Terry នាំ​ភរិយា​ទៅ​លម្ហែកាយ​នៅ​ឌូ​បៃភ្លាមៗ ក្រោយ​រងរបួស​ឆ្អឹង​ប្រអប់ជើង

តារា​ឆ្នើម John Terry របស់​ក្លិប Aston Villa ដែល​លេង​ក្នុង​ក្របខ័ណ្ឌ Champion ship របស់​អង់គ្លេស បានធ្វើ​ដំណើរ​ទៅ​សម្រាកលម្ហែ​នៅក្នុង​ទីក្រុង​ឌូ​បៃ ដើម្បី​ព្យាបាល​របួស ក្រោយពី​រូបគេ​ជួប​បញ្ហា​របួស​បាក់ឆ្អឹង​ប្រអប់ជើង កាលពី​ចុង​សប្តាហ៍ថ្មីៗនេះ។

អតីត​ប្រធាន​ក្រុម​នៃ​ក្លិប Chelsea វ័យ៣៦ឆ្នាំ​រូបនេះ បាន​រងរបួស​ឆ្អឹង​ប្រអប់ជើង​របស់គេ នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម Sheffield Wednesday កាលពី​ថ្ងៃ​សៅរ៍ ដែលជា​ការប្រកួត​ចុងក្រោយ​មុនពេល​សម្រាក​សម្រាប់​ការប្រកួត​អន្តរជាតិ។ ប៉ុន្តែ Terry មិនបាន​បង្ហាញ​ពី​ការ​ខ្វល់ខ្វាយ​ខ្លាំង​ឬ​ការខកចិត្ត​របស់គេ​ទៅលើ​បញ្ហា​របួស និង​ការរង​បរាជ័យ​ក្នុង​លទ្ធផល 2-1 នេះឡើយ ខណៈ​រូបគេ​បាន​ដឹក​ដៃ​ភរិយា​ដ៏​ស្រស់​សោភា​របស់គេ​ធ្វើដំណើរ​ទៅ​សម្រាក​លម្ហែកាយ​ក្រោម​ពន្លឺព្រះអាទិត្យ​ក្នុងប្រទេស​អេ​មី​រ៉ា​ត អារ៉ាប់​រួម នា​រដូវរងា​នេះ។ អតីត​ខ្សែបម្រើ​អន្តរជាតិ​អង់គ្លេស​រូបនេះ បានធ្វើ​ដំណើរ​ទៅកាន់​តំបន់​មជ្ឈិមបូព៌ាភ្លាមៗមុនពេល​បង្ហោះ​រូប​បង្ហាញ​ពីថ្ងៃ​សម្រាក​របស់គេ​នៅលើ​បណ្តាញ​សង្គម Instagram។

អ្នកស្រី Toni ដែលជា​ភរិយា​របស់ Terry ក៏បាន​ប្រើប្រាស់​បណ្តាញ​សង្គម ដើម្បី​ចែករំលែក​នូវ​រូបភាព​នៃ​ពន្លឺព្រះអាទិត្យ​នៅ​ទីក្រុង​ឌូ​បៃ​ផងដែរ។ នាង Toni បានសរសេរថា៖ «ថ្ងៃ​ដ៏​ស្រស់ស្អាត​មួយ​ផ្សេងទៀត​ក្នុង​ទីក្រុង​ឌូ​បៃ។ ពិតជា​ស្រឡាញ់​ទីក្រុង​ឌូ​បៃ​ខ្លាំងណាស់»។ រូបភាព​មួយ​ផ្សេងទៀត​ដែល​ត្រូវបាន​ចែករំលែក​ដោយ Terry បាន​បង្ហាញថា រូបគេ​កំពុង​កម្សាន្ត និង​អាន​សៀវភៅ ទាក់ទង​នឹង​ភាពជោគជ័យ​ក្នុង​អាជីវកម្ម៕

ប្រភពពី៖ The Sun

Advertisement