ការចិញ្ចឹម​កូន​ក្នុង​យុគ​បច្ចុប្បន្ន

ការចិញ្ចឹម​កូន​នា​យុគ​បច្ចុប្បន្ននេះ​មើលទៅ​វា​ហាក់ដូចជា​ក្លាយជា​បញ្ហា​ចំពោះ​ឪពុកម្តាយ​ខ្លាំងណាស់​ថា តើ​ត្រូវ​ចិញ្ចឹម​កូន​យ៉ាង​ណា​ឱ្យ​ពូកែ ឱ្យ​អច្ឆរិយៈ ​ដែល​ភាគច្រើន​នឹង​សង្កត់ធ្ងន់​លើ​ការអភិវឌ្ឍ​ខួ​រក្បាល ព្រោះ​សង្គម​សម័យនេះ​ត្រូវការ​តែ​មនុស្សឆ្លាត មាន​ភាពរហ័សរហួន​វាងវៃ និង​ទាន់សម័យ​ទើបអាច​រស់នៅ​យ៉ាង​មាន​សុវត្ថិ​ភាពកណ្តាល​ស្ថានភាព​ប្រែប្រួល​ខាង​សេដ្ឋកិច្ច​បែបនេះ​បាន។

តែ​យើង​ភ្លេច​ហើយ​ថា លោកតា លោកយាយ​របស់​យើង​តែងតែ​ឱ្យ​ពរ​កូនចៅ​ឱ្យ “រស់នៅ​សប្បាយ មាន​សេចក្តីសុខ” ឬ “ត្រជាក់ត្រជុំ សុខ​សប្បាយ” ច្រើនជាង​ឱ្យ​ពរ​ថា ឱ្យ​ក្លាយជា​មនុស្ស​អច្ឆរិយៈ ព្រោះ​លោក​ឆ្លងកាត់​ជីវិត​មក​ច្រើន និង​ដឹងថា អច្ឆ-រិយៈ​តែ​ម្យ៉ាង​មិន​គ្រប់គ្រាន់​ទេ​សម្រាប់​ការតម្រង់​ជីវិត​ឱ្យ​រស់នៅ​ប្រកបដោយ​ជោគជ័យ និង​មាន​សេចក្តីសុខ​នោះ ដូច្នេះ​ក្មេងក្នុងយុគសម័យ​ថ្មី​ដែល​នឹក​សង្ឃឹមថា នឹង​ក្លាយជា​មនុស្ស “ពូកែ ល្អ និង​មាន​សេចក្តីសុខ” សម្បូរ​ទាំង​IQ និង​EQនោះ សាកល្បង​ពិចារណា​មើល​ពី​ការពិត​នៃ​ជីវិត​ដែល​អ្នកមានចំណេះដឹង​ខាង​ការចិញ្ចឹម​ថែទាំ​ក្មេង​បានរៀបរៀង​ទុក​យ៉ាង​គួរឱ្យ​ចាប់អារម្មណ៍ដូចខាងក្រោមនេះ៖

បើ​ចិញ្ចឹម​កូន​ដោយ​ការទទួលយក​នូវ​អ្វីដែល​គេ​មាន គេ​នឹង​ក្លាយជា​មនុស្ស​ដែល​ពេញចិត្ត​ចំពោះ​ខ្លួនឯង។ បើ​ចិញ្ចឹម​កូន​ដោយ​​ការផ្តល់​កម្លាំងចិត្ត គេ​នឹង​ក្លាយជា​មនុស្ស​ដែល​ជឿជាក់​លើ​ខ្លួនឯង។ បើ​ចិញ្ចឹម​កូន​ដោយ​ភាពយុត្តិធម៌ គេ​នឹង​ក្លាយជាមនុស្ស​មាន​ចិត្ត​ធម៌។ បើ​ចិញ្ចឹម​កូន​ដោយ​ភាពជា​មិត្ត គេ​នឹងមាន​សេចក្តីស្រឡាញ់ និង​ក្តីមេត្តា​ចំពោះ​មិត្ត​មនុស្ស​ដូចគ្នា។ បើ​ចិញ្ចឹម​កូន​ដោយ​សេចក្ដី​ស្រឡាញ់ និង​ភាពកក់ក្តៅ គេ​នឹង​ក្លាយជា​មនុស្សដែលមានចិត្ត​សទ្ធា​ក្នុង​ជីវិត។ បើ​ចិញ្ចឹម​កូន​ដោយពាក្យ​ស្តីបន្ទោស​ទិតៀន គេ​នឹង​ក្លាយ​ជា​មនុស្ស​
បរាជ័យ​ក្នុង​ជីវិត។ បើ​ចិញ្ចឹម​កូន​ដោយ​ភាព​ច្រងេងច្រងាង គេ​នឹង​ធំ​ឡើង​ក្លាយជា​មនុស្ស​ព្រហើន​មិនដឹង​ខុសត្រូវ។ បើ​ចិញ្ចឹម​កូន​ដោយ​ក្តី​ប​ញ្ជោះប​ន្សោ​ក​ចំអក​ឡកឡាយ គេ​នឹង​ក្លាយជា​មនុស្ស​អៀនខ្មាស​ច្រើន និង​ខ្លាច។ បើ​ចិញ្ចឹម​កូន​ដោយ​ក្តី​អៀនខ្មាស គេ​នឹង​ក្លាយជា​មនុស្ស​មិន​ទុកចិត្តលើខ្លួនឯង។ បើ​ចិញ្ចឹម​កូន​ដោយ​ភាព​ឧស្សាហ៍​ព្យាយាម គេ​នឹង​ក្លាយជា​មនុស្ស​ស៊ូទ្រាំ​អត់ធន់។ បើ​ចិញ្ចឹម​កូន​ដោយ​ក្តី​កោតសរសើរ គេ​នឹង​ក្លាយជា​មនុស្ស​ដែល​ជ្រួតជ្រាប​ក្នុង​គុណ​តម្លៃ។

សូមឱ្យ​មិត្ត​អ្នកអាន​គ្រប់រូប​ឈប់​គិតពី​រឿង​ផ្សេង​មួយ​ភ្លែត និង​នៅ​ស្ងៀម1នាទី​ដើម្បី​ពិចារណា​ពី​ចំណុច​ណែនាំ​របស់​អ្នកមាន​ចំណេះដឹង​ក្នុងការ​ចិញ្ចឹម​មើលថែ​កុមារ និង​វិភាគ​មើល​ពី​បញ្ហាដែល​នឹង​នាំ​មកនូវ​បញ្ញា​ដែល​ស័ក្តិសម និង​ត្រឹមត្រូវ​តទៅទៀត៕

Advertisement