Ibrahimovic ស្រេកឃ្លាន​ឈ្នះ​ពាន Premier League ជាមួយ Man United

ខ្សែប្រយុទ្ធ​ជើងចាស់ Zlatan Ibrahimovic កំពុងតែ​សម្លឹង​រក​ការ​ឈ្នះ​ពាន​ក្របខ័ណ្ឌ Premier League ជាមួយនឹង​ក្រុម Manchester United ខណៈដែល​រូបគេ​បាន​បង្ហើប​ពី​គម្រោង​ក្នុង​ការវិល​ពី​បញ្ហា​របួស​ជង្គង់​ដ៏​ធ្ងន់ធ្ងរ​វិញ​ដើម្បី «បញ្ចប់​អ្វីដែល​ខ្ញុំ​បានចាប់ផ្តើម»។

អតីត​ប្រធាន​ក្រុមបាល់ទាត់​ជម្រើសជាតិ​ស៊ុយអែត​វ័យ36ឆ្នាំ​រូបនេះ បាន​អវត្តមាន​ពី​ការប្រកួត​ចាប់តាំងពី​ដាច់​សរសៃ​ជង្គង់​ក្នុងការ​ប្រកួត​ក្របខ័ណ្ឌ Europa League ជាមួយនឹង​ក្រុម Anderlecht កាលពី​ខែមេសា​មកម្ល៉េះ។ Ibrahimovic ដែល​បាន​ចុះហត្ថលេខា​ថ្មី​រយៈពេល1ឆ្នាំ​ជាមួយនឹង​ក្រុម Man United កាលពី​រដូវក្តៅ និង​ត្រូវបាន​រំពឹងទុក​ថា នឹង​វិល​ចូល​លេង​វិញ​នៅមុន​ពេល​ចុង​ឆ្នាំនេះ បាន​ប្រាប់​ទូរទស្សន៍ Sky Sports ថា៖ «ខ្ញុំ​បាន​និយាយថា ខ្ញុំ​នឹង​វិលត្រឡប់​មកវិញ​ដើម្បី​បញ្ចប់​អ្វីដែល​ខ្ញុំ​បានចាប់ផ្តើម»។

ខ្សែប្រយុទ្ធ​ជើងចាស់​រូបនេះ​បាន​ប្រាប់​បន្តថា៖ «រាល់អ្វីៗទាំងអស់​ដែល​ខ្ញុំ​កសាង​កាលពី​រដូវ​កាល​ទី1 ពីព្រោះ​យើង​ពិតជា​បានឈ្នះ​ពាន​បី ការបញ្ចប់​សម្រាប់​ខ្ញុំ​គឺ​មិនមែន​បញ្ចប់​តាម​ដែល​ខ្ញុំ​ចង់បាន​ឡើយ ឬក៏​គ្មាន​នរណា​ចង់បាន​ឡើយ ជាពិសេស បន្ទាប់ពី​រដូវ​កាលនោះ​បានបញ្ចប់»។ Ibrahimovic បាន​បន្ថែមទៀតថា៖ «គោលដៅ​គឺ​ការ​ឈ្នះ​ពាន Premier League។ នោះ​គឺជា​គោលដៅ​ក្នុង​ការបញ្ចប់។ ហេតុនេះ រាល់អ្វីៗទាំងអស់ ដែល​ខ្ញុំ​បានចាប់ផ្តើម​ពី​រដូវ​កាល​ទី1 យើង​នឹង​បញ្ចប់​វា​ក្នុង​រដូវ​កាល​ទី2»។

បញ្ហា​របួស បានធ្វើ​ឲ្យ​អនាគត​របស់ Ibrahimovic ស្ថិតក្នុង​ភាពស្រពេចស្រពិល ក្រោយពី​បាន​លេង​បានត្រឹមតែ1ឆ្នាំ ប៉ុន្តែ រូបគេ​មិនបាន​បោះបង់​ឡើយ។ Ibrahimovic បាន​បង្កើត​ការភ្ញាក់ផ្អើល​ដ៏​គួរ​ឲ្យ​កត់សម្គាល់​ជាមួយនឹង Man United កាលពី​រដូវ​កាល​មុន ដោយបាន​ស៊ុត​បាល់​បញ្ចូល​ទី28គ្រាប់​ក្នុងការ​បង្ហាញខ្លួន46លើក ខណៈដែល​ក្លិប​របស់គេ​បានឈ្នះ​ពាន Community Shield, League Cup និង Europa League៕

ប្រភពពី៖ The Guardian

Advertisement