ផ្លែឈើ​ខ្មែរ​ត្រូវបាន​ច្នៃ​ធ្វើជា​ដំណាប់​មាន​រសជាតិ​ឆ្ងាញ់​លក់​ចេញទៅ​ក្រៅប្រទេស

បើទោះបីជា​កម្ពុជា ត្រូវបាន​គេ​ចាត់ទុកថា​ជា​ប្រទេស​កសិកម្ម​ដ៏​មាន​សក្តានុពល​មួយ​នៅ​អាស៊ី ដែល​សម្បូរ​ផ្លែឈើ​ធម្មជាតិ​គ្រប់​ប្រភេទ​ក៏ដោយ ប៉ុន្តែ​ដោយសារ​បច្ចេកទេស​នៅមានកម្រិត ប្រជាជន​ខ្មែរ​ហាក់​នៅ​មិនទាន់មាន​លទ្ធភាព​កែច្នៃ​ផ្លែឈើ​ទាំងនោះ​ដើម្បី​យកទៅ​ច្រក​ដាក់​ក្នុង​កំប៉ុង​ធ្វើជា​បង្អែម ឬ​ដំណាប់​ដែល​អាច​រក្សាទុក​បានយូ​រ​នោះទេ។

លោកស្រី Marion Fromm ប្រធាន​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ហា​វេស ដ្រា​យ​ហ្វ្រ៊ូ​ត បាន​និយាយថា ដោយ​មើលឃើញ​ពី​អត្ថប្រយោជន៍​នៃ​ដំណាំ​កសិកម្ម ពិសេស​ផ្លែឈើ​ដែលជា​ដំណាំ​រួមផ្សំ​ក្នុង​ការជួយ​លើកកម្ពស់​ជីវភាព​គ្រួសារ និង​ដើម្បី​ចូលរួមចំណែក​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ ជាពិសេស​ជនពិការ​នៅ​កម្ពុជា អ្នកស្រី​បាន​នាំមក​នូវ​បច្ចេកទេស​ធ្វើ​ដំណាប់​ផ្លែឈើ​ពី​ប្រទេស​អូស្ត្រាលី មក​បើក​ជា​ក្រុមហ៊ុន​ផលិត​ដំណាប់​ផ្លែឈើ​ដំបូង​គេ​នៅ​កម្ពុជា។ ផ្លែឈើ​ទាំងនោះ​មានដូចជា ស្វាយ ម្នាស់ ចេក ល្ហុង ស្ពឺ និង​មើម​ខ្ញី​ជាដើម​ដែល​ផ្លែឈើ​ទាំងនេះ​សុទ្ធ​តែមាន​អត្ថប្រយោជន៍​សម្រាប់​សុខភាព។

ប្រធាន​ក្រុមហ៊ុន​ខាងលើ​បានឱ្យដឹង​ទៀតថា ផ្លែឈើ​ទាំងនេះ​ត្រូវបាន​ក្រុមហ៊ុន​ទទួល​មកពី​កសិករ​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ដូចជា​ខេត្តកំពង់ចាម កំពត កំពង់ស្ពឺ និង​ខេត្តកណ្តាល ក្រៅពីនេះ​ក្រុមហ៊ុន​ក៏បាន​ពង្រីក​ការដាំដុះ​ដើម​ស្វាយ​នៅ​លើដី​ផ្ទាល់ខ្លួន​ក្នុង​ខេត្តកណ្តាល​សម្រាប់​ផ្គត់ផ្គង់​ដោយ​ខ្លួនឯង ដែលមាន​ចំនួន​ជាង400ដើម។ បន្ទាប់ពី​ដំណើរការ​ផលិត​បានរ​យៈ​ពេល​ជិត10ឆ្នាំ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​ដាក់លក់​ផលិតផល​ដំណាប់​ទាំងអស់នោះ​នៅតាម​ទីផ្សារ​ជាច្រើន ទាំង​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត។

ទោះបីជា​យ៉ាងណា​ផលិតផល​ដំណាប់​ផ្លែឈើ​ទាំងនេះ មិនមាន​ដាក់លក់​នៅតាម​ទីផ្សារ​ទូទៅ​នោះទេ ដោយ​អតិថិជន​អា​ចរក​ទិញ​បាន​នៅតាម​ហាងទំនើបៗដូចជា ស៊ុប​ភើ​ម៉ា​ឃី​ត មី​នី​ម៉ា​ត ភោជនីយដ្ឋាន និង​ហាង​កាហ្វេទំនើបៗតែប៉ុណ្ណោះ។ ដោយមាន​ការទទួលស្គាល់​គុណភាព​ពី​ក្រុម​អ្នកពិនិត្យ​ម្ហូបអាហារ​នៅ​ប្រទេស​បារាំង​ផង​នោះ ក្រុមហ៊ុន​ក៏បាន​ពង្រីក​ការនាំ​ចេញទៅ​ក្រៅប្រទេស​មួយចំនួន​នៅ​អឺរ៉ុប អូស្ត្រាលី ណូ​វែ​ល​ហ្សេ​ឡង់ ជប៉ុន សិង្ហ​បុរី និង​កូរ៉េ ជាដើម។

ការអនុញ្ញាតឱ្យ​នាំចេញ​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស​ទាំងនេះ គឺ​ដោយសារ​ក្រុមហ៊ុន​មាន​បច្ចេកវិទ្យា​ផលិត​ស្របតាម​ស្តង់ដារ​អនាម័យ​ខ្ពស់ មានគុណ​ភាព​ដូច​ផ្លែឈើ​ស្រស់ ហើយ​ធានាបាន​នូវ​ការផលិត​ដែល​មិនមាន​ជាតិគីមី100%។ បច្ចុប្បន្ន​ក្នុង​មួយថ្ងៃ​ក្រុមហ៊ុន​ត្រូវ​ការទិញ​ផ្លែឈើ​ស្រស់​ពី​ប្រជាពលរដ្ឋ​ចំនួន​ចាប់ពី1តោន​ឡើងទៅ ដោយ​ផ្តល់​តម្លៃ​ដូច​ទីផ្សារ។ ចំណែក​ប្រភេទ​ដំណាប់​ផ្លែឈើ​ដែល​ត្រូវ​ផលិត គឺ​ភាគច្រើន​ធ្វើ​ទៅតាម​រដូវ​ប្រមូល​ផល មានន័យថា ខែ​ណា​សម្បូរ​ស្វាយ​ផលិត​ដំណាប់​ស្វាយ​ខែ​ណា​សម្បូរ​ម្នាស់​ត្រូវ​ផលិត​ដំណាប់​ម្នាស់។

ថ្វីបើ​ផ្លែឈើ​ស្រស់​គេ​ពុំ​អាច​រក្សាទុក​បានយូរ ប៉ុន្តែ​ក្រោយពី​ការកែច្នៃ​ឱ្យក្លាយ​ទៅជា​ដំណាប់​ផ្លែឈើ ឬ​ហៅថា​ផ្លែឈើ​ស​ម្ងួ​ត​នេះហើយ គេ​អាច​រក្សាទុក​បាន​រយៈពេល​ចាប់ពី 2ឆ្នាំ​ទៅដល់2ឆ្នាំកន្លះ ប៉ុន្តែ​ដើម្បីឱ្យ​កាន់តែ​ប្រសើរ​គេ​អាច​ទុក​វា​នៅ​កន្លែង​ដែលមាន​អាកាសធាតុ​ត្រជាក់​បង្គួរ។ បើ​និយាយ​ពី​បច្ចេកទេស​ផលិត​វិញ​គឺមាន​ម៉ាស៊ីន​កាត់​ផ្លែឈើ​ជា​បំណែកតូចៗ ម៉ាស៊ីន​ស​ម្ងួ​ត និង​មានការ​លាយ​បន្ថែម​រសជាតិ​ដោយ​អ្នកជំនាញ​ឆ្លងកាត់​ការបណ្តុះបណ្តាល​មកពី​ក្រៅប្រទេស​ថែមទៀត​ផង។

លោកស្រី Marion Fromm បញ្ជាក់ថា មកទល់ពេលនេះ​តាម​ការកត់សម្គាល់​រប​ស់​ក្រុមហ៊ុន បន្ទាប់ពី​បានទទួល​ទិញ​ផ្លែឈើ​ផ្ទាល់​ពី​កសិករ​ឃើញថា ពួកគេ​សុទ្ធ​តែមាន​ជីវភាព​ប្រសើរ​ជាង​មុន ដោយ​ពីមុន​ពួកគាត់​ធ្វើស្រែ​បានតែ​មួយ​រដូវ​ក្នុង​មួយឆ្នាំ ហើយ​នៅពេល​ទំនេរ​មាន​មួយចំនួន​ធ្វើ​ចំណាកស្រុក​ប៉ុន្តែ​ពេលនេះ​ពួកគាត់​អាច​នៅផ្ទះ​ជួបជុំ​គ្រួសារ​ដោយមាន​ជីវភាព​រឹតតែ​ប្រសើរ តាមរយៈ​ការដាំដុះ​ដំណាំ​អនុផល​បន្ថែម៕

Advertisement