យល់ដឹងពី«តំបន់ប្រើប្រាស់ច្រើន»

អ្នកដែលនិយមដើរកម្សាន្ដតាមតំបន់ធម្មជាតិ ឬតំបន់អេកូទេសចរណ៍មិនប្រាកដថា ពួកគាត់នឹងយល់ដឹងអំពីតំបន់ធម្មជាតិទាំងអស់ដែរ ថ្ងៃនេះឡារ៉ែនសូមណែនាំមិត្ដអ្នកអាន និងភ្ញៀវទេសចរទាំងអស់ឱ្យបានស្គាល់និយមន័យនៃ«តំបន់ប្រើប្រាស់ច្រើន»  ដែលជាតំបន់មួយក្នុងចំណោមតំបន់ការពារធម្មជាតិទាំង 8។

«តំបន់ប្រើប្រាស់ច្រើន» សំដៅដល់តំបន់ក្នុងដែនដីគោក និងដែនទឹក ដែលក្នុងនោះមាន​សម្បូរ​ដោយប្រព័ន្ធធម្មជាតិ ដែលពុំទាន់រងការបំផ្លិចបំផ្លាញ និងតម្រូវឱ្យមានសកម្មភាពគ្រប់គ្រង ដើម្បី​ធានាការ​ការពារ ការថែទាំធនធានជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ី សម្រាប់រយៈពេលយូរអង្វែងដែលអាច​ផ្តល់​ផលិតផល និងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់​តាម​តម្រូវ​ការ​របស់​សហគមន៍។

តំបន់ប្រើប្រាស់ច្រើន ចំនួន3តំបន់ ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យចុះថ្ងៃទី1 ខែវិច្ឆិកា ឆ្នាំ​1993 និងទីតាំងចំនួន2តំបន់ទៀតត្រូវបានបង្កើតឡើងដោយអនុក្រឹត្យក្នុងឆ្នាំ2016។ តំបន់ប្រើ​ប្រាស់​ច្រើនទាំង5តំបន់ គ្របដណ្តប់នៅលើផ្ទៃដីសរុបចំនួន409,669ហិកតា ដែលស្មើ​នឹង2​,3%​ នៃផ្ទៃដីប្រទេសស្ថិតនៅក្នុងខេត្តសៀមរាប កោះកុង បាត់ដំបង កំពង់ធំ កំពង់ឆ្នាំង ប៉ៃលិន ពោធិ៍សាត់ ត្បូងឃ្មុំ និងខេត្តព្រះសីហនុ។

តំបន់ប្រើប្រាស់ច្រើន ទាំង 5 នោះមាន៖

  1. ដងពែង ស្ថិតនៅក្នុងខេត្តកោះកុង ដែលមានផ្ទៃក្រឡា 27,700​ហិកតា ចេញដោយព្រះរាជក្រឹត្យថ្ងៃទី1 វិច្ឆិកា ឆ្នាំ1993។
  2. សំឡូត ស្ថិតនៅក្នុងខេត្តប៉ៃលិន និងបាត់ដំបងដែល​មាន​ផ្ទៃក្រឡា 60,000​ ចេញដោយរាជក្រឹត្យថ្ងៃទី1 វិច្ឆិកា ឆ្នាំ1993។
  3. ទន្លេសាប ស្ថិតក្នុង​ទីតាំង​ខេត្តកំពង់​ធំ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងសៀមរាប ដែលមានផ្ទៃក្រឡា​ 316,250 ចេញដោយព្រះរាជក្រឹត្យ ថ្ងៃទី1 វិច្ឆិកា ឆ្នាំ1993។
  4. ពញាក្រែក ស្ថិតនៅទីតាំង ខេត្តត្បូងឃ្មុំ ដែល​មាន​ផ្ទៃក្រឡា​199ហិកតា ចេញ​ដោយ​អនុក្រឹត្យ ចុះថ្ងៃទី9 ឧសភា ឆ្នាំ2016។
  5. ព្រែកទឹកសាបក្បាលឆាយ ស្ថិតនៅក្នុងខេត្តព្រះសីហនុ ដែលមានផ្ទៃក្រឡា5,520ហិកតា ចេញដោយអនុក្រឹត្យ ចុះថ្ងៃទី5 មិថុនា ឆ្នាំ2016។

តំបន់ការពារធម្មជាតិត្រូវបានចែកចេញជា8តំបន់មាន៖ តំបន់​ឧទ្យាន​ជាតិ តំបន់​ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់​ប្រើប្រាស់​ច្រើន តំបន់​រាម​សារ តំបន់​ស្នូល​នៃ​ឋបនីយ​ជីវ​មណ្ឌល តំបន់​បេ​តិកភ​ណ្ឌ​ធម្មជាតិ តំបន់​ឧទ្យាន​ជាតិ​សមុទ្រ៕

Advertisement