ស្លាកស្នាម​ក្រោយ​កើតមុន​អាច​បំបាត់​បានទេ?​

វា​ជា​រឿង​មួយ​សំណាង​ណាស់ ប្រសិនបើ​ស្បែក​របស់​អ្នក​មិនដែល​បន្សល់ទុក​នូវ​ស្លាកស្នាម​បន្ទាប់ពី​កើតមុន​រួច ប៉ុន្តែ​សំណាង​នេះ​មិន​កើតមាន​ចំពោះ​មនុស្ស​ស្រី​ភាគច្រើន​នោះទេ ហេតុដូច្នេះ​ហើយ​បានជា​ពួកគាត់​តែងតែ​ខិតខំ​ធ្វើ​គ្រប់​មធ្យោបាយ ដើម្បី​ការពារ​កុំឱ្យ​កើតមុន ក៏ដូចជា​ខិតខំ​ប្រើប្រាស់​ផលិតផល​ជាច្រើន​ប្រភេទ​ទាំង​ផលិតផល​បែប​ធម្មជាតិ និង​លាយ​ជាតិគីមី ដើម្បី​បំបាត់ចោល​នូវ​រាល់​ស្លាកស្នាម​ដែល​នឹង​កើតមានឡើង​បន្ទាប់ពី​កើតមុន​រួច។

ស្លាកស្នាម​អាច​កើតមាន​នៅលើ​ស្បែក ដោយសារតែ​វា​ជា​រឿង​ធម្មតា​ដែល​តែងតែ​កើតឡើង ឬ​អាច​បណ្តាលមកពី​ការព្យាបាល​ដែល​មិន​ត្រឹមត្រូវ រហូត​បណ្តាលឱ្យ​ក្លាយជា​ស្លាកស្នាម។ស្នាម​ដែល​កើតមាន​បន្ទាប់ពី​កើតមុន​រួច​នេះ​បណ្តាលមកពី​ការបំផ្លាញ​នៃ​ស្រទាប់​ស្បែក។

ស្នាម​ដែល​បន្សល់ទុក​ក្រោយ​កើតមុន​ជាទូទៅ​តែងតែ​កើតមាន​នៅលើ​មុខ ខ្នង ស្មា និង​ផ្នែក​ផ្សេងទៀត​នៃ​រាងកាយ។ ស្នាម​ទាំងនេះ​ត្រូវបាន​ចែកចេញជា​ពីរ​ប្រភេទ​គឺ ស្នាមសើៗលើ​ស្បែក​និង​ស្នាម​ដែល​ចូល​ជ្រៅ​ទៅក្នុង​សាច់។ ស្នាមសើៗនៅលើ​ស្បែក​ជា​ស្នាមតូចៗដែល​អាចមើលឃើញ​តាមរយៈ​ការឆ្លុះ​កញ្ចក់​ពិនិត្យមើល ហើយ​ការព្យាបាល​ក៏មាន​ប្រសិទ្ធភាព​ខ្ពស់​ដែរ ប៉ុន្តែ​ប្រសិនបើ​វា​ជា​ស្នាម​ជ្រៅ​វិញ​នោះ(ស្នាម​ធំ​ខូង​ជ្រៅ​ទៅក្នុង​ស្បែក) វា​មានការ​ពិបាក​ក្នុងការ​ព្យាបាល ឬ​អាច​នឹង​ព្យាបាល​មិន​បាត់​តែម្តង ប្រសិនបើ​អ្នក​មិន​រួសរាន់​ក្នុងការ​ព្យាបាល​វា​ទេនោះ។

ការព្យាបាល​តាមបែប​គីមី ៖ ការព្យាបាល​បែបនេះ​ភាគច្រើន​ត្រូវបាន​យកមកអនុវត្ត​សម្រាប់​អ្នក​ដែលមាន​ស្នាម​ជ្រៅ (ទទួលបាន​លទ្ធផល​ល្អ​ច្រើន) ហើយ​រយៈពេល​នៃ​ការព្យាបាល​គឺ​អាស្រ័យ​លើ​ទំហំ និង​ជម្រៅ​នៃ​ស្លាកស្នាម។ ប្រសិនបើ​អ្នក​ចង់​ទទួល​ការព្យាបាល​តាមបែប​គីមីដែរនោះ អ្នក​គួរតែ​ស្វែងរក​អ្នក​ដែលមាន​ជំនាញ​ច្បាស់លាស់​ក្នុងការ​ព្យាបាល​ទើប​ជាការ​ប្រសើរ។

ការព្យាបាល​ដោយ​ឡាស៊ែរ ៖ នេះ​ក៏​ជា​វិធី​ព្យាបាល​មួយទៀត​ដែល​តែងតែ​ផ្តល់នូវ​ប្រសិទ្ធភាព​សម្រាប់​អ្នក​ដែលមាន​បញ្ហា​ស្នាម​គ្រប់​ប្រភេទ ជាពិសេស​ស្នាមធំៗ ឬ​ខូង​ចូល​ជ្រៅ​ទៅក្នុង​សាច់​ជាដើម។

ការព្យាបាល​ដោយ​ផលិតផល​កម្ចាត់​ស្នាម ៖ វា​អាច​មិនមាន​ប្រសិទ្ធភាព​លឿន​ដូច​ការព្យាបាល​ដោយ​គីមី ឬ​ដោយ​ឡាស៊ែរ​នោះទេ ប៉ុន្តែ​វា​មាន​ភាពងាយស្រួល ហើយ​សូមកុំ​បារម្ភ​ខ្លាំងពេក​អី​ព្រោះ​បច្ចុប្បន្ននេះ​មាន​ផលិតផល​ខ្លះ​មាន​សមត្ថភាព​ខ្ពស់​ណាស់ ក្នុង​ការជួយ​ព្យាបាល​បញ្ហា​ស្នាម​ហើយក៏​មិន​ប្រើ​ពេលវេលា​យូរពេក​នោះដែរ។

ព្យាបាល​តាមបែប​ធម្មជាតិ ៖ ភាគច្រើន​ការព្យាបាល​ស្នាម​ដែល​កើតមាន​បន្ទាប់ពី​កើតមុន​រួច​តាម​វិធី​ធម្មជាតិ​ត្រូវបាន​គេ​អនុវត្ត​នៅពេល​វា​ទើបតែ​កើតថ្មីៗ ហើយ​ជា​ស្នាម​ដែលមាន​ទ្រង់ទ្រាយ​តូច។ មិន​ពិបាក​ណាស់ណា​ទេ បើ​អ្នក​ចង់​ព្យាបាល​ដោយ​វិធី​ធម្មជាតិ ដោយ​ធ្វើតាមដំណាក់កាល​មួយចំនួន​ដូចជា លាង​សម្អាត​មុខ​ឱ្យ​ស្អាត ជូត​មុខ​ឱ្យ​ស្ងួត រួច​យក​សំឡី​មួយ​ដុំ​តូច​ជ្រលក់​ក្នុង​ទឹកក្រូច​ឆ្មារ​ដែលមាន​លាយ​ជាមួយ​ទឹក​បន្តិច មក​ជូត​ពីលើ​ស្បែក​ត្រង់​កន្លែង​ដែលមាន​ស្នាម រួច​ទុកចោល15នាទី ឬ​ពេញ​មួយ​យប់​ក៏បាន បន្ទាប់មក​សឹម​លាង​សម្អាត​ចេញ​ជាការ​ស្រេច។ វិធី​នេះ​អាច​ប្រើ​ពេលវេលា​យូរ​បន្តិច​ហើយ តែ​ទទួលបាន​លទ្ធផល​ជាទី​ពេញចិត្ត​បន្ទាប់ពី​ព្យាបាល​រួច៕

Advertisement