9ខែ​ក្នុង​ឆ្នាំ2017 ការនាំចេញ​របស់​កម្ពុ​ជាមាន​ទឹកប្រាក់​រហូតដល់​ជាង 7ពាន់​លាន​ដុល្លារ

ភ្នំពេញ៖ ដោយ​ឈរលើ​កំណើនសេដ្ឋកិច្ច​ថេរ7% ជា​រៀងរាល់ឆ្នាំ ធ្វើឱ្យ​ការនាំចេញ​របស់​កម្ពុជា​នៅតែមាន​ការកើនឡើង​ជា​លំដាប់ ឧទាហរណ៍​នៅក្នុង​រយៈពេល9ខែ​នៃ​ឆ្នាំ2017នេះ ទំហំ​ទឹកប្រាក់​នៃ​ការនាំចេញ​របស់​កម្ពុជា មាន​រហូតដល់7700លាន​ដុល្លារ​អាមេរិក។

ទិន្នន័យ​ដែល​ទើប​បង្ហាញថ្មីៗរបស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បានឱ្យដឹងថា ក្នុងចំណោម​ទំនិញ​ដែល​បាន​នាំ​ចេញទៅ​ក្រៅប្រទេស ភាគច្រើន​បានមកពី​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ស្បែកជើង និង​ទំនិញផ្សេងៗទៀត​ដែល​ស្ថិតក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (GSP) និង​ផែនការ​ប្រទេស​អនុគ្រោះ​ខ្លាំង​បំផុត(MFN) ដែល​បាន​អនុញ្ញាតឱ្យ​ផលិតផល​កម្ពុជា​ជាច្រើន​ចូល​ទីផ្សារ​ដោយ​កាត់​បន្ថយពន្ធ​នាំចូល ឬ​មិន​យកពន្ធ​តែម្ដង។

ក្នុងចំណោម​ទំនិញ​សរុប ការនាំចេញ​សម្លៀកបំពាក់​មានតម្លៃ 4.9 ពាន់​លាន​ដុល្លារ​កើនឡើង 8.3 % ការនាំចេញ​ស្បែក​ជើងមាន 636.76 ដុល្លារ កើនឡើង43% និង​វាយ​ន​ភណ្ឌ 76.88 លាន​ដុល្លារ ខណៈ​ផលិតផល​មិន​ជាក់លាក់​ផ្សេងទៀត​មានតម្លៃ 561.45លាន​ដុល្លារ កើនឡើង​ដល់ 42.51%។ តួលេខ​បានបង្ហាញ​ពី​តម្លៃ​នាំចេញ​អង្ករ​មាន​ចំនួន  206.91លាន​ដុល្លារ ដែល​ធ្លាក់ចុះ 6,7%។

ដោយឡែក​ការនាំចេញ​សរុបទៅ​សហភាព​អឺរ៉ុប ដែលជា​ទីផ្សារ​ធំជាងគេ​របស់​ប្រទេស​កម្ពុជា បាន​កើន​ឡើងដល់ 3000លាន​ដុល្លារ កើនឡើង 5,94 %ធៀប​នឹង​រយៈពេល 9 ខែ​ដូចគ្នា​កាលពី​ឆ្នាំមុន។ កំណើន​ដ៏​រឹងមាំ​នេះ​ត្រូវបាន​កត់ត្រា​នៅក្នុង​ការនាំ​ចេញទៅ​ជប៉ុន​ដែលមាន​ចំនួន 534.25 លាន​ដុល្លារ កើនឡើង 25.84 %។ ចំណែក​ការនាំ​ចេញទៅ​អាមេរិក ជាទី​ផ្សារ​ដ៏​សំខាន់​សម្រាប់​ក្រុមហ៊ុននាំចេញ​សម្លៀកបំពាក់​កម្ពុ​ជាមាន​ចំនួន 1,47 ពាន់​លាន​ដុល្លារ​ធ្លាក់ចុះ 1% ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន៕

Advertisement