ផែនការ​ចំណាយ​ថវិកាជាតិ​កើនឡើង​ខ្ពស់ ខណៈ ​IMF ព្រមាន​ពី​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា

ភ្នំពេញ៖ សម្រាប់​ឆ្នាំ2018 ចំណាយ​សរុបថ​វិការ​ដ្ឋ ឬ​ចំណាយ​សរុប​ថវិកាជាតិ​ត្រូវបាន​រដ្ឋ​គ្រោង​ចំនួន 24,375,102 លាន​រៀល កើនឡើង​ប្រមាណ​ជា 24.59% នៃ​ផលិតផល​សរុប​ក្នុងស្រុក(ផសស) គឺមាន​កំណើន15,2% ធៀប​នឹង​ច្បាប់​ឆ្នាំ2017ដែលជា​ហេតុ​ធ្វើឱ្យ​ស្ថាប័ន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF)អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ត្រៀមខ្លួន​ទប់ស្កាត់​វិបត្តិ​ហិរញ្ញវត្ថុ​របស់ខ្លួន។

យោងតាម​សេចក្តីព្រាងច្បាប់​ថវិកាជាតិ​ឆ្នាំ2018 របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានឱ្យដឹងថា ចំណាយសំខាន់ៗរួមមានៈ

1.គឺ​ចំណាយ​លើ​ចរន្ត​ថវិការដ្ឋ​មាន​ចំនួន 15,945,218 លាន​រៀល​ស្មើនឹង16.09% នៃ​ផសស គឺមាន​កំណើន15.6% ធៀប​នឹង​ឆ្នាំ2017។

និង 2.ចំណាយ​មូលធន​ថវិការដ្ឋ​មាន​ចំនួន 8,429,684 លាន​រៀល​ត្រូវជា 8.5% នៃ​ផសស ដែលមាន​កំណើន14.6% ធៀប​នឹង​ច្បាប់​ឆ្នាំ2017។

របាយការណ៍​ដដែល​ប​ង្ហា​ញ​ថា ថវិកា​ឆ្នាំ2018មាន​ទិសដៅ​ប្រើប្រាស់​ជា​យុទ្ធសាស្ត្រ​កំណត់​ចំណាយ​ថវិកាជាតិ​ឱ្យ​ស្ថិតក្នុង​កម្រិត​ចំនួន 23,428,298 លាន​រៀល​ត្រូវជា23.64% នៃ​ផសស មាន​កំណើន16.1% ធៀប​នឹង​ឆ្នាំ2017 ដែល​ក្នុងនោះ​ចំណាយ​ចរន្ត​ថ្នាក់ជាតិ​មាន​ចំនួន 15.218.166 លាន​រៀល និង​ចំណាយ​មូលធន​ថ្នាក់ជាតិ​មាន​ចំនួន 8,210,132លាន​រៀល​ដែលជា​ថវិកា​ចំណាយ​ទៅលើ​ប្រាក់ខែ និង​ប្រាក់ឧបត្ថម្ភ​មន្ត្រីរាជការ។ ជារួម​នៅ​ឆ្នាំ2018 បៀវត្សរ៍​អប្បបរមា​របស់​មន្ត្រីរាជកា​រ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ​ត្រូវបាន​កើនឡើង​ជិត3ដង ធៀប​នឹង​ឆ្នាំ2013។

ជាមួយគ្នានេះ ថវិកា​នេះ​នឹងត្រូវ​បែង​ទៅលើ​ការចំណាយ​មិនមែន​បុគ្គលិក​ចំនួន 7,303,243 លាន​រៀល មាន​សមាមាត្រ​ស្មើនឹង 48% នៃ​ចំណាយ​ថវិកា​ថ្នាក់ជាតិ ត្រូវជា 7.37% នៃ​ផសស គឺមាន​កំណើន16.9% ធៀប​នឹង​ច្បាប់​ឆ្នាំ2017 ហើយ​បាន​វិភា​ជ​ដោយ​ផ្អែកលើ​តម្រូវការ និង​អាទិភាព​ចាំបាច់​លើ​វិស័យ​រដ្ឋ​នានា ដូចជា​រដ្ឋបាល​ទូទៅ វិស័យ​ការពារជាតិ សន្តិសុខ​សណ្តាប់ធ្នាប់ វិស័យ​សង្គមកិច្ច វិស័យសេដ្ឋកិច្ច។

និង​ការចំណាយ​អាទិភាព​មួយទៀត​គឺ ត្រូវបាន​គ្រោង​ចំនួន 8,210,132 លាន​រៀល មាន​សមាមាត្រ​ស្មើនឹង 35,0% នៃ​ចំណាយ​ថវិកា​ថ្នាក់ជាតិ​សរុប​ត្រូវជា 8.28% នៃ​ផសស គឺមាន​កំណើន 15.1% ធៀប​នឹង​ច្បាប់​ឆ្នាំ2017។ ចំណាយ​នេះ​មាន​គោលដៅ​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង/ ក្នុង​កម្មវិធី​វិស័យ​អាទិភាព ដោយ​ផ្តោតទៅលើ​ការ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច ការលើកកម្ពស់​ភាព​ប្រកួតប្រជែង និង​ផលិតភាព​សេដ្ឋកិច្ច។

ពាក់ព័ន្ធ​ទៅលើ​ការចំណាយ​ថវិការដ្ឋ​ខាងលើ ត្រូវបាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) កម្ពុជា​គួរ​ត្រៀមខ្លួន​ក្នុង​លក្ខខណ្ឌ​ដែល​ប្រឈម​នឹង​វិបត្តិ​ហិរញ្ញវត្ថុ ដោយសារ​កំណើនសេដ្ឋកិច្ច​ធ្លាក់ចុះ ដោយសារ​រដ្ឋាភិបាល​ក​ម្ពុ​ជា​បាន​ដំឡើង​ប្រាក់បៀវត្សរ៍​ដល់​មន្ត្រីរាជកា​រ និង​ការចំណាយ​សម្រាប់​ការរៀបចំ​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ-សង្កាត់​ក្នុង​ឆ្នាំ2017 បានធ្វើ​ឲ្យ​ចំណាយ​ខ្ពស់ជាង​ចំណូល។ ការចំណាយ​លើស​ប្រាក់ចំណូល ជាហេតុ​នាំឱ្យមាន​ឱនភាព​ប្រចាំឆ្នាំ​ធ្លាក់ចុះ ដោយសារ​ផលិតផល​ក្នុងស្រុក​សរុប GDP ក្នុង​ឆ្នាំ2016 ធ្លាក់ចុះ 2.8% បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន​គឺ​អត្រា1.6%។ បន្ថែម​ពីនេះ​គឺ​ដោយសារ​ការធ្លាក់ចុះ​នៃ​វិនិយោគិន​បរទេស។

ចំពោះ​ចំណូល​ក្នុងប្រទេស ថវិការដ្ឋ​ត្រូវបាន​គ្រោង​ចំនួន​តែ18,587,003លាន​រៀល​ចំណែក​ចំណាយ​សរុប​ថវិការដ្ឋ​ត្រូវ​គ្រោង​ដល់​ទៅ 24, 375,102លាន​រៀល​ដែល​បង្ហាញថា ចំណាយ​ធំ​ជាង​ចំណូល។ យ៉ាងណាក៏ដោយ​ក្រសួង​សេដ្ឋកិច្ច​អះអាងថា ការរៀបចំ​ថវិកា​ឆ្នាំ2018 ទោះបី​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម​នឹង​ហានិភ័យ​មួយចំនួន​ក្តី ក៏​បញ្ហា​ទាំងអស់​ត្រូវបាន​ដោះស្រាយ ហើយ​ថវិកា​ត្រូវបាន​វិភា​ជ​ជា​ឧបករណ៍​សម្រាប់​អាទិភាព​គោលនយោបាយ​សំខាន់​ជា​សារ​វ័​ន្ត៕

Advertisement