កម្ចី​ឥណទាន 10លាន​ដុល្លារ ត្រូវបាន​ផ្ដល់​ទៅដល់​ម្ចាស់​រោង​ម៉ាស៊ីន​ស្រូវ​ក្នុង​រដូវ​ប្រមូល​ផល​ដំបូង

ដើម្បី​ចូលរួម​ជំរុញ​លើ​សកម្មភាព​នៃ​ការប្រមូល​ផល​ស្រូវ​ឱ្យមាន​ភាពរលូន​ល្អ ក្នុងដំណាក់កាល​ដំបូង​នៃ​ការប្រមូល​ផល​នេះ​ធនាគារ​អភិវឌ្ឍន៍ជនបទ​បាន​ទម្លាក់​ឥណទាន​ក្នុង​រង្វង់10លាន​ដុល្លារ​សម្រាប់​ម្ចាស់​រោង​ម៉ាស៊ីន។

ឯកឧត្ដម កៅ ថាច អគ្គនាយក​នៃ​ធនាគារ​អភិវឌ្ឍន៍ជនបទ​បាន​លើកឡើងថា នៅ​ឆ្នាំនេះ​ធនាគារ​មាន​កញ្ចប់​ឥណទាន​សរុប50លាន​ដុល្លារ ជា​ទឹកប្រាក់​សម្រាប់​ទ្រទ្រង់​លើ​វិស័យ​ស្រូវ​អង្ករ ខណៈដែល​កាលពី​ឆ្នាំ2016 មានតែ27លាន​ដុល្លារ​ប៉ុណ្ណោះ។ ឯកឧត្ដម​បន្ដថា ក្នុង​រដូវ​កាល​ប្រមូល​ផល​ដំបូង​ធនាគារ​អភិវឌ្ឍន៍ជនបទ​បាន​ត្រៀម​កញ្ចប់​ឥណទាន​សម្រាប់​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ ក្នុង​រង្វង់10លាន​ដុល្លារ​ជាមួយនឹង​អត្រា​ការប្រាក់5%ក្នុង​មួយឆ្នាំ ដើម្បី​ទិញស្រូវ​យកមក​ស្តុក​ទុក។ ពិសេស​រដូវ​ប្រមូល​ផល​ស្រូវ​ធំ​ដែល​នឹង​ជិត​ឈានចូល​មកដល់​ក្នុងអំឡុងពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ។

ជាមួយនឹង​ការត្រៀម​ឥណទានថ្មីៗនេះ ធនាគារ​អភិវឌ្ឍន៍ជនបទ​បាន​ទម្លាក់​កញ្ចប់​ថវិកា​កម្ចី15លាន​ដុល្លារ​ដល់​ក្រុមហ៊ុន​នាំ​អង្ករ​ចេញធំៗចំនួន 2 ដើម្បី​យកទៅ​សង់​ឡស​ម្ងួ​ត និង​ឃ្លាំង​ស្តុក​ស្រូវ​នៅក្នុង​ខេត្ដ​ចំនួន 3 គឺ​ខេត្ដ​កំពង់ធំ ព្រៃវែង និង​តាកែវ​ដែល​នឹងត្រូវ​សាងសង់​រួច​នៅ​ខែមករា ឆ្នាំ2018 ខណៈដែល​រដូវ​ប្រមូល​ផល​ធំ​ត្រៀម​នឹង​ប្រមូល​ផល​ស្រូវ​សែន​ក្រអូប និង​សុ​ម៉ាលី​សម្រាប់​បំពេញតម្រូវការ​ទីផ្សារ។

អគ្គនាយក​នៃ​ធនាគារ​អភិវឌ្ឍន៍ជនបទ បញ្ជាក់ថា៖« ឆ្នាំមុន​ឥណទាន​សរុប​បាន​ទម្លាក់27លាន​ដុល្លារ​អាមេរិក ឆ្នាំនេះ​ថែម23លាន​ដុល្លារ​ទៀត​ដូច្នេះ​សរុប50លាន​ដុ​លា្ល​រ។ ក្នុង​រដូវ​កាល​ទី1យើង​បាន​ត្រៀម10លាន​ហើយ ដូច្នេះ​យើង​សង្ឃឹមថា នៅ​រដូវ​កាល​ប្រមូល​ផល​ធំ​ពី​ខែវិច្ឆិកា​ដល់​ខែកុម្ភៈ​នឹងមាន​ដំណើរការ​កាន់តែ​ល្អ​ជាង​មុន។ ក្នុងនោះ​គឺ​យើង​ទម្លាក់​អត្រា​ការប្រាក់​នៅសល់​ត្រឹម5% ក្នុងពេលដែល​ធនាគារ​ផ្សេង​អត់​ទាន់​មាន​នរណា​ទម្លាក់​ដល់​ថ្នាក់​ហ្នឹង​ទេ»។ ឯកឧត្ដម​បន្ថែមថា មូលហេតុ​នៃ​ការបន្ថែម​ឥណទាន​សម្រាប់​ទ្រទ្រង់​លើ​វិស័យ​ស្រូវ​អង្ករ​នេះ ព្រោះ​តែមាន​តម្រូវការ​អង្ករ​ក្នុងប្រទេស​ច្រើន ដូច្នេះ​ទើប​យើង​ជំរុញ​លើ​ការប្រមូល​ផល​បន្ថែមទៀត៕

Advertisement