លោក គឹម ចាន់ណា៖ សិក្សា​ពី​ភាព​ល្អិត​បំផុត ជា​គន្លឹះ​មួយ​ដែលនាំឱ្យ​មនុស្ស​ជោគជ័យ

ពីមួយថ្ងៃ​ទៅមួយថ្ងៃ ពិភពលោក​ចាប់ផ្តើម​មានការ​ប្រែប្រួល ហើយ​ការធ្វើការងារ ការប្រកប​អាជីវកម្ម និង​ការរស់នៅ​ចាប់ផ្តើម​មានការ​ប្រកួត​ប្រជែង​កាន់តែខ្លាំងឡើងៗ ដែល​ទាមទារ​ឱ្យ​មនុស្សម្នាក់ៗត្រូវការ​វិធីសាស្ត្រ​ល្អ​សម្រាប់​អនុវត្ត​ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុងការ​រស់នៅ។

លោក គឹម ចាន់ណា នាយក​គ្រឹះស្ថានបោះពុម្ពផ្សាយ Mind Book បានលើកឡើង​នៅក្នុង​សិក្ខាសាលា​ស្តីពី «ផែនការ​ជីវិត​ប្រកបដោយ​ប្រសិទ្ធភាព» ថា គ្រប់​កិច្ចការងារ​ទាំងអស់ រួមទាំង​ការធ្វើ​អាជីវកម្ម​ផង ទាមទារ​ឱ្យមាន​ភាព​ហ្មត់ចត់ ច្បាស់លាស់ និង​ត្រូវមាន​ភាព​លម្អិត។ លោក​បានបញ្ជាក់​ផងដែរ​ថា ភាព​លម្អិត​នេះ​មាន​សារៈសំខាន់​ណាស់ ព្រោះថា នៅពេលដែល​យើង​ធ្វើ​អ្វីមួយ​ដោយ​ភាពច្បាស់លាស់ ហើយ​ហ្មត់ចត់​ត្រឹមត្រូវ​គ្រប់​ចំណុច ឬ​ធ្វើ​ដោយ​ភាព​ផ្ចិតផ្ចង់​នោះ យើង​នឹង​ទទួលបាន​នូវ​លទ្ធផល​ដែល​ស្ទើរតែ​គ្មាន​ចន្លោះប្រហោង។

លោក គឹម ចាន់ណា បាន​មានប្រសាសន៍ថា៖ «ធ្វើ​អ្វី​ក៏ដោយ ទោះបី​រកស៊ី ឬ​ធ្វើការ​ក៏ដោយ មិនចាំបាច់​ធ្វើ​អ្វី​ខុសគេ ឬ​ប្លែក​ពី​គេ​ទាំងស្រុង​ក៏​យើង​អាច​ជោគជ័យ​បានដែរ ឱ្យតែ​យើង​មាន​ចំណុច​ពិសេស​របស់​យើង ប្រកបដោយ​ភាព​លម្អិត​នៅក្នុង​នោះ»។

អ្នកនិពន្ធ និង​ជានា​យក​គ្រឹះស្ថានបោះពុម្ពផ្សាយ​ខាងលើ បានលើកឡើង​ផងដែរ​ថា ទន្ទឹមនឹង​ភាព​លម្អិត​នៅក្នុង​ជីវិត​នេះ ការធ្វើការងារ​គ្រប់យ៉ាង​ចាំបាច់​ត្រូវមាន​ភាព​ទទួលខុសត្រូវ​ខ្ពស់​ព្រោះថា ការរស់នៅ​របស់​មនុស្សម្នាក់ៗត្រូវការ​បំផុត​នូវ​ការទទួលខុសត្រូវ​ចំពោះ​គ្រប់​រឿង ជាពិសេស​ការទទួលខុសត្រូវ​ចំពោះ​ខ្លួនឯង។ នៅពេលដែល​យើង​មានការ​ទទួលខុសត្រូវ​ហើយ យើង​ក៏ត្រូវ​ចេះ​កំណត់​គោលដៅ​ដើម្បី​ដើរ​ឱ្យដល់​ចំណុច​ដែល​កាន់តែ​ប្រសើរឡើង ដោយ​ក្នុងនោះ​ត្រូវ​ស្វែងរក​ឱ្យឃើញ​នូវ​រឿង​ទាំងឡាយណា​ដែល​យើង​កំណត់ថា ត្រូវ​ប្តូរផ្តាច់​យក​ឱ្យបាន នៅពេលនោះ​យើង​នឹង​អាច​ក្លាយជា​មនុស្ស​ម្នាក់​ដែល​អាចធ្វើ​ការងារ​បាន​ដោយ​ភាពត្រឹមត្រូវ ហ្មត់ចត់ និង​ប្រកបដោយ​ថាមពល៕

Advertisement