅ​ថ្ងៃទី27-28 តុលា ឆ្នាំ2017ខាងមុខ សូម​ភ្ជាប់​មក​នូវ​ជាមួយ​ប្រ​វ​ត្ដិ​រូប​របស់ខ្លួន​ដើម្បី​ដាក់​ស្នើសុំ​ដោយផ្ទាល់​ជាមួយ​និយោជក​ដែល​កំពុងតែ​ត្រូវការ​កម្លាំង​ពលកម្ម នៅក្នុង​កម្មវិធី​ពិព័រណ៍។ ក្នុង​ពិព័រណ៍​ការងារ​ឆ្នាំ2017នេះ មានឱកាស​ការងារ​ប្រមាណ2ម៉ឺន​មុខតំណែង​ដែល​ផ្ដល់​ដោយ​ក្រុមហ៊ុនធំៗជាង120 មកពី​វិស័យ​សំខាន់​ដូចជា​ធនាគារ មីក្រូហិរញ្ញវត្ថុ សំណង់ សណ្ឋាគារ បដិសណ្ឋារកិច្ច ទូរគមនាគមន៍ ការអប់រំ និង​កាម​ន្ដ​សាល​ជាដើម។

ទីប្រឹក្សា​ក្រសួង​ការងារ និង​ជា​អនុប្រធាន​ទីភ្នាក់ងារ​ជាតិ​បាន​បញ្ជាក់ថា វេទិកា​នេះ​ក៏​ជាការ​ចូលរួម​ជំរុញ​យន្ដការ​ការងារ​រាជរដ្ឋាភិបាល​ដើម្បី​លើកកម្ពស់​ការងារ​ផងដែរ។ ក្រៅពី​ផល​ប្រ យោជន៍​ទាំងនេះហើយ ពិព័រណ៍​ការងារ​បាន​កាត់បន្ថយ​គម្លាត​រវាង​ការផ្គត់ផ្គង់ និង​តម្រូវការ​ក្នុង​ទីផ្សារការងារ​ព្រមទាំង​បង្ក​ភាព​ស្រួល​ដល់​យុវជន​ដែល​ត្រូវ​ឈានចូល​ទៅក្នុង​ទីផ្សារ​ងារ​ដើម្បី​បាន​ការងារ​បន្ទាប់ពី​បញ្ចប់​ការសិក្សា​ទៀតផង៕

Advertisement