ខ្លឹម ស្រីគា សម្រក់ទឹកភ្នែកព្រោះរឿងមួយ…

ទន្ទឹមនឹងមានការគាំទ្រ កញ្ញា ខ្លឹម ស្រីគា ដែលជាបេក្ខភាពតំណាង  Miss Grand Cambodia បានបង្ហាញឈុត “ទេវីក្រុងកម្ពុជាធិបតី” យ៉ាងស្រស់សោភា ព្រមទាំងក្បាច់រាំប្រពៃណីខ្មែរ ដែលធ្វើឱ្យទស្សនិកជនទូទាំងពិភពលោកទះដៃគាំទ្រចំពោះភាពទន់ភ្លន់របស់នាងនៅលើឆាកអន្ដរជាតិ Miss Grand International នៅប្រទេសវៀតណាមរួចមក  ស្រាប់តែថ្មីៗនេះបវរកញ្ញា ខ្លឹម ស្រីគា បានសម្រក់ទឹកភ្នែកយ៉ាងគួរអាណិតនៅចំពោះមុខសាធារណជន ហើយថែមទាំងលើកដៃសំពះសុំទោសអ្នកគាំទ្រកម្ពុជាទាំងអស់ទៀតផង។ តើមានរឿងអ្វីកើតឡើងចំពោះបេក្ខនារីរូបនេះ…?។

ក្នុងកិច្ចសម្ភាសបេក្ខភាពបវរកញ្ញាទាំង 25 ដែលតំណាងឲ្យជាតិសាសន៍ខុសៗគ្នាលើពិភពលោក ក្នុងកម្មវិធី Miss Grand International 2017 ដែលប្រារព្ធឡើងនៅកោះត្រល់ នាប្រទេសវៀតណាម ខណៈពេលបង្ហាញចំណាប់អារម្មណ៍របស់បេក្ខភាពរបស់ប្រទេសនីមួយៗ  បវរកញ្ញារាងខ្ពស់ស្រឡះ សម្បុរស្រអែមស្រស់ ខ្លឹម ស្រីគា បេក្ខភាព Miss Grand Cambodia នៅពេលផ្តល់កិច្ចសម្ភាសចប់ នាងក៏បានឡាយហ្វ៍វីដេអូភ្លាមៗ ដោយពោលទាំងអារម្មណ៍ភិតភ័យ អួលដើមក គួបផ្សំនឹងទឹកភ្នែករលីងរលោងចំពោះអ្នកគាំទ្រថា “សូមទោសផង ខ្ញុំនិយាយភាសាអង់គ្លេសមិនបានល្អ ប៉ុន្តែនាងខ្ញុំនឹងខំព្យាយាម ខំប្រឹងរហូតឲ្យបានជោគជ័យត្រឡប់ទៅប្រទេសកម្ពុជាយើងវិញ” ។

គួរបញ្ជាក់ផងដែរថា បេក្ខភាព Miss Grand Cambodia ដែលមហាជនអ្នកគាំទ្រជនជាតិខ្មែរកំពុងដាក់ការរំពឹងថានឹងនាំភាពជោគជ័យដើម្បីមុខមាត់ប្រទេសជាតិរូបនេះ នាងបានផ្ញើសារចុងក្រោយ បង្ហាញពីការដឹងគុណ និងថ្លែងអំណរអរគុណដល់បងប្អូនខ្មែរគ្រប់រូបដែលបានបោះឆ្នោតឲ្យ រហូតជាប់មកដល់វគ្គនេះ និងសូមឲ្យបងប្អូនខ្មែរយើងជួយបន្តការបោះឆ្នោតគាំទ្រថែមទៀត ដើម្បីឲ្យរូបនាងមានឱកាសនាំភាពជោគជ័យមកជូនប្រទេសកម្ពុជាយើង៕

Advertisement