អង្គការ JICA ផ្តើមសិក្ខាសាលាស្តីពីការអភិវឌ្ឍទឹកស្អាតនៅកម្ពុជា

ភ្នំពេញ៖ ក្នុងការចូលរួមលើកកម្ពស់សុខភាពប្រជាពលរដ្ឋ ក្រុមអ្នកជំនាញជប៉ុនមកពីទីក្រុង Kitakyushu និងអ្នកជំនាញអង្គការ JICA បានរួមគ្នាបើកសិក្ខាសាលាបណ្តុះបណ្តាលការអភិ​វឌ្ឍ​ទឹកស្អាតនៅកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរឡើង។

ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានចាត់ទុកការការបើកសិក្ខាសាលាស្តីពីបច្ចេកវិទ្យាវិស័យទឹកស្អាតរយៈពេល2ថ្ងៃ ចាប់ពីថ្ងៃទី21ដល់ថ្ងៃទី22នេះមានសារៈសំខាន់ណាស់ដើម្បីផ្តល់ជាចំណះដឹង និងបទពិសោធដល់ប្រតិបត្តិករទឹកស្អាត ទាំងរដ្ឋ និងឯកជនបានសិក្សាស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗទំនើបរបស់ជប៉ុន ដែលឱកាសនោះ មានការដាក់តាំងបង្ហាញឧបករណ៍ សម្ភារផ្នែកវិស័យទឹកស្អាតផងដែរ ។

ដើម្បីឱ្យសិក្ខាសាលាទទួលបានជោគជ័យធំធេង និងបញ្រ្ជាបចំណេះដឹងដល់សិក្ខាកាម កាន់តែច្បាស់​លាស់ ភាគីជប៉ុនសហការជាមួយមន្ត្រីជំនាញក្រសួងបានធ្វើការបកប្រែបទឧទ្ទេសនាមជាភាសាខ្មែរ ដើម្បីឱ្យប្រតិបត្តិករទឹកស្អាតទាំងអស់ដែលជាម្ចាស់ក្រុមហ៊ុន អង្គភាព ឬអ្នកមានតួនាទីក្នុងការសម្រេចចិត្តខ្ពស់ ពីព្រោះសិក្ខាសាលានេះជាការបញ្ជ្រាបចំណេះដឹង ដែលយើងផ្តល់តម្លៃខ្ពស់ដល់អ្នកជំនាញការមកពីប្រទេសជប៉ុន។

លោក TAKAYAMA Kazuo ប្រធានទទួលបន្ទុកផ្នែកគម្រោងអន្តរជាតិ នៃនាយកដ្ឋានគម្រោងអន្តរជាតិផ្នែកទឹកស្អាត និងទឹកកខ្វក់នៃទីក្រុង Kitakyushu ប្រទេសជប៉ុនថ្លែងថា សិក្ខាសាលានេះនឹងផ្តល់ចំណេះដឹង និងបទពិសោធ ពិសេសផ្តល់ជំនាញកាន់តែប្រសើរឡើងដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍នៅក្នុងអង្គភាព ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទៅដែរ៕

Advertisement