ជោគជ័យ តែង​បានមកពី​បរាជ័យ

– មិនមាន​ទេ…ដំណើរ​ផ្លូវ​ទៅរក​ភាពជោគជ័យ​ដែល​រោយ​ដោយ​ស្រទាប់ផ្កា​កុលាប…
– តើ​មាន​អ្វីខ្លះ​ដែល​បានមក​យ៉ាងងាយៗ ហើយ​រីកចម្រើន​លូតលាស់​ល្អ​ដោយ​មិនចាំបាច់​បញ្ចេញ​កម្លាំង?
ចម្លើយ​គឺ មាន!  តែ​រឿង​នោះ​ប្រហែលជា​នៅ​ជាមួយ​យើង​មិន​បានយូរ​ឡើយ។

នៅលើ​ដំណើរ​ផ្លូវ​ដែល​រោយ​ដោយ​ស្រទាប់ផ្កា​កុលាប វា​ក៏​គ្រាន់តែ​ជា​ដំណើរ​ផ្លូវ​របស់​មនុស្ស​ទន់ជ្រាយ​ដែល​មិន​ព្រម​ខំប្រឹង​ពុះពារ​តតាំង​នឹង​ឧបសគ្គ។ ជា​ដំណើរ​ផ្លូវ​មួយ​ដែល​មើលទៅ​ល្អ​សប្បាយ​ជាច្រើន​បែប មិនចាំបាច់​ចាប់ផ្ដើម​អ្វី​ច្រើន​ឡើយ  គ្រាន់តែ​អង្គុយ​ឱន​មុខ​ខំប្រឹង​ធ្វើការ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ហើយ​គិតតែ​ស្វែងរក​ភាពជោគជ័យ​ដែល​មិនដឹង​ជា​នៅទីណា…។

មាន​ក្តី​ស្រមៃ​ជាច្រើន​នៅក្នុង​ខួរក្បាល តែ​មិនដែល​ចាប់ផ្ដើម​ធ្វើ ព្រោះ​ខ្លាច​បរាជ័យ ខ្លាច​ភ្លាត់ភ្លាំង វា​ក៏​មិន​ខុស​អ្វី​ពី​ការ​អង្គុយធម្មតាៗដើម្បី​រង់ចាំ​ឱកាស​ដែល​មិនដឹងថា នឹង​មកដល់​នៅពេលណា…។

ទោះជា​ឱកាស​ចូលមក​ដល់ តែ​បទពិសោធ​ដ៏​តិចតួច​របស់​យើង​ច្បាស់​ជា​នឹង​ធ្វើឱ្យ​ដំណើរ​ផ្លូវ​នៃ​ក្ដី​ស្រមៃ​ក្លាយជា​អ្វីមួយ​ដែល​លំបាកលំបិន​រហូតដល់​ចង់តែ​ដកទ័ព​ថយ…។

គ្រាន់​តែដោយសារ​ស្រទាប់ផ្កា​កុលាប​ដែល​រោយ​ចុះមក​ក្នុងអំឡុងពេលដំបូងៗ និង​តម​ក​ចាប់ផ្ដើម​មាន​ចម្រូង​បន្លា​មកចាក់​ដោត​ជើងច្រើនឡើងៗជាបណ្ដើរៗនោះ មានតែ​មនុស្ស​មិន​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ដែល​នៅតែ​ហ៊ាន​ដើរ​តទៅ​មុខ​រហូតដល់​ជួបនឹង​ភាពជោគជ័យ​ដ៏​ច្រើន។ មនុស្ស​ប្រភេទ​ហ្នឹង​មាន​មិន​ច្រើន​ប៉ុន្មាន​ទេ​នៅលើ​ពិភពលោក ព្រោះ​ពួកគេ​មាន​ភាពជឿជាក់​លើ​ខ្លួនឯង និង​ប្រាកដ​ក្នុង​ចិត្ត​ថា ក្ដី​ឈឺចាប់ និង​ការខិតខំ​រើបម្រះ​ក្នុងថ្ងៃនេះ​នឹង​ក្លាយជា​អ្នក​នាំ​ភាពជោគជ័យ​មកឱ្យ​ពួកគេ​បាន​នាពេល​អនាគត។

គ្រប់​ភាពជោគជ័យ​ដែលមាន​តម្លៃ គ្រប់​ក្ដី​ស្រមៃ​ដែល​យើង​គូសវាស​ទុក ទម្រាំ​តែ​ឈានទៅ​ស្រវា​ចាប់​វា​មក​គ្រប់គ្រង​បាន ត្រូវ​ឆ្លង​កាត់ក្តី​បរាជ័យ ក្តី​អស់សង្ឃឹម ក្ដី​រួញរា និង​ក្ដី​ភិតភ័យ រហូតដល់​ក្ដី​ភ័យខ្លាច​ពីអ្វី​ដែល​មើលមិនឃើញ​ទៀតផង។ អ្នក​ដែល​ហ៊ាន​ឈាន​រំលង និង​ចាប់ផ្ដើម​កែ​បញ្ហា​ចំពោះមុខ​ដោយ​ក្ដី​ជឿជាក់ថា ខ្លួនឯង​អាចធ្វើ​បាន​ដោយ​មិន​រួញរា​នឹង​អ្វីដែល​ហៅថា ឧ​សគ្គ​នោះ នៅ​ទីបំផុត​ពួកគេ​នឹង​ក្លាយជា​មនុស្ស​ដែល​ទទួលជោគជ័យ​ក្នុង​ជីវិត។ ជា​ភាពជោគជ័យ​ដែល​ស្ថិតស្ថេរ និង​សែន​មាន​មោទនភាព វា​នឹង​នៅ​គង់វង្ស និង​រីក​ធំធាត់​ជាមួយ​យើង​រហូត​តទៅ​យ៉ាង​មានគុណ​តម្លៃ។

អ្នក​ដែល​កំពុង​ដើរទៅ​មុខ​តាម​ក្ដី​ស្រមៃ​របស់ខ្លួន ចូរ​ចាំ​ទុក​ជាប់​ជានិច្ច​ថា ភាពជោគជ័យ​ដែល​រោយ​ដោយ​ស្រទាប់ផ្កា​កុលាប​រហូត​ពេញ​មួយ​ដំណើរ​ផ្លូវ​នោះ គឺ​គ្រាន់តែ​ជា​រូបភាព​បន្លំ​ភ្នែក​ដែល​គ្មាន​រូបរាង​ពិតប្រាកដ​ឡើយ។ ការ​នឹង​ឈានទៅ​មុខ​យ៉ាង​មុតមាំ​លើ​ដំណើរ​ផ្លូវ​នៃ​ភាពជោគជ័យ​បាន ត្រូវតែ​ឆ្លងកាត់​ឧបសគ្គ​ដ៏​ច្រើន​ដែល​វា​ជា​អ្នក​សាកល្បង​ចិត្ត​របស់​យើង​ថា តើ​យើង​មានតម្លៃ​គ្រប់គ្រាន់​ជាមួយនឹង​ក្ដី​ស្រមៃ​ដ៏​ធំធេង​នោះដែរ​ឬទេ?។

បទពិសោធ​ដែល​កន្លងផុត​ទៅក្នុង​ក្ដី​លំបាកលំបិននីមួយៗដែល​បាន​ជួប​ក្នុង​ដំណើរ​ផ្លូវ គឺជា​អ្នក​ជួយ​សាង​ភាពរឹងមាំ​ឱ្យ​យើង​នាពេល​អនាគត។ រឹតតែ​ច្រើន​ប៉ុនណា រឹតតែ​ជួយ​ធ្វើឱ្យ​បេះដូង​យើង​រឹងមាំ និង​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​ប្រឈម​ជាមួយនឹង​បញ្ហាផ្សេងៗទៀត​ដែល​នឹង​ចូលមក​នាពេល​អនាគត​បាន​យ៉ាង​មិន​ភ័យខ្លាច។

ចូរ​ជឿជាក់​លើ​សមត្ថភាព​រប​ស់​ខ្លួន ឈាន​រំលង​បញ្ហា និង​ចេញ​ដើរ​នៅលើ​ដំណើរ​ផ្លូវ​ដែល​ពេញ​ទៅដោយ​ចម្រូង​បន្លា​យ៉ាង​គ្មាន​ភ័យខ្លាច…ភាពជោគជ័យ​នឹង​រង់ចាំ​អ្នក​នៅខាងមុខ៕

រៀបរៀង​ដោយ តា​វ៉ែនតា

Advertisement