ផ្នត់គំនិត​ភាពជោគជ័យ​របស់​មហា​សេដ្ឋី​ដែល​ចាប់ផ្ដើម​ពី​ចំណុចសូន្យ ដែល​មនុស្ស​ធម្មតា (ច្រើន) មើលរំលង…

ហេតុអ្វី​បាន​មនុស្ស​មួយចំនួន​ជួបនឹង​ភាពជោគជ័យ​យ៉ាង​គួរឱ្យ​មោទនភាព?  នោះ​ដោយសារតែ​ពួកគេ​មានជីវិត​ដែល​ល្អ មានឱកាស មាន​អ្នក​នៅចាំ​ចង្អុលបង្ហាញ​ផ្លូវ​ឱ្យ​យ៉ាង​ងាយស្រួល និង​ហេតុអ្វី​អ្នក​ខ្លះទៀត​ទទួលបាន​ភាពជោគជ័យ​មិន​ចាញ់​គ្នា តែ​ខុសគ្នា​នៅត្រង់​គ្មានអ្វី​ជា​ឧបករណ៍​បើកផ្លូវ ចាប់ផ្ដើម​ជីវិត​ពី​សូន្យ ទ្រេតទ្រោត​ដួល​ងើប​ត្រឡប់ត្រលិន​រហូត​អាច​ទទួលបាន​ភាពជោគជ័យ​មិន​ចាញ់​អ្នក​ដែលមាន​ឱកាសល្អ​ទាំង​នោះដែរ?

មហាសេដ្ឋី​ជាច្រើន​នាក់​បានបង្ហាញ​ឱ្យ​យើង​ឃើញថា ជីវិត​មិនចាំបាច់​ត្រូវមាន​មាសប្រាក់​លុយកាក់​មក​គ​រ​ទុកឱ្យ​តាំងពី​ដំបូង​នោះឡើយ យើង​អាច​សាង និងរ​កវាម​កបាន​ដោយ​សមត្ថភាព។

មនុស្ស​ជាច្រើន​ចាប់ផ្ដើម​ពី​កន្ទេល​មួយ​ខ្នើយ​មួយ តែ​ពេលវេលា​កន្លងទៅ អ្វីដែល​ពួកគេ​មាន​គឺ ភូមិគ្រឹះ​ដ៏​ធំ និង​រថយន្ត​ទំនើប ព្រមទាំង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ។ ប្រៀបដូចជា​ផ្លាស់​ជីវិត​ខ្លួនឯង​ជាថ្មី ពី​មនុស្ស​ធម្មតា​ដែល​គ្មាន​អ្នកណា​ស្គាល់ ក្លាយជា​បុគ្គល​ដែលមាន​ឈ្មោះ​ល្បី…

នោះ​ដោយសារតែ​ពួកគេ​ហ៊ាន​ក្នុងការ​ប្រឈម​នឹង​ក្ដី​ភ័យខ្លាច… 
នោះ​ដោយសារតែ​ពួកគេ​មិន​ញញើត​នឹង​ឧបសគ្គ​ដែល​នៅខាងមុខ…
នោះ​ដោយសារតែ​ពួកគេ​ជឿថា អ្វីដែល​គេ​កំពុង​ធ្វើ​នៅពេលនេះ​គឺ​សំខាន់បំផុត…

និង​នោះ​ដោយសារតែ​ពួកគេ​ព្យាយាម​ធ្វើ​នាពេល​បច្ចុប្បន្ន​ឱ្យ​ល្អ​បំផុត ចំណែក​លទ្ធផល​នឹង​ទៅជា​យ៉ាងណា​នោះ គ្មាន​នរណា​ទៅ​យកចិត្តទុកដាក់​នឹង​វា​ប៉ុន្មាន​ឡើយ  ព្រោះ​ការចាប់ផ្ដើម​ធ្វើតាម​ផែនទី​ដែល​បានរៀបចំ​ទុក​នៅ​នឹង​មុខ ផ្ចង់ស្មារតី​ជាមួយ​វា​ឱ្យ​ល្អ​បំផុត នោះ​យើង​នឹង​រកឃើញថា វា​គឺជា​ចំណែក​មួយ​របស់​ដុំ​ជិ​ក-ស (ក្រដាស​ត​រូបភាព) ដែល​នឹង​ត​ដំណើរ​ជីវិត​ដ៏​រុងរឿង​ឱ្យ​កើតឡើង​បាន។

មនុស្ស​ធម្មតា​ច្រើនតែ​មើលរំលង​សមត្ថភាព​ខ្លួនឯង-តែ​អ្នក​ដែល​ជួបនឹង​ភាពជោគជ័យ​មើលឃើញថា សមត្ថភាព​ដែល​ទន់ខ្សោយ អាច​បន្ថែម​បាន​ដោយ​ការរៀន​យល់ដឹង។

អ្នក​ជួប​ភាពជោគជ័យ​នឹង​នឹក​ស្រមៃ ហើយ​ចាប់​ផ្ដើមធ្វើ​វា​ឡើង​យ៉ាង​តាំងចិត្ត ចំណែក​មនុស្ស​ធម្មតា​គូសវាស​ក្ដី​ស្រមៃ និង…ស្រមើស្រមៃ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ដោយ​មិនបាន​ចាប់ផ្ដើម​ធ្វើ​វា​ឡើង​យ៉ាងពិត​ប្រាកដ​នោះទេ។

គ្មានអ្វី​ស្មុគស្មាញ​នៅក្នុង​ភាពជោគជ័យ​ដែល​ពួកគេ​បានទទួល​នោះទេ  គ្មាន​អាថ៌កំបាំង​អ្វី​បង្កប់​នៅក្នុង​នោះទេ មាន​ត្រឹមតែ​ទស្សនៈ និង​គំនិត​ដែល​ខុសប្លែក​ពី​មនុស្ស​ធម្មតា​ប៉ុណ្ណោះ។ មហាសេដ្ឋី​ដែល​ចាប់ផ្ដើម​ជីវិត​ពី​សូន្យ​សុទ្ធតែ​ធ្លាប់ជា​មនុស្ស​ធម្មតា​ពីមុនមក​ទាំងអស់ ប៉ុន្តែ​ខួរក្បាល​ពួកគេ​បែរជា​មាន​បែបផែន​ដែល​ខុសប្លែក មាន​ភាពជឿជាក់ មាន​ក្ដី​ព្យាយាម និង​សម្លឹងមើល​ពិភពលោក​យ៉ាង​យល់ដឹង។ មិន​ថា​ជោគជ័យ ឬ​បរាជ័យ​នោះទេ មនុស្ស​ទាំងនោះ​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​ឈានទៅ​ខាងមុខ​បែប​មិន​ញញើតញញើម  នេះ​គឺ​ផ្នត់គំនិត​ដែល​មនុស្ស​ជាច្រើន​មើលរំលង។ មិន​ហ៊ាន​ដើរ​ចេញពី​កន្លែង​ដែល​ខ្លួនឯង​គិតថា សុខ​ស្រួល​បំផុត​ហើយ​នៅក្នុង​ចំណុច​ដែល​ខ្លួនឯង​កំពុង​ឈរ​នេះ។ ខ្លាច​ការ​ចេញទៅ​ប្រឈម​នឹង​ពិភពថ្មី​មួយ​ដែល​មិន​ប្រាកដ​ក្នុង​ចិត្ត​ថា ជា Comfort zone ដូច​មុន​ឬក៏​អត់?។

បើ​មិន​ចង់​ធ្វើជា​មនុស្ស​ធម្មតា – សាកល្បង​ប្រឈមមុខ​នឹង​ក្តី​ភ័យខ្លាច សាកល្បង​ធ្វើ​នូវ​អ្វីដែល​មិន​ធ្លាប់ធ្វើ សាកល្បង​ចាប់យក​ក្ដី​ស្រមៃ​មក ហើយ​ចាប់​ផ្ដើមធ្វើ​សាក ល​មើល​ឱ្យបាន​ម្ដង​ទៅ​មើល៍។ អ្វីដែល​គិតថា ធ្វើ​មិនកើត អាច​នឹង​ក្លាយជា​ចំណុច​ចាប់ផ្ដើមរ​បស់ជំហាន​ដំបូង ហើយ​វា​ដឹកនាំ​យើង​ធ្វើដំណើរ​ឆ្ពោះទៅរក​ចំណុចកំពូល​នៃ​ភាពជោគជ័យ​ដូចដែល​យើង​ត្រូវការ​ក៏​អាច​ថា​បានដែរ…៕

រៀបរៀង​ដោយ តា​វ៉ែនតា

Advertisement