Buffon ជំរុញ​អ៊ីតាលី កុំ​ឲ្យ​ភិតភ័យ​ពេល​ប៉ះ ស៊ុយអែត រាត្រី​នេះ

អ្នកចាំទី Gianluigi Buffon បាន​បញ្ជាក់ថា ក្រុមបាល់ទាត់​ជម្រើសជាតិ​អ៊ីតាលី មិនត្រូវ​ស្លន់ស្លោ​ឡើយ ខណៈដែល​ពួកគេ​នឹងត្រូវ​ប្រជែង​គេច​ឲ្យ​ផុតពី​ការ​អវត្តមាន​ក្នុង​យុទ្ធនាការ World Cup ជា​លើក​ទី1ក្នុង​រយៈពេល60ឆ្នាំ ក្រោយពី​ការរង​បរាជ័យ 1-0 ក្រោម​ស្នាដៃ​ក្រុម​ជម្រើសជាតិ​ស៊ុយអែត ក្នុង​ជើង​ទី1នៃ​វគ្គ Playoff បានធ្វើ​ឲ្យ​ពួកគេ​ស្ថិត​យ៉ាង​ប្រកៀក​ក្នុងការ​ធ្លាក់​ចេញ។

ប្រធាន​ក្រុម Buffon ដែល​កំពុងតែ​សម្លឹង​រក​ការបង្ហាញ​ខ្លួន​ក្នុង​យុទ្ធនាការ World Cup ជុំ​ផ្តាច់ព្រ័ត្រ ជា​លើក​ទី6 របស់ខ្លួន​នៅ​រុស្ស៊ី​នោះ គឺជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ដែល​នៅតែមាន​វត្តមាន​ពី​ក្រុម​ដែល​បានឈ្នះ​ពាន World Cup ឆ្នាំ2006។ ប៉ុន្តែ ទម្រង់​លេង​របស់​ក្រុម​ដែលមាន​រហស្សនាម​ថា Azzurri មួយ​នេះ ត្រូវបាន​ចាត់ទុកថា ជា​ទម្រង់​លេង​មួយ​ដ៏​អន់ និង​មិន​ច្បាស់លាស់​ដែល​ធ្វើ​ឲ្យ​អ៊ីតាលី ត្រូវតែ​ធ្វើ​ឲ្យ​បានល្អ​ក្នុងការ​ប្រកួត​ជើង​ទី2នៅ​រាត្រី​នេះ ក្នុង​ទីក្រុង Milan ដើម្បី​គេច​ឲ្យ​ផុតពី​ការខកខាន​ក្នុងការ​ឈ្នះ​កៅអី​ទៅលេង​ក្នុង​យុទ្ធនាការ World Cup ជុំ​ផ្តាច់ព្រ័ត្រ ជា​លើក​ទី​ដំបូង​បើ​គិត​ចាប់តាំងពី​ឆ្នាំ1958មក។ Buffon ដែល​បាន​បណ្តោយ​ឲ្យ​មាន​គ្រាប់​បាល់​ចូល​ទី​របស់ខ្លួន​ពី​ការ​ស៊ុត​របស់​កីឡាករ​បម្រុង Jakob Johansson នៃ​ក្រុម​ស៊ុយអែត​ក្រោយពី​ប្លាត​ចេញពី​ជើង​របស់​ខ្សែការពារ  Daniele De Rossi នោះ បាន​និយាយថា៖ «យើង​ត្រូវតែមាន​អារម្មណ៍ល្អ​តាម​ដែល​អាច​ធ្វើបាន​ក្នុងការ​ទៅកាន់ World Cup»។ អ្នកចាំទី​ចាស់វស្សា​រូបនេះ​បាន​ប្រាប់​បន្តថា៖ «យើង​ដឹងថា យើង​បាន​រង​បរាជ័យ ប៉ុន្តែ យើង​មាន​រយៈពេល90នាទី​ផ្សេងទៀត​ក្នុងការ​ជម្នះ​លើ​ស្ថានភាព​ដ៏​ស្មុគស្មាញ​នេះ។ គោលការណ៍​ទី1 គឺ​មិនត្រូវ​មានការ​ស្លន់ស្លោ​ឡើយ»។

Buffon បាន​បន្ថែមទៀតថា៖ «ខ្ញុំ​រំពឹងទុក​ថា អ្នកគាំទ្រ​ដ៏​ច្រើន​កុះករ​នៅ​កីឡដ្ឋាន San Siro នឹង​ជួយ​ឲ្យ​ក្រុម​យើង​បាន​ទៅ​វគ្គ​បន្ត។ ខ្ញុំ​គិតថា វា​មិនមែនជា​ការប្រកួត​ដ៏​សំខាន់បំផុត​ប្រចាំជីវិត​ឡើយ ប៉ុន្តែ ខ្ញុំ​ជឿជាក់ថា យើង​នឹង​ធ្វើបាន ក្រោម​ជំនួយ​ពី​អ្នកគាំទ្រ»។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង2:45ទៀបភ្លឺ៕

ប្រភពពី៖ Daily Stars

Advertisement