កម្ពុជា​រំពឹង​ទទួលបាន​ទេសចរ​ជប៉ុន 30ម៉ឺន​នាក់ នៅ​ឆ្នាំ 2020

នៅ​ខែមករា ឆ្នាំ2018 ខាងមុខនេះ ជប៉ុន​គ្រោង​នឹង​បើក​ស្ថាន​កុងស៊ុល​របស់ខ្លួន​ប្រចាំ​នៅ​ខេត្តសៀមរាប ដើម្បី​សម្រួល និង​ពង្រឹង​បន្ថែម​នូវ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​កម្ពុជា-ជប៉ុន និង​បង្កើន​កំណើន​ភ្ញៀវទេសចរ​ជប៉ុន​មកកាន់​កម្ពុជា។

ឯកឧត្ដម​ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ បានលើកឡើង​ក្នុង​ពិធី​បើក​ពិព័រណ៍​ទេសចរណ៍​ជប៉ុន​លើកដំបូង នឹង​ការ​ប្រារព្ធ​ខួប1ឆ្នាំ​នៃ​ការហោះហើរ​ត្រង់​មកកាន់​កម្ពុជា​របស់​ក្រុមហ៊ុន​អាកាសចរណ៍ ANA ថា តាមរយៈ​លទ្ធផល​ជោគជ័យ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ទៅកាន់​ប្រទេស​ជប៉ុន​កាលពីពេល​កន្លងទៅ កាន់តែ​ធ្វើឱ្យ​ជប៉ុន​ក្លាយជា​ដៃគូ​វិនិយោគ​ពាណិជ្ជកម្ម ទេសចរណ៍ និង​ជា​ម្ចាស់ជំនួយ​ដ៏​ធំ​មួយ​សម្រាប់​កម្ពុជា។

រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍​បន្ដថា នៅក្នុង​ឆ្នាំ 2016 កន្លងមក​វិនិយោគទុន​ជប៉ុន​នៅ​កម្ពុជា​បាន​កើន​ឡើងដល់​ចំនួន​ជាង 800 លាន​ដុល្លារ ដែល​អាច​បង្ហាញឱ្យឃើញ​ពី​ចំណុច​វិជ្ជមាន និង​ការជឿជាក់​យ៉ាង​មុតមាំ​ថា ប្រទេស​ទាំងពីរ​នឹង​នៅតែ​បន្ត​រួមគ្នា​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ដ៏​ល្អ​នាពេល​អនាគត​ប្រកបដោយ​ភាពជឿ​ទុកចិត្ត​គ្នា។

ឯកឧត្ដម​ថោង ខុន បាន​បន្ដថា នៅ​ឆ្នាំ 2016 កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ​ជាង5លាន​នាក់ ក្នុងនោះ​ទេសចរ​ជប៉ុន​មក​កម្ពុ​ជាមាន​ចំនួន​ជាង19ម៉ឺន​នាក់។ តាម​ការ​ព្យាករ​កម្ពុជា​នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិប្រមាណ 5.6លាន​នាក់​នៅ​ឆ្នាំ 2017 នេះ និង​ប្រមាណ 7លាន​នាក់​នៅ​ឆ្នាំ 2020 ក្នុងនោះ​កម្ពុជា​សង្ឃឹមថា នឹង​រៀបចំ​ឱ្យមាន​ការទាក់ទាញ​ដើម្បី​ទទួលបាន​ភ្ញៀវទេសចរ​ជប៉ុន​ប្រមាណ 30ម៉ឺន​នាក់​នៅ​ឆ្នាំ2020។ រយៈពេល 9ខែ​នៃ​ឆ្នាំ2017 នេះ យើង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិ​ជាង 3.9លាន​នាក់​ក្នុង​កំណើន 11.5% ក្នុងនោះ​ទេសចរ​ជប៉ុន​មាន​ចំនួន​ជាង14ម៉ឺន 6ពាន់​នាក់ ស្ថិតក្នុង​កំណើន6.8% ។

រដ្ឋ​ម​ន្រី្ដ​ក្រសួងទេសចរណ៍ ថោង ខុន បាន​បញ្ជាក់ថា កំណើន​ដ៏​ល្អ​នៃ​ការមកដល់​របស់​ទេស​ចរ​អន្តរជាតិ ពិសេស​កំណើន​នៃ​ទេសចរ​ជប៉ុន​មក​ទស្សនា​កម្ពុជា គឺ​ពិតជា​មិនអាច​កាត់ផ្តាច់​ចេញពី​ការបង្កើន​ការតភ្ជាប់ និង​ការសម្រួល​ការធ្វើដំណើរ​រវាង​ប្រទេស​ទាំងពីរ​បានឡើយ ដូច្នេះ​ការហោះហើរ​ដោយ​ត្រង់​ពី​ជប៉ុន​មកកាន់​កម្ពុជា​រយៈពេល1ឆ្នាំ​តាមរយៈ​ក្រុមហ៊ុន​អាកាសចរណ៍ ANA គឺ​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​ក្នុង​ការជួយ​ជំរុញឱ្យមាន​ការធ្វើដំណើ​រ​ត្រង់​ពី​ជប៉ុន​មក​កម្ពុជា​ដែលជា​ការចូលរួម ជំរុញ​កំណើន​ទេសចរ​ជប៉ុន​មកកាន់​កម្ពុជា​ផងដែរ៕

Advertisement