អ្នកធ្វើការ​ឱ្យគេ…គួរ​ចេញ​រកស៊ី​ខ្លួនឯង​នៅពេលណា?

នៅ​យុគសម័យ​បច្ចេកវិទ្យា​នេះ សហគ្រិនភាព ជា​អ្វីដែល​មនុស្ស​ស្ទើរតែ​គ្រប់គ្នា​ប៉ងប្រាថ្នា ព្រោះថា ការធ្វើ​ខ្លួន​ជា​សហគ្រិន​ម្នាក់ គឺជា​មនុស្ស​ដែល​ត្រូវបាន​គេ​ឱ្យ​តម្លៃ ជា​អ្នក​ក្តោប​ក្តាប់​លើ​វាសនា​ខ្លួនឯង ជា​អ្នកផ្តល់​ឱកាស​ដល់​មនុ​ស្ស​ដទៃ រួមទាំង​ជា​អ្នក​ដែល​អាចជួយ​សង្គម​បាន​ច្រើន​ទៀតផង។ ដោយ​មើលឃើញ​ពី​ចរន្ត​ប្រកបដោយ​ភាព​វិជ្ជមាន​នេះ មាន​មនុស្ស​ជាច្រើន​ចាប់ផ្តើម​វិ​វ​ឌ្ឍ​ខ្លួន​ពី​អ្នកធ្វើការ​ឱ្យគេ មក​ធ្វើជា​ពាណិជ្ជករ​ដោយ​ខ្លួនឯង​ដែល​ពេលខ្លះ​បរាជ័យ ហើយ​វា​បាន​ក្លាយជា​មេរៀន​មួយ​ដែល​ធ្វើឱ្យ​ពួកគេ​ស្ទាក់ស្ទើរ​ក្នុងការ​ផ្លាស់ប្តូរ​យ៉ាងសំខាន់​នេះ។

ស្ថាបនិក​គ្រឹះស្ថាន​អប់រំ Start Up Cambodia លោក គីម ដា​រ៉ា បាន​លើកឡើងថា អ្នកធ្វើ​ការដែល​មានបំណង​ចង់​ក្លាយជា​អ្នកជំនួញ ត្រូវ​គិតថា កន្លែងធ្វើការ គឺជា​សាលារៀន​ដែល​អាចឱ្យ​យើង​រៀន​ពី​គ្រប់ផ្នែក តាំងពី​ផ្នែកតូចៗរហូតដល់​ការគ្រប់គ្រង​ស្ថាប័ន​ដែលមាន​មនុស្ស​ច្រើន។ ដើម្បី​ដើរ​លើផ្លូវ​នេះ​ឱ្យ​បានល្អ អ្នក​ដែល​ចង់​ក្លាយខ្លួនជា​សហគ្រិន​គួរ​ពង្រឹងសមត្ថភាព​ខ្លួនឯង​ឱ្យធ្វើ​យ៉ាងណា​បាន​ឡើង​តំណែង​ម្តងបន្តិចៗរហូតដល់​ក្លាយជា​មេ​គេ ឬ​ជិត​មេ​នៅក្នុង​ស្ថាប័ន​មួយ ដែល​ចំណុច​នេះ​អាចធ្វើឱ្យ​យើង​ទទួលបាន​ទាំង​គ្រឹះ​ហិរញ្ញវត្ថុ​រឹងមាំ និង​បទពិសោធ​ច្រើន​ក្នុង​ការធ្វើ​ជំនួញ ដែល​អាចធ្វើឱ្យ​យើង​ចេះ​ប្រុងប្រយ័ត្ន ហើយ​ប្រឈម​នឹង​បរាជ័យ​តិចតួច​បំផុត។

លោក គីម ដា​រ៉ា បាន​និយាយថា៖ «ការធ្វើ​អាជីវកម្ម​គឺជា​រឿង​ដែល​ត្រូវ​ប្រថុយ តែ​ក៏​មិនមែន​មានន័យថា ត្រូវ​ប្រថុយ​ដោយ​គ្មាន​ចំណេះដឹង និង​ភាពច្បាស់លាស់​នោះដែរ។ មុននឹង​បង្កើត​អាជីវកម្ម​មួយ​ត្រូវ​សិក្សា​ឱ្យ​ល្អិតល្អន់ និង​ច្បាស់លាស់​សិន​ចាំ​ធ្វើ ទើប​មិនត្រូវ​ដួល​ច្រើនដង ហើយ​ការធ្វើ​ជំនួញ​បែបនេះ​ក៏​បង្ហាញ​ពី​ភាពចាស់ទុំ​ផងដែរ»។

លោក គីម ដា​រ៉ា បាន​បន្ថែមថា ជម្រើស​ល្អ​មួយ​ផ្សេងទៀត​សម្រាប់​អ្នក​ចង់​ធ្វើ​ជំនួញ គឺ​ត្រូវ​ចេះ​ជ្រើសរើស​ម៉ូ​ដែល​ដែល​យើង​ចង់​ធ្វើ​នោះ​ដើម្បី​សាកល្បង។ វិធីសាស្ត្រ​សាកល្បង​គឺអាច​ចាប់ផ្តើម​ពី​អាជីវកម្ម​ណាមួយ​ជា​ទ្រង់ទ្រាយ​តូច​បំផុត ហើយ​សិក្សាបណ្តើរៗពី​កត្តា​ប្រឈម​របស់​វា ដើម្បី​ដោះស្រាយ និង​ត្រៀម​ចិត្ត​ពង្រីក​វា​ជា​លំដាប់ ឬ​អាច​ធ្វើការ​ឱ្យចំ​អាជីវកម្ម​នោះ​ដើម្បី​សិក្សា​ពី​វា​គ្រប់យ៉ាង។ លោក ដា​រ៉ា បន្ថែមថា មាន​អ្នកខ្លះ​មិន​ពូកែ​ធ្វើការ​ទេ តែ​គាត់​ចង់​បើក​អាជីវកម្ម ហើយ​អាជីវកម្ម​នោះ​មិនធំ​ពេក​ទេ ហេតុនេះ​គាត់​ត្រូវ​ទៅធ្វើ​ការងារ​ដើម្បី​ស្ទង់​មើល​ពី​ចំណូល និង​គន្លឹះ​មួយចំនួន​ពី​អាជីវកម្ម​នោះ ដូចជា​ដាក់ពាក្យ​ធ្វើការ​នៅ​ហាង​កាហ្វេ ដាក់ពាក្យ​ធ្វើការ​នៅ​ហាង​សេវាកម្ម​មួយចំនួន ដើម្បី​ដក​ពិសោធ​មុននឹង​ប្រើប្រាស់​គំនិត​ច្នៃប្រឌិត​របស់គាត់​យក​មករក​ស៊ី។

ងាក​មក​អ្នកជំនួញ​ម្នាក់ទៀត​លោក ហង្ស ព្រី​ន​យ៉ា ស្ថាបនិក​នៃ Business Matching បាន​លើកឡើងថា ដើម្បី​ចង់ដឹងថា តើ​ពេលណា​ជា​ពេលដែល​ត្រូវ​ឈប់​ធ្វើការ​ឱ្យគេ​ហើយ​ចេញមក​ធ្វើ​ជំនួញ យើង​គួរ​ស្ទង់​សមត្ថភាព​របស់​ខ្លួនឯង​ជាមុនសិន​ថា រវាង​យើង និង​មេ​យើង មួយណា​ខ្លាំង​ជាង?។ បើ​ដល់​ដំណាក់កាល​ថា យើង​ខ្លាំង​ជាង​មេ​ហើយ សាកល្បង​ចេញមក តែបើ​នៅ​គិតថា​ស្ទើរ​ទេ គួរ​រៀន​ឱ្យ​ខ្លាំង​ថែមទៀត​ពី​ការធ្វើការងារ ឬ​ពី​គ្រប់​មជ្ឈដ្ឋាន ដើម្បី​រត់​ឱ្យទាន់ ព្រោះ​គេ​ធំ​ស្រាប់​ហើយ បើ​គេ​ដើរ យើង​ត្រូវ​រត់។

លោក ហង្ស ព្រី​ន​យ៉ា បាន​និយាយថា៖ «បើ​ដាក់​គោលដៅ​ថា ចង់​រកស៊ី ត្រូវ​ស្មោះ​ជាមួយនឹង​គោលដៅ ហើយ​សម្រួច​វា​ឱ្យ​កាន់តែ​មុត​តាមរយៈ​ការចិញ្ចឹម​ចិត្ត និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​សកម្មភាពតូចៗឆ្ពោះទៅរក​គោលដៅ​នោះ»។

លោក ព្រី​ន​យ៉ា បាន​បន្ថែមទៀតថា ក្រៅពី​ការរៀនសូត្រ​ពី​ការងារ​ហើយ ក្នុងនាម​ជា​អ្នក​ដែល​ចិ​ញ្ចិ​ម​ចិត្ត​ចង់​ក្លាយជា​អ្នកជំនួញ​ត្រូវតែ​បង្កើន​សម្ព័ន្ធភាព​ឱ្យបាន​ល្អ​បំផុត​ទាំង​ជាមួយ​អ្នកធ្វើការងារ​ជាមួយគ្នា ជាមួយនឹង​មេដឹកនាំ​ក្រុមហ៊ុន និង​ជាមួយ​មនុស្ស​គ្រប់គ្នា​ដែល​ត្រូវ​ទាក់ទង​សម្រាប់​អនាគត​អាជីវកម្ម។ ការបង្កើន​សម្ព័ន្ធភាព​នេះ គឺអាច​ចាប់ផ្តើម​ពី​ការជ្រើសរើស​មេដឹកនាំ​ក្រុមហ៊ុន​ដែល​ផ្តល់ឱកាស​ឱ្យ​យើង​សិក្សា​រៀនសូត្រ ឬ​អាច​មេដឹកនាំ​ខ្លះ​រហូតដល់​ផ្តល់​ភាគហ៊ុន​ក្នុង​កម្រិត​ណាមួយ​សម្រាប់​យើង​ថែម​ទៀតផង។ ម្យ៉ាងវិញទៀត ត្រូវ​ភ្ជាប់​ទំនាក់ទំនង​ជាមួយនឹង​ដៃគូ​ពាណិជ្ជកម្ម​នានា​ដែល​យើង​អាច​ពឹង​ពាក់បាន ឬ​អាចបង្កើត​កិច្ចសហប្រតិបត្តិការ​ល្អ​បាន​នៅពេលដែល​យើង​បង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន៕

Advertisement