សិង្ហ​បុរី​ តាំង​គោលដៅ​បន្ថយ​បរិមាណ​រថយន្ត ជំរុញ​សេវា​ដឹកជញ្ជូន​សាធារណៈ

រដ្ឋាភិបាល​នៃ​ប្រទេស សិង្ហ​បុរី កំពុង​រៀប​ផែនការ​កាត់បន្ថយ​ការកើនឡើង​នៃ​ចំនួន​រថយន្ត​ផ្ទាល់ខ្លួន ដោយ​រដ្ឋាភិបាល​នេះ​នឹង​វិនិយោគទុន​សាង​សេវា​ដឹកជញ្ជូន​សាធារណៈ​ឡើងមក​ដើម្បី​បម្រើ​ការជំនួស​វិញ​ម្ដង​ក្នុង​រយៈពេល 5 ឆ្នាំ​ខាងមុខ។

ទោះ​ប្រទេស​សាំង​ហ្កា​ពួរ​ជា​ប្រទេស​តូច​មួយ​ក៏ដោយ តែ​ក៏​ជា​ប្រទេស​ដែលមាន​ភាពរឹងមាំ​ខាង​សេដ្ឋកិច្ច​ខ្លាំង​បំផុត និង​មនុស្សម្នា​ចំនួន​ដ៏​ច្រើន​មាន​រថយន្ត​ប្រើប្រាស់​ផ្ទាល់ខ្លួន ទើប​ធ្វើឱ្យ​រដ្ឋាភិបាល​ប្រទេស​នេះ​សម្រេចចិត្ត​ក្នុងការ​បញ្ឈប់​ការកើនឡើង​នៃ​ការប្រើប្រាស់​រថយន្ត​ផ្ទាល់ខ្លួន និង​ទោចក្រយានយន្ត ដែល​កាលពីមុន​កើនឡើង​ក្នុង​មួយឆ្នាំ 0.25% ឱ្យ​នៅសល់​ត្រឹមតែ 0% ដោយ​ចំណាត់ការ​នេះ​នឹង​ចាប់ផ្ដើម​ប្រកាស​ឱ្យប្រើ​នៅ​ខែកុម្ភៈ ដើមឆ្នាំ 2018។

ប្រទេស សិង្ហ​បុរី មាន​ដែន​កំណត់​ខាង​ផ្ទៃដី ដូច្នេះហើយ​ចាំបាច់​ត្រូវតែមាន​ចំណាត់​ការកំណត់​ការកើនឡើង​របស់​យាន​យន្ត​ឯកជន។

ទាំងអស់នេះ​រដ្ឋាភិបាល​សិង្ហ​បុរី​បាន​ត្រៀម​ដំណោះស្រាយ​ទុក​រួចជាស្រេច​ហើយ សម្រាប់​ការកំណត់​បរិមាណ​ការ​ប្រើប្រាស់​រថយន្ត និង​រថយន្ត​ផ្ទាល់ខ្លួនផ្សេងៗនៅក្នុង​ប្រទេស ដោយ​ការវិនិយោគ​ទឹកប្រាក់ 28 ពាន់​លាន​ដុល្លារ​សាំង​ហ្គា​ពួរ ដើម្បី​កសាង​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ​ប្រភេទ​ផ្លូវដែក និង​រថយន្តក្រុង​ក្នុងអំឡុងពេល 5 ឆ្នាំ​ខាងមុខ។

ដោយ​ចំណាត់​ការកំណត់​ចំនួន​រថយន្ត និង​ទោចក្រយានយន្ត​របស់រ​ដ្ឋា​ភិ​បាល​សិង្ហ​បុរី​នេះ មិនបាន​មាន​គោលដៅ​កាត់បន្ថយ​ចំនួន​បណ្ណ​អនុញ្ញាត​គ្រប់គ្រង​យានយន្ត (កាត​គ្រី) នោះទេ តែ​ធ្វើឡើង​ដើម្បី​កាត់បន្ថយ​ភាព​ចង់​ធ្វើជា​ម្ចាស់​រថយន្ត​ឱ្យ​ថយចុះ ហើយ​ងាក​ទៅប្រើ​ប្រាស់​សេវា​ដឹកជញ្ជូន​សាធារណៈ​ជំនួស​វិញ។

សម្រាប់​ប្រទេស​សាំង​ហ្គា​ពួរ ជា​ប្រទេស​ដែលមាន​របៀបការ​គ្រប់គ្រង​រថយន្ត​ដ៏​ស្មុគស្មាញ​មិនធម្មតា​ឡើយ ដោយសារតែ​អ្នក​ដែលជា​ម្ចាស់​រថយន្ត​ផ្ទាល់ខ្លួន​ត្រូវមាន​លិខិតអនុញ្ញាត​ការធ្វើជា​ម្ចាស់​រថយន្ត ដែល​អាច​បានមកពី​ការដេញថ្លៃ​ដែល​ហៅថា Certificates of Entitlement និង​មាន​សិទ្ធិ​គ្រប់គ្រង​ត្រឹមតែ 10 ឆ្នាំ​ប៉ុណ្ណោះ។ នៅពេល​គ្រប់​កំណត់ពេល ត្រូវតែ​កម្ទេចចោល នាំចេញ ឬ​បន្ត​អាយុ​លិខិតអនុញ្ញាត​ជាបុគ្គល។

យ៉ាងណាក៏ដោយ ផែនការ​ដែល​បាន​ត្រៀម​ទុក​របស់​ប្រទេស​សិង្ហ​បុរី​នេះ​អាចមាន​ការផ្លាស់ប្ដូរ​បា​ន ដែល​នឹងមាន​ការសើរើ​ពិនិត្យឡើងវិញ​នូវ​ចំណាត់ការ​នេះ​ម្ដងទៀត​នៅ​ឆ្នាំ 2020៕

ប្រភព Bloomberg

ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

Advertisement