ក្រុមហ៊ុន​អាកាសចរណ៍ Singapore Airlines បង្កើន​សេវាកម្ម​ទំនើប​ក្នុង​យន្តហោះ A380

សាំង​ហ្គា​ពួរ អ៊ែរ​ឡាញ បង្ហាញ​ជើងហោះហើរ​កំពូល​ទំនើប​នៅក្នុង​យន្តហោះ A380 ដែលជា​បន្ទប់​ធ្វើដំណើរ First Classe ដែល​បំពាក់​ដោយ​ឧបករណ៍​ផ្ដល់​ភាពងាយស្រួលទំនើបៗ និង​គ្រឿងសង្ហារិម​ដ៏​សម្បូរបែប ដូចជា ទូ​ដាក់​សម្លៀកបំពាក់​ផ្ទាល់ខ្លួន ទូ​ដាក់​អីវ៉ាន់​ផ្ទាល់ខ្លួន រួមទាំង​ទូរទស្សន៍​ខ្នាត​ធំ​ទំហំ 32 អ៊ិ​ញ​ទៀតផង។

ក្លាយជា​រឿង​ដ៏​គួរ​ចាប់អារម្មណ៍​ខ្លាំង​បំផុត​មួយ ដែល​ក្នុង​មួយរយៈក្រោយៗនេះ ធុរកិច្ច​ការហោះហើរ​ចាប់ផ្ដើម​មានការ​ប្រែប្រួល​យ៉ាងខ្លាំង ជាពិសេស​ការបន្ថែម​សិ​ទ្ធិ​ពិសេស​ក្នុងអំឡុងពេល​ធ្វើដំណើរ ដែលមាន​ក្រុមហ៊ុន​អាកាសចរណ៍​ជាច្រើន​បាន​បំពាក់​បន្ទប់​ងូតទឹក​ផ្ទាល់ខ្លួន​នៅក្នុង​យន្តហោះ រហូតដល់​ការបម្រើ​សេវាកម្ម​ម្ហូបអាហារទំនើបៗដើម្បី​ទាក់ទាញ​ចិត្ត​អតិថិជន​អ្នកធ្វើដំណើរ​ទៀតផង។

តែ​ភាព​ពិសេស​របស់​យន្តហោះ A380 របស់​ក្រុមហ៊ុន​អាកាសចរណ៍ Singapore Airlines ដែល​នឹងធ្វើ​ដំណើរ​ពី​ប្រទេស​សិង្ហ​បុរី​ទៅ​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី​វិញ​នោះ នឹង​ចេញមក​ព្រមជាមួយ​គ្រឿងសង្ហារិម​ដ៏​កំពូល​ទំនើប Poltrona Frau របស់​អ៊ីតាលី គ្រែ​គេង​ដែល​នាំចូល​ពី​ប្រទេស បារាំង ដោយ​នៅក្នុង​យន្តហោះ​នេះ​នឹងមាន​បន្ទប់​ធ្វើដំណើរ​ត្រឹមតែ 6 បន្ទប់​ប៉ុណ្ណោះ។ បើសិនជា​ប្រៀបធៀប​ទៅ វា​ប្រៀបដូចជា​យន្តហោះ​ឯកជន​ផ្ទាល់ខ្លួន​ហើយ​បន្ថែម​ភាពទំនើប​ដូច​បន្ទប់ Sweet របស់​សណ្ឋាគារ​ទំនើប​លំដាប់​ផ្កាយ 5 ដូច្នោះ​ដែរ។ ចំណែក​តម្លៃ​សំបុត្រ​ធ្វើដំណើរ​វិញ គឺ​ស្ថិត​ក្នុងតម្លៃ​ប្រមាណ​ជា 9,500 ផោន​ដ៍(ជាង1ម៉ឺន​ដុល្លារ​អាមេរិក)សម្រាប់​បន្ទប់​ធ្វើដំណើរ​មួយ។

សម្រាប់​ការលើក​លំដាប់​យន្តហោះ A380 ឱ្យ​ក្លាយជា​យន្តហោះ​ពាណិជ្ជ​ដឹក​អ្នកដំណើរ​ដែល​ទំនើប​ប្រៀបដូចជា​បន្ទប់ Sweet នៅក្នុង​សណ្ឋាគារ​ទំនើប​លំដាប់​ផ្កាយ 5 នេះ មានការ​ចំណាយ​ថវិកា​ក្នុងការ​កែសម្រួល​នេះ​ខ្ពស់​រហូតដល់​ទៅ 850 លាន​ដុល្លារ​សហរដ្ឋអាមេរិក ដោយ​រួមទាំង​ការកែសម្រួល​កៅអី​ថ្នាក់​ធុរកិច្ច (Business) និង​ថ្នាក់​សន្សំសំចៃ (Economic)ផងដែរ។

ទាំងអស់នេះ លោក Goh Choon Phong នាយកប្រតិបត្តិរបស់​ក្រុមហ៊ុន​អាកាសចរណ៍ សាំង​ហ្គា​ពួរ អ៊ែរ​ឡាញ បាន​រៀបរាប់​អំពី​ការលើក​លំដាប់​យន្តហោះ A380 ក្នុង​គ្រានេះ​ថា ជាការ​បង្ហាញឱ្យឃើញ​ពី​ភាព​តាំងចិត្ត​ក្នុង​ការផ្ដល់​សេវាកម្ម​ប្រភេទ​ប្រណីត រួមទាំង​ការនាំមក​ជូន​នូវ​អ្វីដែល​ល្អ​បំផុត​ក្នុងអំឡុងពេល​ធ្វើដំណើរ ដើម្បី​សាង​នូវ​ភាពជឿជាក់ និង​រក្សា​ស្ថាន​ភាពជា​អ្នក​នាំមុខគេ​ក្នុង​វិស័យ​មួយ​នេះ​ផងដែរ៕

ប្រភព Independent

ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

Advertisement