សេដ្ឋកិច្ច​អាស៊ី និង​ពិភពលោក៖ អាស៊ី​ក្លាយជា​តំបន់​ដែលមាន​មហាសេដ្ឋី​លុយ​ពាន់​លាន​ច្រើនជាង​សហរដ្ឋអាមេរិក

ជា​រឿង​មួយ​ដែល​គួរឱ្យ​ចាប់អារម្មណ៍​បំផុត ខណៈដែល​ពេលនេះ​មហាសេដ្ឋី​ដែលមាន​ប្រាក់​លំដាប់​ពាន់​លាន​ដុល្លារ​អាមេរិក​ឡើងទៅ ត្រូវបាន​គេ​រកឃើញថា ស្ថិតនៅក្នុង​ទ្វីបអាស៊ី​ច្រើនជាង​សហរដ្ឋអាមេរិក។

របាយការណ៍​មួយ​ចេញផ្សាយ​ដោយ UBS និង Price Water House Coopers បាន​បង្ហើប​ឱ្យដឹងថា ក្នុង​ឆ្នាំ 2016 កន្លងទៅ មាន​មហាសេដ្ឋី​ថ្មី​កើនឡើង​ប្រមាណ​ជា 17% គិត​ជា​ទឹកប្រាក់​ប្រមាណ​ជា 6 លាន​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដោយ​ការរីក​ធំធាត់​នេះ ភាគច្រើន​បានមកពី​ផ្នែក​ធុរកិច្ច​នៅក្នុង​ប្រទេស​ចិន​ជា​ចម្បង ដែល​រឿង​នោះបាន​ធ្វើឱ្យ​កើតមាន​មហាសេដ្ឋី​ជនជាតិ​ចិន​មាន​ប្រាក់​លំដាប់ “ពាន់​លាន” មាន​ចំនួន​ច្រើនជាង​សហរដ្ឋអាមេរិក​ជា​លើកដំបូង តែ​ទោះជា​យ៉ាង​ដូច្នេះ​មែន ក៏​មហាសេដ្ឋី​សញ្ជាតិ​អាមេរិក​នៅតែ​គ្រប់គ្រង​ភាពជា​អ្នកមាន​ទ្រព្យសម្បត្តិ​រឹងមាំ​ខ្លាំង​ជាង​ក្នុង​រង្វង់ 2.8 លាន​លាន​ដុល្លារ​អាមេរិក​ដែរ ចំណែក​អាស៊ី​នៅតែ​តាម​ពីក្រោយ​ក្នុង​រង្វង់ 1.9 លាន​លាន​ដុល្លារ​អាមេរិក​ដដែល។

ខណៈពេល​ជាមួយគ្នា ការកើនឡើង​នៃ​សេដ្ឋកិច្ច​ក្នុង​អឺរ៉ុប​វិញ បែរជា​មើលទៅ​គ្មាន​ការប្រែប្រួល​អ្វី​ជា​ដុំកំភួន​ឡើយ។ ទាំងអស់នេះ UBS បាន​វិភាគ​ថា ដោយសារតែ​បណ្ដា​ប្រទេស​ក្នុង​ទ្វីបអឺរ៉ុប​មានការ​ធ្វើ​ធុរកិច្ច​បែប​ជា​អនុរក្ស​និយម រួមទាំង​មានច្បាប់​វិន័យ​ដែល​ម៉ឺងម៉ាត់​ខ្លាំង ទើប​ក្លាយជា​រឿង​ពិបាក​ដែល​ចំនួន​មហាសេដ្ឋី​នឹង​ពង្រីក​ខ្លួន​នៅពេល​ប្រៀបធៀប​ជាមួយ​ទ្វីបអាស៊ី។

យ៉ាងណាក៏ដោយ ភាព​គួរឱ្យ​ចាប់អារម្មណ៍​របស់​របា​យ​ការណ៍​នោះ​គឺ អាស៊ី​បាន​ក្លាយជា​ភូមិភាគ​ដែលមាន​ការរីក​ច្រើនឡើង​របស់​មហាសេដ្ឋីថ្មីៗរៀងរាល់ 3 សប្ដាហ៍ ដែល​បណ្ដាលមកពី​ការវិនិយោគទុន​របស់​រដ្ឋ​ក្នុងប្រទេស​ចិន ជាពិសេស​នយោបាយ​ការវិនិយោគ​ក្រោម​ឈ្មោះ​រដ្ឋ​របស់លោក ស៊ី ជីន​ភីង ដែល​ទើបនឹង​បានទទួល​ការជ្រើសតាំង​ឱ្យ​គ្រប់គ្រង​តំណែង​បន្តទៀត 5 ឆ្នាំ​ទៀតផង​នោះ ក៏​នឹង​រឹតតែ​ធ្វើឱ្យ​ឱកាស​នៃ​ការរីក​ធំធាត់​របស់​មហាសេដ្ឋី​ចិន​នៅតែ​កើន​ឡើងជា​បន្តបន្ទាប់។

យ៉ាងណាក៏ដោយ នៅមាន​រឿង​ដែល​គួរឱ្យ​ចាប់អារម្មណ៍​មួយ​ប្រការ​ទៀត នោះ​គឺ បណ្ដា​ក្រុម​អ្នកមាន​ក្នុង​យុគ​បច្ចុប្បន្ន​កំពុងផ្ដល់​ចំណាប់អារម្មណ៍​ទៅលើ​ផ្នែក​សិល្បៈ និង​កីឡា​យ៉ាងខ្លាំង​ទៀតផង ជាពិសេស​ផ្នែក​សិល្បៈ អាច​រាប់បាន​ថា ជា​ការលើក​កម្រិត​ឡើង​ទាំង​ក្នុងន័យ​ឋានៈ និង​ទ្រព្យសម្បត្តិ ដូចជា​ការដេញថ្លៃ​ផ្ទាំងគំនូរ​របស់​វិចិត្រករ Jean-Michel Basquiat ដែលមាន​តម្លៃ​ខ្ពស់​ដល់​ទៅ 110.5 លាន​ដុល្លារ​អាមេរិក រួមទាំង ក្លិប​កីឡាកំពូលៗទាំង 140 លើ​ពិភពលោក ក៏មាន​មហាសេដ្ឋីល្បីៗដល់​ទៅ 109 នាក់​កំពុង​ធ្វើជា​ម្ចាស់​ផងដែរ៕

ប្រភព៖ Bloomberg

ប្រែ​សម្រួល​ដោយ៖ តា​វ៉ែនតា

Advertisement