សាលា​រាជធានី​គ្រោង​ចំណាយ 24លាន​ដុល្លា រ​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី1ទៀត

ភ្នំពេញ៖ ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍​ដែល​កើតមាន​ជាអន្លើៗស្ទើរ​រៀងរាល់​ថ្ងៃនោះ សាលា​រាជធានី​បាន​ត្រៀម​ទឹកប្រាក់​ប្រមាណ​ជា24លាន​ដុល្លារ​សម្រាប់​សាងសង់​ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី​ថ្មី​មួយទៀត​នៅ​ចំណុច​រង្វង់​មូល​ចោមចៅ ភាគ​ខាងលិច​រាជធានី​ភ្នំពេញ។

លោក សេង ត្រៃ អ្នករត់​រ៉ឺម៉ក​កង់​បី​នៅ​ចំណុច​ផ្សារ​ជម្ពូ​វ័ន ជិត​រង្វង់​មូល​ចោមចៅ​បានឱ្យដឹងថា លោក​តែងតែ​ដឹក​ភ្ញៀវ​ឆ្លងកាត់​ទៅមក​លើផ្លូវ​ជាតិ​លេខ4 ដែលជា​ផ្លូវ​សេដ្ឋកិច្ច​សំខាន់​ជាងគេ​របស់​កម្ពុជា ហើយ​ផ្លូវ​នេះ​មានការ​កកស្ទះ​ជាអន្លើៗស្ទើរតែ​រាល់ថ្ងៃ​ចាប់ពី​រង្វង់​មូល​ចោមចៅ រហូតដល់​ចំណុច​អូ​ដឹ​ម ខណ្ឌ​ពោធិ​សែន​ជ័យ ដោយសារ​មាន​រថយន្តធំៗឆ្លងកាត់​ច្រើន គួបផ្សំ​និង​ផ្លូវ​ខូចខាត​ស្ទើរ​ទាំងស្រុង និង​មានទឹក​លិច​ជាប្រចាំ​ពេល​មេឃ​ភ្លៀង​ខ្លាំងម្តង។

ដើម្បី​រំដោះ​ការកកស្ទះ​នេះ សាលា​រាជធានី​បាន​បញ្ចេញ​ថវិកា​ប្រមាណ​ជា24លាន​ដុល្លារ អាមេរិក​ដើម្បី​ត្រៀម​សាងសង់​ស្ពាន និង​ផ្លូវ​ក្រោម​ដី​ចំណុច​រង្វង់​មូល​ចោមចៅ នៅក្នុង​ឆ្នាំ2018ខាងមុខឆាប់ៗនេះ។ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​ឱ្យដឹងថា សាលា​រាជធានី​ភ្នំពេញ​នឹង​សាងសង់​ស្ពាន​អាកាស​ថ្មី​មួយ​ខ្សែ និង​ធ្វើ​ផ្លូវ​ក្រោម​ដី​មួយ​ខ្សែ​ទៀត​នៅ​តំបន់​ចំណុចប្រសព្វ​រង្វង់​មូល​ចោមចៅ​ដែល​កំពុងមាន​បញ្ហា​កកស្ទះ​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ​ដែល​ក្រុមហ៊ុន OCIC ជា​អ្នកទទួលបន្ទុក​ក្នុងការ​សាងសង់។

ចំណែក​ប្លង់​ស្ពាន និង​ផ្លូវ​ក្រោម​ដី​នេះ​នឹង​បញ្ចប់​នៅ​រយៈពេល2ខែ​ខាងមុខនេះ ហើយ​គម្រោង​នេះ​មាន​ភាព​ស្រដៀង ឬ​ដូចគ្នា​តែម្ដង​នឹង​ស្ពាន​អាកាស​នៅ​ស្ទឹងមានជ័យ​ដែរ​ដោយ​គ្រោង​ចំណាយ​ទឹកប្រាក់​សាងសង់​ប្រមាណ24លាន​ដុល្លារ​អាមេរិក ជា​ថវិកា​ចំណាយ​របស់​សាលា​រាជធានី។ គម្រោង​នេះ​គ្រោង​បញ្ចប់​ក្នុង​រយៈពេល​ប្រមាណ2ឆ្នាំ ឬ​ប្រហែល24ខែ។

ជាមួយ​ដំណឹង​នៃ​ការសាងសង់​ផ្លូវ​ក្រោម​ដី និង​ស្ពាន​អាកាស​ថ្មី​នេះ ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ4 ជា​រៀងរាល់ថ្ងៃ បាន​សម្តែង​ការ​ត្រេកអរ​ដោយ​សង្ឃឹមថា ក្រោយពេល​ស្ពាន​ក៏ដូចជា​ផ្លូវ​ក្រោម​ដី​បាន​សាង់សង់​ចប់​រួចរាល់​នោះ វា​នឹង​អាច​បញ្ចៀស​ការកកស្ទះ និង​អាច​ចំណេញ​ពេលវេលា​ក្នុងការ​ធ្វើដំណើរផ្សេងៗទៀតផង៕

Advertisement