អ៊ីតាលី ជឿជាក់​ខ្ពស់​ក្នុងពេល​ជួប ស៊ុយអែត ក្នុង World Cup វគ្គ Playoff រាត្រី​នេះ

លោក Gian Piero Ventura គ្រូបង្វឹក​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អ៊ីតាលី បានបញ្ជាក់​កាលពីដើម​សប្តាហ៍​នេះ​ថា រូបលោក​ផ្ទាល់ និង​ក្រុម​របស់លោក​មាន​ភាពច្បាស់​លាស់​ថា ក្រុម​ដែលមាន​រហស្សនាម​ថា Azzurri មួយ​នេះ​នឹង​ឈ្នះ​កៅអី​ដើម្បី​ទៅធ្វើ​ការ​ប្រជែង​ដណ្តើមពាន World Cup ជា​លើក​ទី5 ក្នុងប្រទេស​រុស្ស៊ី នៅ​ឆ្នាំក្រោយ ខណៈដែល​ពួកគេ​កំពុង​ត្រៀម​ធ្វើការ​ប្រកួត​វគ្គ Playoff ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ស៊ុយអែត​នៅ​រាត្រី​នេះ។

លោក Ventura បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​នៅឯ​ទីលាន​ហ្វឹកហាត់​របស់​ក្រុម​នៅឯ​តំបន់ Coverciano ក្នុង​ទីក្រុង Tuscany ថា៖ «វា​ពិតជា​ពេល​វ​លា​ដ៏​សំខាន់​សម្រាប់​ខ្ញុំ សម្រាប់​អាជីព​ខ្ញុំ និង​សម្រាប់​កីឡាករ​របស់ខ្ញុំ។ ខ្ញុំ​មិន​គិតពី​ការមិនអាច​ឆ្លង​ផុត​វគ្គ​ជម្រុះ​ឡើយ។ ពិតណាស់ យើង​នឹង​ទៅ​ប្រទេស​រុស្ស៊ី»។ ក្រុម​ជម្រើសជាតិ​អ៊ីតាលី នឹងធ្វើ​ដំណើរ​ទៅកាន់​ទឹកដី​របស់​ស៊ុយអែត ដើម្បី​ធ្វើការ​ប្រកួត​ជើង​ទី1 នៃ​ការប្រកួត​វគ្គ Playoff របស់​ពួកគេ​នៅ​ថ្ងៃ​សុក្រ​នេះ ក្នុង​ទីក្រុង Stockholm ខណៈដែល​ការប្រកួត​ជើង​ទី2 នឹងត្រូវ​ប្រព្រឹត្តទៅ​នា​កីឡដ្ឋាន San Siro ក្នុង​ទីក្រុង Milan នៅ​ថ្ងៃ​ចន្ទ សប្តាហ៍​ក្រោយ។ លោក Ventura វ័យ69ឆ្នាំ ដែល​បាន​ចូលកាន់​តំណែង​កាលពី​ខែមិថុនា ឆ្នាំ2016 នៅពេលដែល​លោក Antonio Conte បាន​ចាកចេញ​ដើម្បី​ដឹកនាំ​ក្លិប Chelsea នោះ បាន​បញ្ជាក់ថា៖ «ខ្ញុំ​បាន​រកឃើញ​ក្រុម​ប្រកបដោយ​សុច្ឆន្ទៈ​ដ៏​អស្ចារ្យ និង​លើកទឹកចិត្ត​មួយ។ ខ្ញុំ​មាន​អារម្មណ៍​ស្ងប់ ពីព្រោះ​ខ្ញុំ​មាន​កីឡាករ​អាច​លេង​បាន ហើយពី​ព្រោះ​អ៊ីតាលី តែងតែ​បោះជំហាន​ទៅមុខ​ក្នុងដំណាក់កាល​ដ៏សំខាន់ៗបែបនេះ​ជានិច្ច»។

ស្របពេល​ជាមួយគ្នានេះ ខ្សែការពារ​ពោរពេញ​ដោយ​បទពិសោធ Leonardo Bonucci បាន​និយាយថា៖ «យើង​ជា​អ៊ីតាលី ហើយ​ការ​អវត្តមាន​ក្នុង World Cup មិនមែនជា​ជម្រើស​មួយ​របស់​យើង​ស្រេច​ទៅហើយ»។ ការប្រកួត​នេះ​នៅ​រាត្រី​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង2:45ទៀបភ្លឺ៕

ប្រភពពី៖ Sky Sports

Advertisement