ខេត្ត​ព្រះសីហនុ​នឹង​ចងសម្ព័ន្ធ​មេត្រីភាព​ជាប​ង​ប្អូន​ជាមួយ​ខេត្ត​ស៊ី​ឈាន់​ប្រទេស​ចិន

ក្នុង​គោលដៅ​ទាក់ទាញ​ភ្ញៀវទេសចរ​ចិន​ឱ្យ​ចូលមក​ទស្សនា​តំបន់​មាត់សមុទ្រ​កម្ពុជា​ឱ្យបាន​កាន់តែច្រើន រដ្ឋបាលខេត្ត​ព្រះសីហនុ និង​ក្រសួងទេសចរណ៍​កម្ពុជា​គ្រោង​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​ទីក្រុង​សម្ព័ន្ធភាព (Sisters City) ជាមួយ​រដ្ឋបាល​ក្រុង​ឈិន​ទូ នៃ​ខេត្ត​ស៊ី​ឈាន់ ប្រទេស​ចិន​នាពេល​ដ៏​ខ្លី​ខាងមុខ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ មានប្រសាសន៍ថា «គម្រោង​ចុះ​អនុស្សរណៈ​ខាងលើ​ជាការ​នាំទៅដល់​ការសម្រេច​គោលដៅ​កម្ពុជា​ទទួលបាន​ទេសច​រ​ចិន​ចំនួន2លាន​នាក់​នៅ​ឆ្នាំ2020ខាងមុខ»។ ឯកឧត្តម​មានប្រសាសន៍​ថា ចំពោះ​ផែនការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​ដោយ​គ្រប់​ជ្រុងជ្រោយ​ប្រកបដោយ​ការប្រុងប្រយ័ត្ន និង​ការទទួលខុសត្រូវ​ទាំង​ការអភិវឌ្ឍ​ផលិតផល​ទេសចរណ៍ និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ជំនាញ ព្រមជាមួយ​ការបណ្តុះបណ្តាល​ទាំង​ភាសា​ចិន​ដែល​ត្រូវធ្វើ​ព្រម​គ្នា​គឺ​ដើម្បី​ធានាឱ្យមាន​ការអភិវឌ្ឍ​មួយ​ប្រកបដោយ​និរន្តរភាព និង​ការទទួលខុសត្រូវ។

ជាមួយនឹង​កំណើន​ប្រមាណ 15% នៃ​ទេសចរ​អន្តរជាតិ​ជាង55ម៉ឺន​នាក់ ទៅកាន់​នៅ​តំបន់ឆ្នេរ​ក្នុង​រយៈពេល9ខែ ដើមឆ្នាំ2017នេះ តាម​ការសិក្សា​របស់​ក្រសួងទេសចរណ៍​បច្ចុប្បន្ន​នៅ​ខេត្ត​ព្រះសីហនុ​នៅមាន​ការខ្វះខាត​ជាសំខាន់​នូវ​ផលិតផល​ទេសចរណ៍ និង​ធនធានមនុស្ស​ផ្នែក​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍។ ឯកឧត្តម​បាន​គូសបញ្ជាក់ថា «ការអភិវឌ្ឍ​នៅ​ខេត្ត​ព្រះសីហនុ​នៅមាន​ភាព​ក្មេងខ្ចី​នៅឡើយ ខណៈ​វិស័យ​ទេសចរណ៍​មានការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​ក្រៅពី​ផលិតផល​ទេសចរណ៍​ដ៏​ទាក់ទាញ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ហើយ យើង​ក៏​នៅ​ខ្វះ​ធនធានមនុស្ស​ដែរ»។

ជាមួយ​លោក Yu Wei ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​សភា​តំណាង​ប្រជាជន​ទីក្រុង​ឈិន​ទូ និង​ជា​ប្រធាន​គណៈប្រតិភូ​ទីក្រុង​ឈិន​ទូ​បានបង្ហាញ​ចំណាប់អារម្មណ៍ និង​កោតសរសើរ​កម្ពុជា​ចំពោះ​ការអភិវឌ្ឍ​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ជារួម និង​ដោយឡែក​សក្តានុពល​ទេសចរណ៍វប្បធម៌​ប្រវត្តិសាស្ត្រ និង​សក្តានុពល​ទេសចរណ៍ធម្មជាតិ ប្រកបដោយ​ភាព​ទាក់ទាញ ពិសេស​អ្វីដែល​កម្ពុជា​ខិតខំ​ធ្វើ​សព្វថ្ងៃ ក្នុងការ​ត្រៀម​ទទួល​ទេសចរ​ចិន​នៅ​ប៉ូល​ទេសចរណ៍ធំៗទាំង4 ក៏ដូចជា​នៅ​តំបន់ឆ្នេរ​សមុទ្រ​ដែរ។

លោក Yu Wei បាន​បញ្ជាក់ថា«នៅក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី1របស់លោក និង​ប្រតិភូ​ក៏​នឹងមាន​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​ទីក្រុង​សម្ព័ន្ធភាព (Sisters City) រវាង​ទីក្រុង​ឈិន​ទូ នៃ​ខេត្ត​ស៊ី​ឈាន់ ជាមួយ​ខេត្ត​ព្រះសីហនុ​ផងដែរ»។ កន្លងមក​ទីក្រុង​ឈិន​ទូ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​ទីក្រុង​សម្ព័ន្ធភាព (Sisters City)ជាមួយ​រាជធានី​ភ្នំពេញ​ផងដែរ។

ដោយ​មើលឃើញ​ពី​សក្តានុពល​ដ៏​ធំ​របស់​ខេត្ត​ស៊ី​ឈាន់ និង​បទពិសោធ​ក្នុងការ​រៀបចំ​ផែនការ​គ្រប់គ្រង​ច្បាស់លាស់​នៅ​គ្រប់​ខេត្ត​ទាំងអស់​នៅ​ចិន​ជារួម និង​ដោយឡែក​នៅ​ខេត្ត​ស៊ី​ឈាន់ លោក​រដ្ឋមន្ត្រី ថោង ខុន និង​លោក Yu Wei ក៏បាន​បង្ហាញ​គោលជំហរ​ក្នុង​ការសហការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​នៃ​ប្រទេស​ទាំងពីរ ដើម្បី​ជំរុញ​ការផ្លាស់ប្តូរ​ទេសចរ និង​ទាក់ទាញ​វិនិយោគិន​ចិន​ពី​ខេត្ត​ស៊ី​ឈាន់ មក​វិនិយោគ​នៅក្នុង​ប៉ូល​ទេសចរណ៍ធំៗ នៅ​ទីក្រុង​ភ្នំពេញ​តំបន់​សៀមរាប-អង្គរ និង​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា ពិសេស​ការហោះហើរ​ត្រង់​រវាង​ទីក្រុង​ឈិន​ទូ-ខេត្ត​ព្រះសីហនុ៕

Advertisement