Ronaldo ផ្តួល Messi ដើម្បី​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​របស់ FIFA

ខ្សែប្រយុទ្ធ Cristiano Ronaldo បាន​ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់​ពិភពលោក​ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់ Best Fifa Football Awards ឆ្នាំ2017 ក្នុង​ទីក្រុង​ឡុង​ដ៍ កាលពី​ថ្ងៃ​ចន្ទ។ ខ្សែប្រយុទ្ធ​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់រ​បស់​ក្លិប Real Madrid រូបនេះ​បាន​ផ្តួល​តារា​ឆ្នើម Lionel Messi របស់​ក្លិប Barcelona និង​ខ្សែប្រយុទ្ធ Neymar របស់​ក្លិប Paris St-Germain ដើម្បី​ឈ្នះ​ពាន​កិត្តិយស​ពី FIFA។

Ronaldo វ័យ 32ឆ្នាំ បាន​ជួយ​ឲ្យ​ក្រុម Real ឈ្នះ​ពាន​ទាំង​ពាន​ក្របខ័ណ្ឌ Champions League និង La Liga ក្នុង​រដូវ​កាល​ឆ្នាំ2016-2017។ ខ្សែបម្រើ​អន្តរជាតិ​ហូ​ឡង់ Lieke Martens របស់ក្លិប Barcelona បាន​ជាប់​ជា​កីឡាការិនី​ឆ្នើម​ប្រចាំឆ្នាំ​របស់ FIFA ស្របពេល​ដែល​លោក Zinedine Zidane របស់ក្លិប Real Madrid បានឈ្នះ​ពាន​គ្រូបង្វឹក​ឆ្នើម​បំផុត​ប្រចាំឆ្នាំ ហើយ​អ្នកស្រី Sarina Wiegman សញ្ជាតិហូឡង់ ក៏បានជាប់ជាគ្រូបង្វឹកឆ្នើមផ្នែកនារីប្រចាំឆ្នាំផងដែរ។ ស្របពេលជាមួយគ្នានេះ ខ្សែប្រយុទ្ធ Olivier Giroud របស់ក្លិប Arsenal បានឈ្នះ​ពាន Puskas សម្រាប់​ការរកបាន​គ្រាប់​បាល់​ដ៏​ល្អ​ដាច់​គេ​បំផុត​ក្នុង​ឆ្នាំ2017 តាមរយៈ​ការប្រើ​កែងជើង​ទាត់​បាល់​បញ្ចូល​ទី​ក្នុងពេល​ប្រកួត​ជាមួយនឹង​ក្រុម Crystal Palace កាលពី​ខែមករា។

Ronaldo បាន​ស៊ុត​បាល់​បញ្ចូល​ទី​សរុប44គ្រាប់ ក្នុងការ​ប្រកួត48លើក​សម្រាប់​ក្លិប និង​ប្រទេស​របស់គេ​ក្នុង​រដូវ​កាល​មកទល់ពេលនេះ ក្នុងនោះ​រាប់បញ្ចូល​ទាំង​ការ​ស៊ុត​បាល់​បញ្ចូល​ទី2គ្រាប់​ក្នុងពេល​ក្រុម​ខ្លួន​ទទួល​ជ័យជម្នះ 4-1 លើ​ក្រុម Juventus ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ​ផ្តាច់ព្រ័ត្រ ក្នុង​ទីក្រុង Cardiff កាលពី​ថ្ងៃទី3 ខែមិថុនា ផងដែរ។ នេះ​គឺជា​ការ​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​របស់​ពិភពលោក​ជា​លើក​ទី5 របស់គេ ប៉ុន្តែ​តារា​ឆ្នើម​រូបនេះ​នៅតែ​មិនទាន់​ស្កប់ចិត្ត​ឡើយ។ Ronaldo បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​ចង់​ឈ្នះ​ពាន​នេះ7លើក។ ការ​ឈ្នះ​ពាន​នេះ5លើក​គឺជា​រឿង​ដ៏​ល្អ ប៉ុន្តែ លេខ7 គឺជា​លេង​នាំ​សំណាង ហេតុនេះ ការ​ឈ្នះ​ពាន7លើក នឹង​ក្លាយជា​រឿង​ដ៏​ល្អ​អស្ចារ្យ»៕

ប្រភពពី៖ BBC

Advertisement