អ្នកជំនាញ៖ ស្ថានភាព​នយោបាយ ​តែងមាន​ឥទ្ធិពល​លើ​វិស័យ​អចលនទ្រព្យ

អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​បាន​អះអាងថា ចរន្ត​អាជីវកម្ម​ក្នុង​វិស័យ​អចលនទ្រព្យ​តែងតែ​ទទួលរង​ឥទ្ធិពល​ពី​នយោបាយ​ពិសេស​នៅពេល​ជិត​បោះឆ្នោត ប៉ុន្តែ​ស្ថានភាព​បែបនេះ​នឹង​ថយឥទ្ធិពល​ទៅវិញ​នៅពេល​ស្ថានភាព​នយោបាយ​អាច​គ្រប់គ្រង​បាន។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ខ្មែរ​រៀល​អុ​ី​ស្ទេ​ត លោក​បណ្ឌិត គីម ហ៊ាង បាន​និយាយថា ការបោះឆ្នោត​តែងតែ​ប៉ះពាល់​ដល់​វិស័យផ្សេងៗ ហើយ​វា​មិនមែន​កើតឡើង​តែ​នៅ​ប្រទេស​កម្ពុជា​នោះទេ។ ភាពជាប់គាំង ឬ​ការដើរ ថយក្រោយ​នោះ គឺ​កើតមាន​ស្ទើរ
គ្រប់​ប្រទេស​ទាំងអស់​លើ​ពិភពលោក។

ទាក់ទង​នឹង​ស្ថានភាព​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នាពេលនេះ លោក​បណ្ឌិត បាន​បញ្ជាក់ថា ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​មិនមែន​ជាប់គាំង ឬ​ដើរ​ថយក្រោយ​ដោយសារ​កត្តានយោបាយ​នោះទេ ប៉ុន្តែ​តម្លៃ​ដីធ្លី​នាពេលនេះ​គឺ​បាន​ហាក់​ឡើង​ខ្ពស់​ខុសពី​តម្លៃពិត​ជាក់ស្តែង ដោយសារ​ម្ចាស់​ដីធ្លី​ទាមទារ​តាមចិត្ត​របស់គាត់​ចង់បាន ដូចនេះ​អ្នកមាន​លុយ​ត្រូវ​រក្សា​លុយ​ទុក​សិន រហូតដល់​ខ្លួន​អាច​ស្វែងរក​តម្លៃ​ណា​ដែល​សមរម្យ​បាន។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​បញ្ជាក់ថា៖“តម្លៃ​ដីធ្លី​នៅ​កម្ពុជា​ពេលនេះ បាន​ហក់​ឡើង​ខ្ពស់​រហូតដល់​កម្រិត​មួយ​ដែល​ពិបាក​ទិញ​លក់ ប៉ុន្តែ​តម្លៃ​ហក់​ឡើង​នេះ​មិនមែនជា​តម្លៃពិត​នោះទេ។ តម្លៃពិត គឺជា​តម្លៃ​ដែល​អ្នកលក់​ចង់​លក់ និង​អ្នកទិញ​ចង់​ទិញ ខណៈ​បច្ចុប្បន្ន​តម្លៃ​ស្ថិតនៅលើ​មាត់​អ្នកលក់​ដែល​តែងតែ​ទាមទារ​តាមចិត្ត​គាត់​ចង់។ បើសិន​គាត់​លក់​ក្នុងតម្លៃ​ធម្មតា អ្នក​ដែល​ត្រូវការ​ប្រាកដ​ជាមាន​ច្រើន។

លោក​បណ្ឌិត គីម ហ៊ាង ក៏បានផ្តល់​យោបល់​ដល់​អ្នក​ដែល​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​អចលនទ្រព្យ គួរតែ​ទិញ​ដី​នៅពេល​ជិត​បោះឆ្នោត ព្រោះ​ស្ថានភាព​តម្លៃ​ដីធ្លី​អាច​ធ្លាក់ចុះ​បន្តិច ដោយសារ​មាន​អ្នកត្រូវការ​លុយ​ច្រើន។

លោក​បណ្ឌិត​បាន​អះអាងថា៖“ជិត​បោះឆ្នោត​តម្លៃ​ដី​ធ្លាក់ចុះ ងាយស្រួល​ទិញ។ បើ​ទិញ​ពី​ឥឡូវ​ក្នុង​រយៈពេល1ឆ្នាំ ឬ 2ឆ្នាំក្រោយ​តម្លៃ​ដី​នឹង​ហក់​ឡើងវិញ។ ជិត​បោះឆ្នោត​មនុស្ស​ត្រូវការ​លុយ​ច្រើន តម្លៃ​ដីធ្លី​អាច​ធ្លាក់ចុះ។

តួលេខ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បង្ហាញថា គិតពី​ឆ្នាំ2010 រហូតមកដល់​ខែកញ្ញា ឆ្នាំ 2017 ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានផ្តល់​អាជ្ញា​បណ្ណ​ដល់​ក្រុមហ៊ុន​អភិវឌ្ឍ​លំនៅឋាន សរុប​ចំនួន 213គម្រោង។ ក្នុងចំណោម​គម្រោង​ដែល​ទទួលបាន​អាជ្ញា​បណ្ណ ក្នុងនោះ​គម្រោង​បុរី​មាន​ចំនួន132គម្រោង​ស្មើនឹង31,997ផ្ទះ និង​អគារ​សហកម្មសិទ្ធិ​មាន​ចំនួន 81គម្រោង ស្មើនឹង29,612បន្ទប់ (យូ​នី​ត)។

លោកជំទាវ ងួន សុខា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​អះអាង​កាលពីពេលថ្មីៗនេះ​ថា វិស័យ​សំណង់​គឺជា​ចំណុច​ស្នូល​ដ៏​សំខាន់​នៃការផ្លាស់ប្តូរ​នៅក្នុង​ប្រទេស​កម្ពុជា។ មកទល់​បច្ចុប្បន្ន​ឧស្សាហកម្ម​សំណង់​នៅ​ប្រទេស​កម្ពុជា បានរួម​ចំណែក​ប្រមាណ​មួយ​ភាគ​ដប់​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស និង​បាន​បង្កើត​ការងារ​ដោយផ្ទាល់ និង​មិនផ្ទាល់​សម្រាប់​ពលរដ្ឋ​ជាច្រើន។ លើសពីនេះ​ដោយសារ​វិស័យ​សំណង់​មានការ​ចូលរួម​ច្រើន​ពី​សំណាក់​សហគ្រាស​ធុន​តូច និង​មធ្យម​ដូច្នេះ​វិស័យនេះ​បាន​បង្កើត​ប្រាក់ចំណូល​ដែល​ត្រូវបាន​បែងចែក​ទូលំទូលាយ ធ្វើឱ្យ​កំណើនសេដ្ឋកិច្ច​កម្ពុជា​កា​ន់​តែ​ប្រកបដោយ​បរិ​យា​ប័ន្ន។

លោកជំទាវ បាន​មានប្រសាសន៍ថា៖“ស្ថិតក្នុង​បរិការណ៍​នេះ ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​អ្នក​អភិវឌ្ឍ​លំនៅឋាន​ទាំងអស់ ដែល​បាននិងកំពុង​ធ្វើ​ប្រតិបត្តិការ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​យកចិត្តទុកដាក់​ដល់​ការធ្វើ​ពិពិធ​កម្ម និង​ពង្រីក​វិសាលភាព​នៃ​ការស្ថាបនា​គម្រោង​របស់​ខ្លួន​ឱ្យបាន​កាន់តែ​ទូលំទូលាយ​ដល់​តំបន់ និង​ទីតាំង​សំខាន់ផ្សេងៗទៀត ដែលជា​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​រូបវ័ន្ត​របស់​យើង។ ការចូលរួម​យ៉ាងសកម្ម​របស់​អ្នក​អភិវឌ្ឍ​លំនៅឋាន​នៅក្នុង​វិស័យ​អចលនវត្ថុ និង​សំណង់នៅ​កម្ពុជា គឺជា​ការជួយជ្រោមជ្រែង​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​ឱ្យមាន​សន្ទុះ​កាន់តែ​លឿន​ថែមទៀត”៕

Advertisement